កាមេរូន៖ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យមនុស្សរាប់សិបនាក់ ស្លាប់ និងរបួស ដោយសារតែផ្ទុកអ្នកដំណើរលើសចំនួនកំណត់។

យោងតាមទីភ្នាក់ងារព័ត៌មាន Mirror ចុះផ្សាយឲ្យដឹងថា ឧបទ្ទវហេតុក្រឡាប់រថភ្លើងមួយ បានកើតឡើងកាលពីថ្ងៃសុក្រ ទី២១ តុលា ឆ្នាំ២០១៦ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ជិតស្ថានីយ៍រថភ្លើង Eseka នៃទីក្រុង Douala ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ភាគខាងលិចពីរាជធានី Yaounde ប្រទេសកាមេរូន។

ប្រភពដដែលបានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានឆក់យកអាយុជីវិតអ្នកដំណើរសរុបប្រមាណ ៥៣នាក់ និង៣០០នាក់ផ្សេងទៀតរងរបួសធ្ងន់។

ចំពោះមូលហេតុបណ្តាលមកពីការបាក់ស្រុតដី ដោយសារជំនន់ទឹកភ្លៀង ទើបធ្វើឲ្យអ្នកដំណើរត្រូវបង្ខំចិត្តជិះតាមជើងរថភ្លើង ក្នុងចំនួនច្រើនខុសពីធម្មតា។ មន្រ្តីផ្លូវដែកបានឲ្យដឹងថា រថភ្លើងដែលជួបគ្រោះថ្នាក់ក្រឡាប់នេះ គឺផ្ទុកចំនួនមនុស្សលើស រហូតដល់ទៅ ១,៣០០នាក់ឯណោះ ខណៈដែលជាធម្មតារថភ្លើងនេះ គឺអាចផ្ទុកចំនួនមនុស្សបានត្រឹមតែ ៦០០នាក់ប៉ុណ្ណោះ ពោលគឺជាចំនួនមួយកើនឡើងទ្វេដង។ ម្យ៉ាងវិញទៀត ស្ថានភាពផ្លូវដែកមិនសូវមានសុវត្ថិភាពប៉ុន្មានផងដែរ។

លោក Rachelle Paden អ្នកដំណើរម្នាក់ ដែលបានរួចជីវិតក្នុងឧបទ្ទវហេតុនេះនិយាយថា ក្រុមអ្នកជួយសង្គ្រោះជាច្រើន បានមកដល់កន្លែងកើតហេតុ ហើយពួកគេបានទាញសាកសពអ្នកស្លាប់ចេញពីរថភ្លើង បានចំនួនប្រមាណ៤០នាក់។ នេះបើតាមចំនួនដែលលោក Rachelle រាប់ដោយផ្ទាល់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នមន្រ្តីមានសមត្ថកិច្ច  កំពុង​ធ្វើការស៊ើបអង្កេត  រកមូលហេតុបន្ថែមទៀត របស់ករណីនេះផងដែរ ៕     

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា រថភ្លើង២បុកគ្នា នៅអីុតាលី សម្លាប់មនុស្ស យ៉ាងហោចណាស់ ២០នាក់ និងច្រើននាក់រងរបួស។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ឧបទ្ទវហេតុរន្ធត់ រថភ្លើងបុកគ្នាយ៉ាងពេញទំហឹងនេះ បានកើតឡើង នាថ្ងៃទី១២ កក្កដា ឆ្នាំ ២០១៦ កន្លងទៅ នាវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅតំបន់ទីជនបទមួយកន្លែង ត្រង់ចំណុចព្រៃអូលីវ ក្បែរទីក្រុង Andria ក្នុងតំបន់ Puglia ភាគខាងត្បូង នៃប្រទេសអីុតាលី ដោយបានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ២០នាក់ និងមនុស្សជាច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាលផងដែរ។

ក្នុងនោះក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ត្រូវបានភ្នាក់ងារជួយសង្គ្រោះ នាំគ្នាដុតដៃដុតជើង រំដោះយកចេញ ពីក្នុងគំនរបាក់បែក នៃបំនែករថភ្លើង រួចដឹកតាមឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿង បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ប្រភពបន្តថា មូលហេតុដែលបណ្តាលឲ្យ ជួបគ្រោះថ្នាក់ដ៏គួរឲ្យសោកសង្វេគ យ៉ាងដូច្នេះនោះ ក៏ដោយសារតែ រថភ្លើងទាំង២នេះ បានបើកលើខ្សែបន្ទាត់តែមួយ ស្ថិតក្នុងទិសដៅផ្ទុយគ្នា លុះដល់ចំណុចផ្លូវបំបែកទៅ Andria និងមួយទៀតទៅ Corato ត្រង់ទីតាំងព្រៃអូលីវនេះ អ្នកបើកបរម្នាក់បានបញ្ជារទិញដៅខុស ទើបបណ្តាលឲ្យរថភ្លើងទាំង២គ្រឿងនេះ បុកជល់ក្បាលគ្នាយ៉ាងពេញទំហឹងតែម្តង ខណៈអ្នកបើកបរទាំងសងខាង ក៏បានគិតទុកដែរថា នឹងត្រូវស្លាប់ជាក់ជាមិនខាន។

នេះបើតាមការនាំពាក្យឲ្យដឹង ពីក្រុមភ្នាក់ងារជួយសង្គ្រោះ លោក Luca Cari និយាយថា៖ «មានមនុស្សប្រមាណជាង ១០នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយពួកយើងក៏កំពុងតែ ធ្វើការជួយសង្គ្រោះ អ្នករងគ្រោះជាច្រើននាក់ទៀត ដែលជាប់គាំងនៅក្នុងកាប៊ីនរថភ្លើងរថភ្លើងផងដែរ» ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី Matteo Renzi ថ្លែងទាំងទឹកភ្នែកថា វាពិតជាហេតុការណ៍ ដែលគួរឲ្យសង្វេគមួយ ហើយរូបគាត់សន្យាថា និងធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកមូលហេតុបង្កមួយនេះ និងព្យាយាមធ្វើការរុករកអ្នកដែលរងគ្រោះ និងអ្នករងរបួសជាប់គាំងជាច្រើននាក់ទៀត នៅក្នុងឧបទ្ទវហេតុមួយនេះផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]