ចិន៖ គ្រាន់តែលឺឈ្មោះ សត្វឈ្លើង ឬដង្កូវនោះ គ្រប់គ្នាច្បាស់ជាភ័យខ្លាច និងខ្ពើមរអើមជាក់ជាមិនខាន ចុះទម្រាំតែយកវាមកបរិភោគទៀតនោះ សួរថាតើវាកាន់តែគួរឲ្យខ្ពើមរអើម កម្រិតណាទៅ?

ជាក់ស្តែងថ្មីៗនេះវីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមជាច្រើន ដែលបុរសម្នាក់ហ៊ានប្រើចង្កឹះ ចាប់សត្វឈ្លើងទាំងរស់ យកមកទទួលទាន ហាក់បីដូចជាមិនញញើត ឬខ្ពើមរអើមអ្វីសោះឡើយ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានអន្តរជាតិ Mirror បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៣ តុលា ឆ្នាំ២០១៦ ម្សិលមិញនេះ។

តាមរយៈវីដេអូឃ្លីប ដែលបង្ហាញឡើងមកនេះ គេឃើញថា បុរសវ័យកណ្តាលជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ អង្គុយនៅក្នុងភោជនីយដ្ឋានចិនមួយកន្លែង បានប្រើចង្កឹះចាប់យកសត្វឈ្លើង ទៅជ្រលក់ជាមួយនឹងទឹកជ្រលក់ រួចយកមកទទួលទានតែម្តង នៅចំពោះមុខអ្នកឈរមើលរូបគាត់ជាច្រើននាក់។

ក្នុងនោះគេឃើញទៀតថា បុរសខាងលើនេះ ហាក់បីដូចជាមិនញញើតឡើយ ហើយរីករាយជាមួយនឹងការទទួលទានបែបនេះ ដោយថែមទាំងញញឹមដាក់កាម៉េរាមិនឈប់ និងថែមទាំងឲ្យមេដៃ ថាពិតជាឆ្ងាញ់ថែមទៀតផង។

គូសបញ្ជាក់ថា វីដេអូឃ្លីបនេះដែរ ត្រូវបានបង្ហោះចែកចាយដោយគេហទំព័រវីដេអូ LiveLeak ដោយទាក់ទាញអ្នកចុចចូលទស្សនាជាច្រើន បន្ទាប់ពីបង្ហោះបានត្រឹមតែ៣ម៉ោងតែប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា សត្វឈ្លើង ត្រូវបានគេជឿថា ជាឱសថដ៏មានគុណតម្លៃល្អបំផុត «A High Medicine Value» សម្រាប់សុខភាព។ ជាក់ស្តែង សត្វប្រភេទនេះ ក៏ត្រូវបានគេចាត់ទុកថា ជាឱសថបុរាណចិនមួយប្រភេទ ដែលអាចព្យាបាលនូវជំងឺដាច់សរសៃឈាម សម្ពាធឈាមឡើងខ្ពស់ និងស្នាមជាំ​ ផងដែរ។ លើសពីនេះ ប្រភពលើកឡើងថា​ អាចជួយព្យាបាលជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃឈាមខួរក្បាលថែមទៀតផង។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការជឿជាក់របស់មនុស្សមួយចំនួនប៉ុណ្ណោះ មិនមែនជាការណែនាំឲ្យអនុវត្តតាមនោះទេ ហើយយើងក៏មិនដឹងដែរថា សត្វប្រភេទនេះ ពិតជាមានគុណប្រយោជន៍បែបនេះមែន ឬយ៉ាងណានោះ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូ៖ 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា អ្នកដែលចូលចិត្ត បរិភោគអន្ទង់ ឬក៏សាច់ឆៅ ផ្សេងទៀត អាចនឹងប្តូរចិត្ត ក្រោយពីមើល វីដេអូនេះហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះគឺថតបាន អំពីសកម្មភាពរបស់ សត្វអន្ទង់មួយ នៅតែមានសកម្មភាពកម្រើក និងវារចុះឡើងទៅមក បើទោះជាវាកំពុងតែ ស្ថិតនៅលើចង្រ្កានអាំង ហើយយ៉ាងណាក្តី ដែលទិដ្ឋភាពបែបនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ទិដ្ឋភាពនេះត្រូវ គេថតបានខណៈពេលដែល មនុស្សមួយក្រុម បានចូលទៅបរិភោគ សាច់អាំងនៅក្នុង ភោជនីយដ្ឋានមួយកន្លែង នាប្រទេសកូរ៉េខាងត្បូង ដោយខណៈពេលនោះ ពួកគេបានជ្រើសរើសយក សាច់អន្ទង់ ដើម្បីមកអាំង ឬក៏ហៅម្យ៉ាងទៀតថា BBQ។

តាមរយៈវីដេអូ យើងអាចឃើញបានថា សត្វអន្ទង់ដែលត្រូវយកមកអាំងនោះ គឺនៅទាំងមូល និងនៅឆៅទៀតផង ដែលខ្លួនរបស់វាពោរពេញ ទៅដោយឈាមស្រស់ ហើយអ្វីដែលសំខាន់នោះ នៅពេលដែលចង្រ្កានអាំងសាច់ កាន់តែឡើងកម្តៅ អន្ទង់មួយនោះ ស្រាប់តែមានចលនា និងវារយ៉ាងរវើក នៅលើចង្រ្កានអាំងសាច់ នោះតែម្តង។

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ម្យ៉ាងវិញទៀត អ្នកដែលបានទស្សនាវីដេអូនេះហើយ មានមួយចំនួនបានលើកឡើងថា ពួកគេនឹងពិចារណា បញ្ឈប់ការបរិភោគ សាច់ឆៅទៀតហើយ។ ស្របពេលដែលអ្នកខ្លះទៀត លើកឡើងថា សាច់ឆៅគឺវាតែប៉ុណ្ណឹង ហើយមិនត្រឹមតែអន្ទង់ នោះទេ នៅមានក្តាម បង្កង បង្គា ផ្សេងទៀតដែលភាគច្រើន គេយកវាទៅចំអិនទាំងមូល និងទាំងនៅរស់ ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]