(ភ្នំពេញ)៖​ នារីម្នាក់បើករថយន្ត Lexus GS300 លឿនពេកជ្រុលចង្កួត បុករនាំងដែកបាក់ជិត២០ផ្ទាំង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូកង់បីពីរគ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ រួមទាំងដើមឈើមួយដើមទៀត ទើបរថយន្តអស់ល្បឿន។

ហេតុការណ៏នេះកើតឡើង កាលពីវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវលេខ២៣២ ក្នងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខាងជើងស្តុបពេទ្យចិន ប្រហែលហែល១០០ម៉ែត្រ។

អ្នកឃើញអ្នកឃើញហេតុការណ៏ផ្ទាល់បាននិយាយថា គេឃើញរថយន្ត Lexus GS300 មួយគ្រឿងពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7908 បើកបរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នងទិសដៅជើត្បូងទៅជើង ស្រាប់មកដល់ចំណុចកើត ក៏រថយន្តនោះរេចង្កូតឆ្វេងទៅបុក និងរនាំងដែកយ៉ាងពេញទំហឹងបណ្តាលឲ្យរនាំងដែក ចែកទ្រូងផ្លូវបាក់ខូចខាតជាង២០ផ្ទាំង ហើយរថយន្តនៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបន្ថែម និងម៉ូតូកង់៣ពីរគ្រឿងទៀត ដែលកំពុងចតចោលនៅចិញ្ចើមផ្លូវ រួមទាំងដើមឈើមួយដើមទៀត ទើបរថយន្តទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុនារីជាអ្នកបើកបរថយន្តបង្ក ក៏បើកទ្វារចុះចេញពីរថយន្តរបស់គេ គេចចេញទៅបាត់ស្រមោលតែម្តង ដោយគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណទេ។

រថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាលតាមផ្លូវច្បាប់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  រថយន្តដឹកទំនិញធុនធំមួយគ្រឿង សង្ស័យដឹកលើសទម្ងន់ ឡើងស្ពានអាកាស​ស្ទឹងមានជ័យ​មិនរួច រអិលបុករនាំង​ថ្មចែក​ទ្រូងផ្លូវ ។ គួររំលឹកផងដែរថា សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា កាលពីម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី០៧ ខែសីហា កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើស្ពានអាកាសស្ទឹងមានជ័យ បង្កឡើងដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលបង្កគ្រោះថ្នាក់នេះ ដោយសាររថយន្តដឹកទំនិញធ្ងន់ពេក មិនអាចឡើងស្ពានអាកាសស្ទឹងមានជ័យបាន ក៏រអិលថយក្រោយ បុកនឹងរបាំងទ្រូងផ្លូវតែម្តង។

យ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។ ចំណែកឯអ្នកបើកបររថយន្ត និងព្រូរថយន្ត បានគេចខ្លួនភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះ។

ក្រោយកើតហេតុនៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញបានចុះទៅរៀបចំសណ្តាប់ធ្នាប់ និងចាត់ការតាមនីតិវិធី។

ចំពោះករណីនេះ ប្រជាពលរដ្ឋបានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខូចខាតស្ពាន ផ្លូវ និងការបង្កគ្រោះថ្នាក់ជាយថាហេតុ ដែលអាចបង្កឡើងដោយរថយន្តដឹកទំនិញធុនធំ ផ្ទុកទំនិញលើសទម្ងន់នេះ។ ប្រជាពលរដ្ឋ បានសំណូមឲ្យសមត្ថកិច្ចជំនាញ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកឲ្យឃើញម្ចាស់រថយន្តដែលដឹកទំនិញនេះ មកទទួលទោសតាមច្បាប់៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]