ខេត្តសៀមរាប ៖ ហាង​លក់​សម្លៀក​បំពាក់​៤​កន្លែង​នៅ​ក្រុង​សៀមរាប​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើ​ឆែកឆេរ និង​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន មេធាវី អេ​ច​ប៊ី​អេស តំណាង​ឲ្យ​ស្លាក​សញ្ញា The North Face ដែល​មាន​ទីតាំង​ក្រុមហ៊ុន​នៅ​រាជធានី​ភ្នំពេញ​ដែល​នាំ​ចូល​ផ្តាច់មុខ​នូវ​សំលៀក​បំពាក់ និង​របស់​មួយ​ចំនួន​ទៀត​ម៉ាក (The North Face) ថា មាន​ហាង​លក់​សម្លៀក​បំពាក់​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​-​ខេត្តសៀមរាប​បាន​លួច​លក់​ខុសច្បាប់​រំលោភ​កម្មសិទ្ធិបញ្ញា​នូវ​ផលិតផល​របស់​ក្រុមហ៊ុន​ម៉ាក​(The North Face) រួច​មក កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​មាន​លោក​វរសេនីយ៍ត្រី ភោ​ក សា​រិ​ទ្ធ នាយ​រង​ការិយាល័យ តំណាង​ឱ្យ​លោក​វរសេនីយឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដង្គំ ក្រោម​ការ​ដឹកនាំ​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ឆែកឆេរ និង​បង្ក្រាប​កន្លែង​លក់​សម្លៀក​បំពាក់​ចំនួន​៤​កន្លែង រួម​មាន ទី​១-​ឈ្មោះ Duty Free ២-​ឈ្មោះ Cardomon Clothing Company ៣-​ឈ្មោះ Brands Outlet ៤-Cambodia Outlet ហាង​ទាំង​បួន​ខាងលើ​មាន​អ្នកគ្រប់គ្រង​តែ​ម្នាក់ ក្នុង​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ ហើយ​រឹបអូស​នូវ​សម្លៀក​បំពាក់​និង​របស់​មួយ​ចំនួន​រួម​មាន -​កាបូប​ធំ​ស្ពាយ​ពីក្រោយ​ចំនួន​១៨៦​កាបូប -​កាបូប​តូច​ស្ពាយ​ពីក្រោយ​ចំនួន​១៧​កាបូប -​អាវរ​ងារ​ក្រាស​ចំនួន​២៥៥ -​អាវរ​ងារ​ស្ដើង​ចំនួន​១៦៦ -​អាវរ​ងារ​ប្រភេទ​រោមសត្វ​ចំនួន​២១ -​អាវយឺត​៣៤៤ -​ស្រោមដៃ​ចំនួន​៣​គូ -​ស្រោមជើង​ចំនួន​៤​គូ -​ស្បែកជើងឃ្លប់​ចំនួន​១២​គូ ហើយ​បាន​បញ្ជូន​របស់​ទាំងនោះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​នាំ​ខ្លូ​ន​អ្នកគ្រប់គ្រង​ហាង​យក​ទៅ​សួរនាំ និង​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

យោង​ទៅ​តាម​តំណាង​ក្រុមហ៊ុន មេធាវី អេ​ច​ប៊ី​អេស បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន The North Face បាន​នាំ​ចូល​ផ្តាច់មុខ​ចូល​ក្នុង​ប្រទេស​កម្ពុជា​នូវ​ផលិតផល​ដែល​បាន​ឆែកឆេរ​រក​ឃើ​ង​ដូច​ការ​រៀបរាប់​ខាងលើ​ពី​សហរដ្ឋអាមេរិក ហើយ​បាន​ចុះបញ្ជី​ការ​ពាណិជ្ជកម្ម និង​បង់ពន្ធ​នាំ​ចូល​ត្រឹមត្រូវ​ស្របច្បាប់ ។ ក្នុង​មួយ​រយៈ​នេះ គឺ​ក្រុមហ៊ុន​ពិនិត្យ​ឃើញ​មាន​ជនខិលខូច​មួយ​ចំនួន​បាន​លួចលាក់​នាំ​ចូល​ខុសច្បាប់​នូវ​ផលិតផល​នេះ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​បា​វិត​ហើយ​យក​មក​ចែកចាយ​ឲ្យ​អាជីវករ​មួយ​ចំនួន​នៅ​តាម​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ថោក ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ថវិកា​មួយ​ចំនួន​ធំ ក៏​ដូច​ជា​ការ​ខាតបង់​នូវ​ចំណូល​ចូល​រដ្ឋ​ផង​ដែរ ។

លោក ជូន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​រក​ឃើញ​ហាង​ដែល​ដាក់​លក់​របស់របរ​ខាងលើ​ដាក់​តាំង​លក់​ផលិតផល​រំលោភ​កម្មសិទ្ធិបញ្ញា នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ឱ្យ​ម្ចាស់​ហាង​ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​តាម​ផ្លូវច្បាប់ និង​ជា​ការ​ព្រមាន ហើយ​ឱ្យ​ម្ចាស់​រូប​នោះ​ត្រូវ​បញ្ឈប់​ការ​ដាក់​តាំង​លក់​ផលិតផល​ខុសច្បាប់​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​តទៅ​ទៀត ប្រ​សិន​ថ្ងៃក្រោយ​នៅ​តែ​ប្រព្រឹត្ត​មិន​រាងចាល​សមត្ត​កិច្ច​នឹង​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]