ចំពោះមនុស្សស្រី ការមករដូវទៀងទាត់ជារឿងមួយដ៏ល្អ ប៉ុន្តែក្នុងអំឡុងពេលមករដូវនេះដែរ មានអាហារមួយចំនួន ដែលអ្នកគួរតែចៀសវាង ក្នុងការទទួលទានសិន ព្រោះវាអាចបណ្តាលឲ្យសុខភាពរបស់អ្នកមានបញ្ហាបាន។

១) អាហារកែច្នៃ៖ អាហារកែច្នៃ គឺជាអាហារធ្វើឡើងដោយរហ័សទាន់ចិត្ត និងងាយស្រួលក្នុងការជ្រើសរើស តែអាហារទាំងអស់នោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍អាក្រក់ឡើងៗទៅវិញ។ ឧទាហរណ៍ដូចជា អាហារកំប៉ុង និងដំឡូងបារាំងបំពងជាដើមដែលសុទ្ធតែផ្ទុកទៅដោយបរិមាណជាតិសូដ្យូមច្រើនហួសកម្រិត ដែលវាជាហេតុធ្វើឲ្យ អ្នកមិនស្រណុកខ្លូន និងហើមសាច់ជាដើម។ ដូច្នេះអ្នកអាចជ្រើសរើសនូវអាហារ ឬក៏នំចំណីញ៉ាំលេងឲ្យល្អបន្តិច ដូចជាអាហារដែលធ្វើពីដៃផ្ទាល់ ជាមួយនឹងដំណាប់ដែលគ្មានបន្ថែមជាតិប្រៃ។

២) សាច់ដែលមានជាតិខ្លាញ់៖ សាច់បានផ្ទុកនូវខ្លាញ់ខ្ពស់ ដែលធ្វើឲ្យហើមសាច់ និងឈឺចុកចាប់។ បន្ថែមពីនេះទៅទៀត ប្រសិនបើកំពុងតែទទួលរងនូវបញ្ហារមួលក្រពើ ពេលអំឡុងពេលមករដូវនោះ គឺសាច់ខ្លាញ់ទាំងនោះហើយ នឹងធ្វើឲ្យអ្នកឈឺចាប់កាន់តែខ្លាំងឡើងៗ។ នេះជាហេតុផលមួយ ដែលហេតុអ្វីបានជាអ្នកមិនគួរទទួលទានសាច់ខ្លាញ់ អំឡុងពេលអ្នកមករដូវនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើអ្នកមិនអាចអត់សាច់បាន  អ្នកគួរតែព្យាយាមសាកជាមួយនឹងសាច់ ដែលមានជាតិខ្លាញ់ទាប និងសាច់ត្រីក៏បាន។

៣) នំដុត៖ ជាការពិត ទំនិញដែលជាលក្ខណៈ​ចំនីអាហារបែបដុត គឺវាពិតជាឆ្ងាញ់ តែសំណាងអាក្រក់ វាផ្ទុក​ជាតិខ្លាញ់ច្រើន និងធ្វើឲ្យកម្រិតអ័រម៉ូន Estrogen ឡើងខ្ពស់ ដែលវានឹងធ្វើឲ្យឈឺចាប់ត្រង់ស្បូន នៅពេលអ្នកមករដូវ។ ដូច្នេះអ្នកគួរតែទទួលទាននំប៉័ងណា ដែលសម្បូរទៅដោយជាតិសរសៃជំនួសវិញ។

៤) អាហារមានជាតិស្ករខ្ពស់៖ នំខេក ចំនីអាហារ ស្ករគ្រាប់ ឬក៏អាហារមានសារធាតុផ្អែមខ្លាំង គឺសុទ្ធតែអាហារមិនល្អចំពោះសុខភាព ហើយអ្នកក៏មិនគួរទទួលទាននូវអាហារទាំងនេះដែរ។ អំឡុងពេលអ្នកមករដូវ អាហារដែលមានជាតិស្ករ បានធ្វើឲ្យអ្នករមួលក្រពើ និងថែមទាំងធ្វើឲ្យអារម្មណ៍មិនសូវល្អទៀតផង។ ប៉ុន្តែប្រសិនបើអ្នកឃ្លានជាតិស្ករ ដែលថាអត់មិនបាននោះ អ្នកអាចត្រឡប់មកជាទទួលទានជាផ្លែឈើដែលមានជាតិផ្អែមវិញ ដូចជា ផ្លែត្រសក់ស្រូវ រឺផ្លែស្វាយទុំ ជាដើម។ 

៥) ការ៉េម ឈីស និងក្រែម៖ ចំពោះការ៉េម ឈីស និងក្រែម គឺផ្ទុកទៅដោយជាតិខ្លាញ់ និងអាចជះផលអាក្រក់ ដូចជាសាច់ខ្លាញ់ដែរ។ ជាមួយគ្នានោះ អ្នកគួរតែជៀសឲ្យឆ្ងាយ នូវការ៉េម ក្រែម និងឈីស អំឡុងពេលអ្នកមករដូវសិន។ ប៉ុន្តែប្រសិនបើអ្នកញៀនការ៉េម អ្នកអាចជ្រើសរើសនូវការ៉េម Gelato គ្មានជាតិទឹកដោះគោ និងមិនបន្ថែមជាតិស្ករ។  

៦) សារធាតុកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យរមួលក្រពើ និងថែមទាំងធ្វើឲ្យរដូវរបស់អ្នកមកមិនទៀង។ បន្ថែមពីនេះទៅទៀត វានឹងធ្វើឲ្យអារម្មណ៍របស់អ្នកមិនល្អ ធីងធោង និងពិបាកគេងផងដែរ។ ដូច្នេះហើយ អ្នកគួរតែចៀសវាងនូវការទទួលទានកាហ្វេ អំឡុងពេលមករដូវ តែអ្នកអាចទទួលទានតែជំនួសវិញ ទោះបីវាមានផ្ទុកនូវជាតិកាហ្វេអ៊ីនក៏ដោយ ក៏សារធាតុកាហ្វេអ៊ីននៅក្នុងតែ មានតិចតួចជាងកាហ្វេដែរ។

៧) គ្រឿងស្រវឹង៖ ការទទួលទានគ្រឿងស្រវឹង នឹងបង្កឲ្យមានបញ្ហារមួលក្រពើ ឆាប់ផ្លាស់ប្តូរអារម្មណ៍ និងកើតជម្ងឺធ្លាក់ទឹកចិត្តជាដើម។ អ្វីដែលសំខាន់ ជាតិអាកុល បានដើរតួនាទីធ្វើឲ្យឈាមកាន់តែរាវ បង្កើននៃលំហូរ ហើយវានឹងធ្វើឲ្យអ្នកមិនសូវស្រួលខ្លួនទៀតផង។ ដូចនេះ អ្នកគួរតែរីករាយជាមួយនឹងការទទួលទានតែមួយពែងប្រសើរជាង ហើយគួរតែចៀសឲ្យឆ្ងាយ ពីគ្រឿងស្រវឹង និងកាហ្វេអំឡុងពេលមករដូវ។ 

៨) អាហារបំពង ចៀន៖ ចំពោះអាហារជាលក្ខណៈបំពង ចៀន មានផ្ទុកនូវកម្រិតជាតិខ្លាញ់ និងប្រេងខ្ពស់ ដែលបង្កើនកម្រិតអ័រម៉ូន Estrogen ព្រោះថាវាមិនមែន ជាប្រេងសត្វ ឬក៏ប្រេងបន្លែនោះទេ។  អាហារលក្ខណៈបំពងអ្នកគួរតែចៀសវាង ដើម្បីរក្សានូវកម្រិតនូវអ័រម៉ូន Estrogen ឲ្យមានស្ថេរភាព ដើម្បីឲ្យស្បូនមានស្ថានភាពល្អ អាចកាត់បន្ថយបញ្ហារមួលក្រពើ និងឈឺចាប់ចុកចាប់ផងដែរ។

៩) ផលិតផលជាលក្ខណៈទឹកដោះគោ៖ ផលិតផលអាហារ ដែលជាលក្ខណៈជាតិដោះគោ គឺទទួលខុសត្រូវទាំងស្រុង លើបញ្ហាហើមសាច់ រមួលក្រពើ ឈឺចុកចាប់។ ពពួកអាហារទាំងនោះ មានដូចជា ទឹកដោះគោ ឈីស និងការ៉េម ជាដើម ដែលសុទ្ធតែផ្ទុកទៅដោយ អាស៊ីតម្យ៉ាងមានឈ្មោះថា Arachaidonic ដែលវាជាអ្នកធ្វើឲ្យហើមសាច់ និងរមួលក្រពើ។

ទាំងនេះជាអាហារ និងភេសជ្ជៈ ដែលស្រ្តីភាគច្រើន តែងជួបបទពិសោធន៍ថាមិនសូវស្រួលខ្លួន ខណៈពេលមករដូវ។ ប្រសិនបើអ្នក ស្ថិតក្នុងចំណោមដូចពួកគេ ដែលមានអាការៈមិនសូវល្អដែរ គួរតែចៀសនូវការទទួលទានអាហារ និងភេសជ្ជៈទាំងអស់នេះទៀត ព្រោះថា វាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក៕

ប្រភព៖ en.amerikanki spoonuniversity boldsky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]