(កណ្តាល)៖ ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចបញ្ជាក់ថា បានជិះម៉ូតូដេញតាមប្លន់ម៉ូតូនាយផ្នែកនគរបាលស្រុកស្អាង ត្រូវបានប្រជាពលរដ្ឋ​ចាប់វាយឱ្យរបួសជាទម្ងន់ ខណៈដែលជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេ បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំ បត់​ចូលវត្តធន់មន្ត ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលស្លាប់នោះ​ឈ្មោះ ចំរើន សីហា អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទិត លាភ ​អាយុ២២ឆ្នាំ របួសធ្ងន់។ ចំណែកនគរបាលដែលរងគ្រោះឈ្មោះ ឆៃ ស៊ីណា​ អាយុ៣៣ឆ្នាំ ​ជានាយផ្នែកនគរបាលស្រុកស្អាង​។

ពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា ​មុនកើតហេតុ ពួកគេឃើញក្រុមចោរ៣នាក់ បានជិះដេញតាមម៉ូតូឈ្មោះ ឆៃ ស៊ីណា រហូតដល់ចំណុចកើតហេតុ ទើបជនរងគ្រោះបានផ្តួលម៉ូតូ ហើយស្រែកថាចោរៗ ភ្លាមនោះប្រជាពលរដ្ឋបានចេញមក ជួយអន្តរាគមន៍ ចាប់បានជនសង្ស័យ២នាក់ (បក្ខពួកមួយចំនួនទៀត រត់គេចខ្លួន) ហើយពលរដ្ឋចោមរោមបានវាយ១ដៃ១ជើងម្នាក់ បណ្តាលឱ្យទ្រោមខ្លួនតែម្តង មុននឹងប្រគល់ពួកគេឱ្យសមត្ថកិច្ច។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការ ​ដោយស្ថានភាព​របួសធ្ងន់ទើប លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានបញ្ជាឲ្យនាយផ្នែកព្រហ្មទណ្ឌ ទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅព្យាបាលសិន រហូតដល់ម៉ោង១៩៖២៥នាទី ទើបក្រុមគ្រួសារជនសង្ស័យមកដល់ រួចទទួលយកជនសង្ស័យទៅកាន់មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដើម្បីព្យាបាលលុះដល់ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នគរបាលបានទទួលព័ត៌មានថា ជនសង្ស័យម្នាក់ឈ្មោះ ចំរើន សីហា ស្លាប់នៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួស កំពុងសម្រាកព្យាបាល ។

ភ្លាមនោះកម្លាំងនគរបាលស្រុកស្អាង បានមកសហការជាមួយនគរបាលខេត្ត ទៅពិនិត្យសាកសពឃើញថា សាកសពមានស្នាមជាំ លើដើមទ្រូង និងមានស្នាមធ្លាប់វះកាត់ពោះផងដែរ ហើយក្រុមគ្រួសារបានអះអាងថា សាកសពធ្លាប់វះកាត់តពោះវៀន រហូតដល់ទៅ២កំណាត់ ដូច្នេះទំនងជាអាចពលរដ្ឋ ទាត់ធាក់ត្រូវចំស្នាមរបួសចាស់ ទើបបណ្តាលឲ្យរបួសចាស់ សើរើរហូតដល់ស្លាប់បែបនេះ​។

បច្ចុប្បន្នសាកសព ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យម្នាក់ កំពុងសម្រាកព្យាបាល៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ចោរមួយក្រុមដេញកាប់ប្លន់យកម៉ូតូ ទាំងកណ្តាលអាធ្រាត្រ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ជនរងគ្រោះរបួសធ្ងន់ ។ គួររំលឹកផងដែរថា បុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសដៃបន្តិចបន្តួច បន្ទាប់ពីត្រូវបានក្រុមចោរមួយ ក្រុមដេញកាប់ប្លន់យកម៉ូតូ Zoomer X មួយគ្រឿងទៅបាត់។

ហេតុការណ៍កាប់ប្លន់មួយនេះបានកើតឡើងកាលពីម៉ោង ២៖២០នាទីរំលងអាធ្រាត្រទី ១៤ខែតុលា ឆ្នាំ ២០១៦ កន្លងទៅត្រង់ចំណុចម្ដុំផ្សារទំនប់ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូរងរបួសដៃមានឈ្មោះ សុីម សុខរុន ភេទប្រុស អាយុ២២ មុខរបរផ្សារដែក ស្នាក់នៅនិងស្រុកកំណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ ២៥ មុខជាងផ្សាដែក ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា។

ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ គឺរូបគេទាំងពីរនាក់​ នឹងមិត្តភក្ដិរបស់គេផ្សេងៗទៀត បានមកពីផឹកសុី និងដើរលេងនៅម្ដុំណាហ្គា។ បន្ទាប់ពីផឹកសុីរួចពួកគេបានជូនមិត្តភក្ដិម្នាក់ឈ្មោះ កម រាជ អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់មកផ្ទះជួលប្រពន្ធ នៅចំនុចកើតហេតុហើយខាងលើដោយជិះម៉ូតូចំនួនបួនគ្រឿង រួមទាំងម៉ូតូជនរងគ្រោះផងដែរ លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិខាងលើ ដោយសារតែប្លុកនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះ នៅក្រោយគេភ្លាមៗនោះ ក៏មានក្មេងស្ទាវចំនួនបីនាក់ ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះ ហើយបានដកដាវសាំម៉ូរៃ កាប់ជនរងគ្រោះទាំងពីរនាក់ ដែលបណ្ដាលអោយជនរងគ្រោះម្នាក់ត្រូវក្រុមចោរកាប់ក្បាល២ដាវវណ្តាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតរងរបសដៃខាងឆ្វេងបន្តិចបន្តួច។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]