ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា ដេននីក្វាន់ កើតទុក្ខមិនសុខចិត្ត ដែលត្រូវបានគណនីហ្វេសប៊ុកក្លែងក្លាយមួយ ប្រើប្រាស់រូបថត និងកិត្តិយសរបស់នាង ទៅលេងសើច និងបោកប្រាស់លុយអ្នកដទៃ។

កញ្ញា ដេននី ក្វាន់បានបកស្រាយលើហ្វេសប៊ុកឲ្យដឹងថា «សូមមិត្តៗប្រយ័ត្នផង នេះមិនមែនជាអាខោនរបស់ខ្ញុំទេ ថ្ងៃនេះមានគេយកឈ្មោះរបស់ខ្ញុំទៅសុំលុយគេទៀតហើយ ខ្ញុំចង់ប្រាប់ទៅមិត្តថារាល់ថ្ងៃនេះ ខ្ញុំប្រើតែមួយអាខោនទេ! ឆ្ងល់ពួកនឹងណាស់អត់ចេះរកស៊ីទេអី បានដើរយកឈ្មោះរបស់ខ្ញុំដើរសុំលុយគេចឹង សមត្ថភាពខ្ញុំផ្ទាល់ដូចជាមិនខ្វះលុយត្រឹម20$ទេ ឱព្រះម្ចាស់ថ្លៃអើយ ថ្ងៃក្រោយមុននឹងយកឈ្មោះខ្ញុំ ទៅបោកប្រាស់គេ គួរតែរៀនសិក្សាពីប្រវត្តិខ្ញុំអោយច្បាស់សិនទៅ ថារាល់ថ្ងៃនេះខ្ញុំក្រយ៉ាងណាទើបដើរសុំលុយគេ2 0$ហ្នឹង»។

ការលើកឡើងបញ្ជាក់របស់កញ្ញា ដេននីក្វាន់បែបនេះ ក្រោយពីរូបនាងបានឃើញគណនីហ្វេសប៊ុកមួយ បានយករូបនាង ទៅបោកប្រាស់ប្រាក់របស់បុរសម្នាក់ ដែលកុហកថា រូបគេនៅគេងមន្ទីរពេទ្យ ដោយមានបញ្ហារលាកពោះវៀន ហើយក៏បានសុំលុយបុរសរូបនោះ ចំនួន២០ដុល្លារ។

យ៉ាងណាមិញ នេះជាវិធីបោកប្រាស់ថវិកាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយបានប្រើប្រាស់រូបថតស្អាតៗ របស់តារាល្បីៗ ដូច្នេះបងប្អូន គួរមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងជឿជាក់ និងប្រគល់លុយឲ្យបុគ្គលណាម្នាក់ តាមបណ្តាញសង្គមនានា៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញសាច់សិចស៊ី កញ្ញា ដេននី ក្វាន់ បានទម្លាយឲ្យ មហាជនបានដឹងថា ហាងកែសម្ផស្សដែលនាងទើបតែ បើកកាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានចោរលួចយកឥវ៉ាន់អស់ពីហាង ខណៈដែលនាងធ្វើដំណើរ ទៅខេត្តបាត់ដំបង ។

បើតាមសារដែលដេននី ក្វាន់បង្ហោះនៅលើ Facebook បានបង្ហាញអារម្មណ៍ខឹងសម្បារ និងធ្វើការប៉ានស្មានថា ការដែលត្រូវចោរលួចឥវ៉ាន់ ពីហាងនាងនេះមិនមែនចោរពីក្រៅទេ ដោយនាងបានសរសេរថា «ក្តៅចិត្តណាស់ ទៅបាត់ដំបងតែមួយថ្ងៃសោះ ពេលត្រលប់មកវិញបាត់ឥវ៉ាន់ អស់ពីហាងរលីង.. បុគ្គលិកឡើង១០នាក់ សួរគ្មាននរណាម្នាក់ដឹងសោះ ស្តាយណាស់ Camera សុវត្ថិភាពមិនទាន់ដាក់កុំអី រកមុខចោរឃើញហើយ តែខ្ញុំជឿជាក់ច្បាស់ណាស់ គ្មានចោរខាងក្រៅណានោះទេ គឺចោរក្នុងផ្ទះនឹងហើយ. យកបានយកទៅចុះព្រោះអស់ប៉ុណ្ណឹង ក៏ខ្ញុំមិនក្រដែរហើយអ្នកដែលលួចគេ នឹងក៏មិនប្រាកដថាដេកលក់ស្រួលដែលព្រោះវាជារបស់ក្តៅក្រហាយ...ហ៊ឺ.. នេះចាត់ទុកវាជាមេរៀនទៅចុះ ព្រោះវាជាការធ្វេសប្រហែសរបស់ខ្ញុំ ហើយក៏គ្មានលើកទី២អោយចោរឯងលួចស្រួលៗដែរ.!»។

បើទោះជាតារារូបនេះ បានបង្ហើបឲ្យដឹងថា នាងត្រូវបានជួបរឿងស៊យ ដោយបាត់ឥវ៉ាន់ នៅក្នុងហាងស្ទើរតែ ទាំងស្រុងបែបនេះក្តីតែនាងមិនបានបញ្ជាក់ថា អស់ប្រហែលជាទឹកប្រាក់ប៉ុន្មានទេ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា បាត់របស់ប៉ុណ្ណឹងនាងមិនក្រទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់