(ពោធិ៍សាត់)​៖ អំពើហិង្សាក្នុងគ្រួសារបានកើតឡើង ដោយសារកូនផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយគម្រាមសម្លាប់ឪពុកម្តាយ ធ្វើឲ្យឪពុកទ្រាំលែងបាន ក៏យកពូថៅកាប់កូនបង្កើតចំកណ្តាលក្បាល និងវាយចំចញ្ចើម បណ្តាលបែកក្បាលលៀនភ្នែករងរបួសធ្ងន់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដាច់ខ្យល់ស្លាប់។

ហេតុការណ៍​នេះកើតឡើងនៅវេលាម៉ោង០៦៖៤៥នាទីល្ងាចថ្ងៃទី​២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​។​

លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលឪពុកបង្កើតកាប់នឹងពូថៅ បែកក្បាល និងលៀនភ្នែកស្លាប់នោះ មានឈ្មោះ សាន ឌី អាយុ ២៧ឆ្នាំ មានឪពុកឈ្មោះ កៅ សាន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។​

លោកអធិការរងបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាកូនបានផឹកស្រាស្រវឹងជោគ ដោយបាត់បង់ស្មារតីដូចសព្វមួយដង ហើយជារឿយៗ​ជនរងគ្រោះ តែងតែដៀលប្រមាថចង់សម្លាប់ឪពុកម្តាយ ពេលនោះធ្វើឲ្យឪពុកទ្រាំលែងបាន ក៏យកពូថៅកាប់កូនបង្កើតចំកណ្តាលក្បាល និងវាយចំចញ្ចើម បណ្តាលឲ្យបែកក្បាលលៀនភ្នែកឆ្វេងចេញមកក្រៅរងរបួសធ្ងន់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ដាច់ខ្យល់ស្លាប់តែម្តង។​

ក្រោយពេលកើតហេតុជនសង្ស័យជាឪពុក បានរត់គេចខ្លួនបាត់ស្រមោល ហើយសាកសពជនរងគ្រោះជាកូនត្រូវបានរថយន្តសង្គ្រោះរបស់​មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដឹកត្រឡប់មកលំនៅដ្ឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀតប្រពន្ធកាប់ប្រហារប្តី ព្រោះតែទូរស័ព្ទតម្លៃជាង១០ដុល្លារ​។ 

បុរស​ជា​ប្តី​ត្រូវ​​​រង​របួសធ្ងន់ ហើយបានបញ្ជូនទៅកាន់​មន្ទី​រពេទ្យ​ភ្លាមៗ ដើម្បីសង្គ្រោះ បន្ទាប់​ពី​ត្រូវ​​ស្ត្រីជាប្រពន្ធ​ប្រមឹក​ដេញ​កាប់​ត្រូវ​២​កាំបិត ក្នុងជម្លោះ​​​ផឹកស៊ី និង​បាត់​ទូរស័ព្ទ​ដៃ មានតម្លៃ​ជាង​១០​ដុល្លារ ដែល​ហេតុ​ការ​ណ៏​នេះ​ ​កើតឡើង​កាលវេលា​ម៉ោង​០១​ថ្ងៃ​ទី​០២​ តុលា ​២០១៦ កន្លងទៅ ស្ថិត​នៅ​ចំណុច​ក្បែរ​ស្ថានីយរថភ្លើង​ក្រុងព្រះសីហនុ ​​ក្នុងភូមិ​៣​ស្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហ​នុ​។

យោង​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋានសង្កាត់​លេខ​៣​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះអ៊ុយ ផានិត អាយុ​៤០​ឆ្នាំ​ មានមុខ​របរ​ចុះទូក​ក្តាម ​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ រីឯ​ស្ត្រី​​​​ដៃដល់ឈ្មោះពេជ្រ ស្រី​ល័​ក្ខ អាយុ​៣៣​ឆ្នាំ មានកូន​ស្រី​ម្នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​៣​ស្កាត់​លេខ​៣ ​ខេត្ត​ព្រះ​សីហ​នុ បាន​យក​កាំបិតប៉័ងតោ ដេញ​កាប់​ផ្អើល​ពេញ​ភូមិ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ (​ដាច់​សរ​សៃ​.ក​ដៃ និង​ស្មារ​ខាងឆ្វេង​មួយ​កាំបិត​) ​ហូ​រឈាម​សន្លប់​ស្តូ​ក​ ​។

​ជុំវិញ​បញ្ហា​ដេញ​កាប់​ប្តី​នេះ​ផង​ដែរ ស្ត្រីដៃដល់បាន​​រៀបរាប់​ថា មូលហេតុ​ដែល​ដេញ​កាប់​ប្តី​ គឺមក​ពី​ប្តី​ធ្វើ​ឱ្យបាត់​ទូរស័ព្ទ​តម្លៃ​ជាង​​១០​ដុល្លារ ហើយ​ប្តី​បាន​រករឿង​ឈ្លោះ រហូត​យក​​ដុំ​ឥដ្ឋ​ដេញ​គប់​មក​លើ​រូប​គាត់ ទើប​គាត់​ទ្រាំ​ពុំ​បាន ក៏​ទាញ​កាំបិត​អ្នក​ជិតខាង​កាប់​វិញ​តែ​ម្តង​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]