រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បាត់​កូនស្រី​សំណព្វចិត្ត ដែល​មាន​អាយុ​ទើបតែ​១៦​ឆ្នាំ​ប៉ុណ្ណោះ មិនដឹង​ថា​នាង​កំពុង ស្ថិត​នៅ​កន្លែង​ណា​នោះ​ឡើយ ដោយ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​កូនស្រី​នោះ ទើប​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ គាត់​បាន​កាន់​ឱប​រូបថត​ កូនស្រី​បណ្ដើរ​យំ​បណ្ដើរ ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ នគរបាល​ជួយ​អន្តរាគមន៍ ស្វែងរក​កូនស្រី​គាត់​មក វិញ​ផង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​នោះ​ឈ្មោះ ហៀ​ង ចាន់​ណា អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្ដី​ឈ្មោះ គុយ ណាត អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ពួក​គាត់​មានកូន​ប្រុស​ម្នាក់​និង​កូនស្រី​ម្នាក់​។ ដោយឡែក​កូនស្រី​ ដែល​កំពុង​បាត់​ខ្លួន​នេះ​ឈ្មោះ ឈួ​ន ស្រី​នី​ត អាយុ​១៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​នាង​គឺជា​កូនច្បង​ផង​ដែរ​។ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​លឹ​ង្គ ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ស្ត្រី​ជា​ម្តាយ​ បាន​និយាយ​ថា កូនស្រី​របស់​គាត់​បាន​ចាក​ចេញពីផ្ទះ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ហើយ​បាន​ប្រាប់​គាត់​ថា ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​ផ្ទះ​មិត្តភក្ដិ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ថា ផ្ទះ​មិត្តភក្ដិ​នោះ​នៅ ភូមិ​ណា​កន្លែង​ណា​នោះ​ឡើយ ចំណែក​រូប​គាត់​ក៏​មិន​បាន​សួរនាំ​នាង ពី​ផ្ទះ​មិត្តភក្ដិ​នៅ​ទីណា​ដែរ​។ ព្រោះ​កន្លង មក​កូនស្រី​គាត់​មិន​ដែល​ដើរ​លេង​ទៅ​ណា​ឆ្ងាយ ហើយ​មិន​ដែល​ដើរ​បាត់​ពី​ផ្ទះ​ ដូច​ជា​ពេល​នេះ​ទេ លុះដល់​វេលា​យប់​មិនឃើញ​ ត្រឡប់​ទៅ​ផ្ទះ​វិញ​សោះ ហើយ​គាត់ និង​ប្ដី​បាន​តាម​រក​គ្រប់​ទីកន្លែងទាំង​យប់ ប៉ុន្តែ​មិន​បានឃើញ​ឡើយ​។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ ខែតុលា បាន​តាម​រក​ទៀត ហើយ​ក៏​នៅ​តែ​មិន​បានឃើញ​ដដែល ទើប​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល សម្រេចចិត្ត​ទៅ​ប្ដឹង​នគរ​បា​ឲ្យ​ ជួយ​ស្វែង​រកតែ​ម្ដង​។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ ពី​ការ​បាត់​កូនស្រី​នោះ នគរបាល​បាន​ប្រកាស​ឲ្យ​តាម​បណ្ដា​គោលដៅ​នានា ជួយ​ពិនិត្យ​មើល​ពី​ក្មេង​ស្រី​ ដែល​មាន​ភិនភាគ​ដូច​ខាងលើ​នោះ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​គោលដៅ​ណាមួយ បាន​ប្រទះ​ឃើញ​នៅឡើយ ហើយ​មិនដឹង​ថា​នាង​ទៅ​ដើរ​លេង​ ជាមួយ​មិត្តភក្ដិ​លង់ខ្លួន​ មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ វិញ​ខ្លាច​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ឬ​ក៏​មាន​គ្រោះថ្នាក់​អ្វី​ដោយ​ ប្រការ​ណាមួយ​នោះ​ទេ​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត គួរឲ្យអាណិត! ក្មេងប្រុស២នាក់ នាំគ្នាដើរថ្មើរជើងស្វែងរកឪពុក រង្វេងផ្លូវពីកំពង់ស្ពឺដល់ភ្នំពេញ។

នៅថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ មានក្មេងប្រុស២នាក់ ដែលជាកូនអ្នកកសិករ រស់នៅក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឯម្នាក់ទៀតគឺជាមិត្តភក្ដិ បានជូនគ្នា ដើម្បីតាមរកឪពុក ដោយពួកគេបាននាំគ្នា ធ្វើដំណើរដោយថ្មើរជើង តាំងពីផ្ទះមក ដល់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ បាននាំគ្នាឃាត់ឲ្យឈប់ ដើម្បីឲ្យនគរបាល ព្រោះខ្លាចមានគ្រោះថ្នាក់។

នគរបាលបានប្រាប់ឲ្យដឹងថា ក្មេងប្រុសទាំងពីរនាក់នោះម្នាក់ឈ្មោះ ហៀង ចិត្រ្តា អាយុ១១ឆ្នាំ មានឪពុកឈ្មោះ សាល មុខរបរស៊ីឈ្នួលឃ្វាលក្របីឲ្យគេ និង ម្ដាយឈ្មោះ ហេង មុខរបរកសិករ មានទីលំក្នុងនៅភូមិ តាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមិត្តភក្ដិម្នាក់ទៀតឈ្មោះ ជឿន សុខគីម អាយុ១០ឆ្នាំ ឪពុកឈ្មោះ ស្នា និងម្ដាយឈ្មោះ ផល ដែលជាកសិករ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ។ ពួកគេបានធ្វើ ដំណើរចេញពីផ្ទះ ដោយមិនមានអ្វីជិះនោះទេ គឺដើរដោយជើងរហូត ដោយនឹកស្មានថា បានជួបឪពុក មិននឹកស្មានថា ត្រូវវង្វេងបែបនេះឡើយ ។

នគរបាលបានបន្តថា ពួកគេទាំង២នេះបានវង្វេងផ្លូវ រកឪពុកមិនឃើញឡើយ ពួកគេបាននាំគ្នាដើរត្រសែតអណ្ដែត គ្មានគោលដៅនិងគ្មានបាយគ្មានទឹកហូបឡើយ គឺដើរតាំងពីព្រឹករហូតដល់ យប់ជ្រៅក៏នៅតែរកឪពុកមិនឃើញទៀត ប៉ុន្តែសំណាងល្អបានជួប ប្រជាពលរដ្ឋ ឃើញគួរឲ្យអាណិត ក៏បានឃាត់ឲ្យឈប់ នាំទៅប្រគល់ឲ្យមេភូមិ និងត្រូវបានលោកមេភូមិផ្ដល់បាយទឹក និងទីកន្លែងដេកបានមួយយប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]