(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាកងកម្លាំងនគរបាលក្រោមឱវាទ រួមមានកម្លាំងនគរបាលខេត្ត និងកម្លាំងនគរបាលក្រុងកំពត បានចេញប្រតិបត្តិការ ដេញចាប់ប្រផាប់ប្រភីង បានក្រុមចោរលួចកាច់សោ-កម៉ូតូ​៦នាក់ ដែលធ្វើសភាពដ៏សកម្ម នាពេលកន្លងមក ក្នុងភូមិសាស្ត្រក្រុងកំពត និងកន្លែងផ្សេងៗទៀត។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងវេលាថ្ងៃត្រង់ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១៦ ដោយចោរ៥នាក់ ឃាត់ខ្លួនបាននៅចំណុចក្បែរសណ្ឋាគារបុរីបូកគោ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត​ រីឯម្នាក់ទៀតកម្លាំងដេញឃាត់ខ្លួនបាន នៅផ្លូវលេខ៣៣ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

មន្ដ្រីនគរបាល បានប្រាប់ព័ត៌មានបឋមមកថា មុខសញ្ញាក្រុមចោរខាងលើ មិនទាន់ស្គាល់ឈ្មោះ និងអាស័យដ្ឋាននៅឡើយទេ ដោយក្រុមចោរ មានគ្នា៦នាក់ ជិះរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ និងម៉ូតូ១គ្រឿង។ តែទោះជាយ៉ាងណា ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងនាំខ្លួនមកសាកសួរ នៅឯស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីឈានទៅស្រាវជ្រាវរកបក្ខពួក​ផ្សេងទៀត យកមកអនុវត្តតាមនីតិវិធី​៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបក្រុមចោរប្លន់ម៉ូតូ៣នាក់ ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

ក្រុមចោរប្លន់ម៉ូតូចំនួន៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ តាមបង្ក្រាបនិងឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពវាយយកម៉ូតូ ពីប្រជាពលរដ្ឋបានសម្រេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ។

លោក ហ៊ុយ ហៀន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានស្រាវជ្រាវ កាលពីយប់ថ្ងៃទី១១ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១ ៦ នៅចំណុចលើផ្លូវ២៧៣កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ហ៊ុយ ហៀន បានបញ្ជាក់ថា «ជំហានដំបូងកម្លាំងសមត្ថកិច្ចយើង បានទទួលជនសង្ស័យជាបក្ខពួកក្រុមចោរ វាយយកម៉ូតូ២នាក់ និងម៉ូតូ១គ្រឿងពីសមត្ថកិច្ចខណ្ឌទួលគោក ដែលបង្ក្រាបបានបន្ទាប់ពី ធ្វើសកម្មភាពវាយយកម៉ូតូ១គ្រឿង ពីជនរងគ្រោះដើម្បីបន្តស្រាវជ្រាវស្វែងរក ចាប់ខ្លួនបក្ខពួកដែលនៅសេសសល់»។

លោកបន្តថា ក្រោយទទួលបានជនសង្ស័យ២នាក់ ពីសមត្ថកិច្ចខណ្ឌទួលគោកហើយនោះ និងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ និងកម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ក៏បន្តស៊ើបអង្កេត បានតម្រុយខ្លះៗ រហូតមកដល់ព្រឹកថ្ងៃទី១៧ កញ្ញា នេះកម្លាំងសមត្ថកិច្ចបានឈានទៅបង្ក្រាប និងឃាត់បក្ខពួកជនសង្ស័យបានម្នាក់ទៀតតែម្ដង។ ដោយឡែក បក្ខពួកក្រុមម្នាក់ទៀតឈ្មោះ និត បាននិងកំពុងរត់គេចខ្លួន។

នាយប៉ុស្ដិ៍ដដែលបានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួនទី ១-ឈ្មោះ រស់ ច័ន្ទសុភ័ក្រដារា អាយុ២៨ឆ្នាំ មុខរបរសន្តិសុខឯកជន( ឃាត់ខ្លួន) ទី២-ឈ្មោះ ទ្រី មួយអ៊ី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនប្រាកដ ទី៣-ឈ្មោះរៀម រ៉ាស៊ី ហៅពៅឆ្វេង ភេទប្រុស អាយុ២៤ឆ្នាំ មុខមិនពិតប្រាកដ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនសង្ស័យទី៤-ឈ្មោះ និត បាន និងកំពុងរត់គេចខ្លួន។ ជនសង្ស័យទាំង៤នាក់ មានទីលំនៅមិនពិតប្រាកដ។ រីឯជនរងគ្រោះ បន្ទាប់ពីកើតហេតុ មិនបានមកដាក់ពាក្យបណ្ដឹងនោះឡើយ។

ចំណែកម៉ូតូ១គ្រឿងដែលសមត្ថកិច្ច ដកហូតពីក្រុមជនសង្ស័យម៉ាកហុងដាសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤។ សូមបញ្ជាក់ថា ជនសង្ស័យជាក្រុមចោរវាយយកម៉ូតូទាំង៣ នាក់និងវត្ថុតាងត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]