រុស្ស៊ី៖ កន្លែងដែលមានមនុស្សរស់នៅបាន តែត្រជាក់បំផុតលើផែនដី គឺភូមិតូចមួយក្នុងតំបន់វាលទំនាបស៊ីបេរី ដែលគេហៅ Oymyakon ជាកន្លែងដែលមានកំណត់ត្រាសីតុណ្ហភាពចុះទាបបំផុតដល់ ដក៦៧អង្សា (៩០ អង្សាហ្វារិនហៃ)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។

ប្រភពព័ត៌មានបន្តថា សីតុណ្ហភាពនៅក្នុងរដូវរងា ជាមធ្យមគឺនៅក្នុងចន្លោះ ដក៥០អង្សាសេ (ដក ៥៨ អង្សាហ្វារិនហៃ) តែនៅក្នុង Oymyakon នេះប៉ុណ្ណោះ របស់ទីក្រុង Yakutsk ហើយមានមនុស្សប្រមាណត្រឹមតែ ៥០០ នាក់ប៉ុណ្ណោះ ដែលមិនខ្លាចភាពត្រជាក់ ហ៊ានរស់នៅទីនេះ។ 

អ្នកថតរូបម្នាក់ ឈ្មោះ Amos Chapple មកពីប្រទេសនូវែសេឡង់ បានចំណាយពេល២ថ្ងៃ មកលេងភូមិរបស់ប្រទេសរុស្ស៊ីមួយនេះ និងបានទទួលបទពិសោធន៍ឈឺចាប់ភ្លាមៗ ដែលបណ្តាលមកពីអាកាសធាតុត្រជាក់ខ្លាំងនៅទីនេះ។ លោកបាននិយាយថា "ខ្ញុំស្លៀកខោស្តើង នៅពេលដែលខ្ញុំបានដើរចេញមកក្រៅជាលើកដំបូង ក្រោមអាកាសធាតុ ដក៤៧ អង្សា (ដក ៥២ អង្សាហ្វារិនហៃ)"។

Amos Chapple បន្ត ថា "ខ្ញុំចាំបានថា ពេលនោះខ្ញុំមានអារម្មណ៍ថាអាកាសធាតុត្រជាក់ធ្វើឱ្យជើងខ្ញុំរឹងដើរមិនរួច ហើយរឿងគួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ ទឹកមាត់របស់ខ្ញុំបានកករឹងដូចម្ជុល ដែលអាចចាក់បបូរមាត់ខ្ញុំបាន"។

គួរបញ្ជាក់ថា លោក Amos Chapple បានធ្វើដំណើរមកភូមិនេះបន្ទាប់ពីបានធ្វើដំណើរមកដល់ទីក្រុង Yakutsk របស់រុស្ស៊ី ដែលជាទីក្រុងត្រជាក់បំផុតលើលោក ក្នុងគោលបំណងដើម្បីចងក្រងឯកសារពីជីវិតរស់នៅរបស់ប្រជាជននៅក្នុងតំបន់នេះ ដែលអាចរស់នៅក្រោមអាកាសធាតុត្រជាក់បំផុតបាន។ 

ដោយសារតែនៅលើផ្ទៃដីតែងតែមានទឹកកក កកជាប់ជានិច្ច ផ្ទះនីមួយៗតែងតែមានបន្ទប់ទឹកក្តៅ ហើយបន្ទប់ទឹកគឺស្ថិតនៅខាងក្រៅផ្ទះ។ រីឯឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ដូចជាទូរស័ព្ទ និងរថយន្ត ត្រូវបានទុកដាក់នៅក្នុងផ្ទះ និងកន្លែងដាក់រថយន្ត ដែលមានដំបូលបិទជិត ដើម្បីបញ្ជៀសការខូចខាត ដោយភាពត្រជាក់។

ជាធម្មតាអ្នករស់នៅទីនោះ មិនសូវចំណាយពេលនៅខាងក្រៅយូរនោះទេ ដើម្បីចៀសវាងពីអាកាសធាតុត្រជាក់ ហើយជាញឹកញាប់ នៅខាងក្រៅគឺមានសភាពងងឹត និងជាទីវាល  ដោយនៅក្នុងរដូវរងារមានពន្លឺព្រះអាទិត្យតែ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]