អូស្ត្រាលី៖ Afghan Hound ជាប្រភេទសុនខ ដែលមានកម្ពស់ខ្ពស់ ហើយពូជរបស់វា ជាទូទៅមានរោមច្រើននៅលើដងខ្លួន ដែលសព្វថ្ងៃ សុនខប្រភេទនេះភាគច្រើន ត្រូវបានគេយកមកឲ្យសម្តែង ឬបង្ហាញម៉ូតជាដើម។

ដោយឡែក ក្រឡេកមកមើលសុនខមួយក្បាលនេះវិញ សង្កេតឃើញថា ទម្រង់ និងដងខ្លួនរបស់វាមានសណ្ឋានប្លែកបន្តិចពីសុនខដ៏ទៃទៀត ដោយខ្លួនប្រាណទាំងមូលពោរពេញទៅដោយ រោមធ្លាក់ដល់ដី ហើយមានសភាពទន់រលោងដូចសក់មនុស្សអ៊ីចឹង ហើយបច្ចុប្បន្នក៏កំពុងទទួលបានការចាប់អារម្មណ៍ និងល្បីនៅក្នុងបណ្តាញសង្គមផងដែរ។ 

សុនខមួយក្បាលនេះមានឈ្មោះ Tea អាយុទើបតែ៥ឆ្នាំទេ ប៉ុន្តែរូបថតរបស់វាត្រូវបានគេចែកចាយដល់ទៅ១លានដង នៅក្នុងបណ្តាញសង្គម ក្រោយពីបង្ហោះត្រឹមតែរយៈពេញមួយយប់ប៉ុណ្ណោះ។

បន្ទាប់ពីរូបថតរបស់ Tea កំពុងតែទទួលបានការចាប់អារម្មណ៍បែបនេះ ម្ចាស់របស់វា ឈ្មោះ Luke បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំមិនដែលគិតថា Tea ទទួលបានការចាប់អារម្មណ៍ច្រើនយ៉ាងនេះទេ»

Luke បានបន្ថែមឲ្យដឹងទៀតថា «ខ្ញុំគិតថា មហាជនដែលលេងបណ្តាញសង្គម ប្រហែលជាចាប់អារម្មណ៍ទៅលើរូបនេះ ក៏ព្រោះតែទឹកមុខរបស់ Tea និងរោមដ៏វែងអន្លាយរបស់វាហើយ»

គួរបញ្ជាក់ផងដែរថា Tea គឺជាប្រភេទឆ្កែរោមច្រើន (Afghan Hound) រស់នៅក្នុងទីក្រុងស៊ីដនី ហើយមិនថែមតែប៉ុណ្ណោះ វាធ្លាប់ត្រូវបានគេយកមកបង្ហាញម៉ូត នៅក្នុងកម្មវិធីទៀតផង៕  

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កូនប្រុសមហាសេដ្ឋីចិន ទិញទូរស័ព្ទ iPhone 7 ឲ្យឆ្កែជាទីស្រលាញ់របស់ខ្លួន តម្លៃរាប់ពាន់ដុល្លារ ។ គួររំលឹកផងដែរថា កូនប្រុសមហាសេដ្ឋីនៅចិន ដែលនិយមចាយលុយមិនសំចៃដៃ ចូលក្លឹប ខារ៉ាអូខេ ម្តងៗចំណាយអស់ប្រាក់ រាប់ម៉ឺនរាប់សែនដុល្លារ ខណៈពេលកន្លងទៅនេះកាន់តែធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានចំណាយលុយអស់មិនស្ទើរ ទិញទូរស័ព្ទ iPhone 7 ៨គ្រឿង ឲ្យសត្វឆ្កែជាទីស្រលាញ់របស់ខ្លួន ដេកអោបលេងធ្វើរំភើយ។

CoCo អាចចាត់ទុកថាជា ឆ្កែដែលមានសំណាង ជាងគេបំផុតក្នុងពិភពលោក ដែលបានមករស់នៅជាមួយនឹងលោក Wang Sicong គឺកូនប្រុសតែម្នាក់គត់ របស់មហាសេដ្ឋីចិនមួយរូបគឺលោក Wang Jianlin ដែលមានទ្រព្យរហូតដល់ទៅ ៣០ពាន់លាន ដុល្លារអាមេរិក ហើយថែមទាំងទទួលបានការស្រលាញ់ បីប៉មថ្នាក់ថ្នម យ៉ាងយកចិត្តទុកដាក់ថែមទៀតផង។

ជាក់ស្តែង កាលពីពេលកន្លងទៅនេះ រូបភាពរបស់ឆ្កែដ៏មានសំណាង CoCo នេះ ត្រូវបានបង្ហោះចែកចាយព្រោងព្រាត លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញឲ្យឃើញទូរស័ព្ទដៃស៊េរីទំនើប iPhone 7 ដាក់តម្រៀបគរៗលើគ្នាចំនួន៨ប្រអប់ ហើយគេជឿជាក់ថាក្នុងទូរស័ព្ទ iPhone 7 មួយមានតម្លៃប្រមាណជាង ១ពាន់ដុល្លារផងដែរ។

តាមរយៈរូបភាពមួយចំនួន ត្រូវបានគេជឿជាក់ថា បង្ហោះដោយលោក Wang Sicong ដែលជាម្ចាស់ឆ្កែនេះតែម្តង ចូលទៅក្នុងគណនីសង្គម Weibo របស់លោក ដែលមានអ្នកចំនួនអ្នក Follow លើគណនី រហូតដល់ទៅជាង ១,៩លាននាក់ឯណោះ កាលពីរសៀលថ្ងៃទី១៦ កញ្ញា កន្លងទៅ ពោលគឺថ្ងៃដែលទូរស័ព្ទ iPhone 7 ចេញលក់នៅលើទីផ្សារ ក្នុងស្រុកចិននៅថ្ងៃដំបូងមកម៉្លេះ។ ក្នុងនោះគេឃើញមានចំនួនអ្នកបញ្ចេញមតិ និងចែករំលែកបន្តរាប់ពាន់នាក់ ហើយថែមទាំងល្បីដល់សារព័ត៌មានក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយថែមទៀតផង។

អ្នកនិយមលេងបណ្តាញសង្គមជាច្រើន និយាយថា ឆ្កែនេះពិតជាគួរឲ្យស្រលាញ់មែន។ អ្នកផ្សេងទៀតលើកឡើង ដោយសង្ឃឹមថាកំពូលកូនប្រុសមហាសេដ្ឋី (លោក Wang Sicong) រូបនេះ នឹងចែក iPhone 7 ម្នាក់មួយៗផងដែរ ខណៈអ្នកខ្លះទៀតថា «សូម្បីតែឆ្កែក៏មានជីវិតរស់នៅ យ៉ាងសុខស្រួលជាងខ្ញុំដែរ» ។

គួរឲ្យដឹងដែរថា សម្រាប់ទូរស័ព្ទ iPhone 7 លក់ក្នុងប្រទេសចិន មានតម្លៃ ៦,៩៨៨យ័ន (ប្រហែលជា ១,០៤៧ដុល្លារអាមេរិក) ខណៈ iPhone 7 Plus មានតម្លៃ ៧,៩៨៨យ័ន (ប្រហែលជា ១,១៩៧ដុល្លារអាមេរិក) ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]