រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ ខណៈ​ចុះចូល​ទិញ​នំប៉័ង​​ ទុក​កូន​២​នាក់​នៅ​ក្នុង​រថយន្ត​ដោយ​មិន​បាន​ ចាក់​គន្លឹះទ្វារ​រថយន្ត ស្រាប់​តែ​ជនសង្ស័យ​ ២​នាក់​ជិះ​ម៉ូតូ​មក​ដល់​បើកទ្វារ​យក​ កាបូប​លុយ​ទៅ​បាត់ ពេល​នោះ​កូន​ឃើញ​ដែរ​ តែ​មិន​ហ៊ាន​ស្រែក​រហូត​ទាល់តែ​ជនសង្ស័យ​ ជិះ​ម៉ូតូ​ទៅ​បាត់​ទើប​ហ៊ាន​ស្រែក​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ១​រសៀល ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦​នៅ​មុខ​ហាង​លក់​នំប៉័ង​ភ្នំពេញ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤ ក្នុងភូមិ​ ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ ប្ដី​ឈ្មោះ ហោ លាង​ស្រៀ​ង អាយុ​ជាង​៤០​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ប៉ា ច​ន្ធី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រទាល ឃុំ​អណ្ដូងទឹក ស្រុក​បទុម​សាគរ ខេត្តកោះកុង ។

ពួក​គាត់​ជិះ​រថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9815 ហើយ​នៅ​ក្នុង​កាបូប​របស់​គាត់​នោះ​ មាន​លុយ​ចំនួន​ជាង​២​លាន​រៀល និង​៨៥០​ដុល្លារ ព្រមទាំង​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​មួយ​ចំនួន​ទៀត ដែល​គេ​យក​ទៅ​ដាក់បញ្ចាំ​នៅ​នឹង​ពួក​គាត់ ដែល​សរុប​ការ​បាត់បង់​នោះ​ទាំងអស់​ មាន​ចំនួន​ជាង​៣​ពាន់​ដុល្លារ ។ ចំណែក​ក្រុម​ជនសង្ស័យ​ដែល​ ជា​ចោរ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង​មិន​ចាំ​ស៊េរី​និង​ស្លាក​លេខ​ឡើង ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​រថយន្ត​ត្រឡប់​មក​ពី​ ទិញ​អី​វាន់​យក​ទៅ​លក់ដូរ​នៅផ្ទះ ដោយ​មានកូន​២​នាក់​ទៀត​ទៅ​ជាមួយ​ដែរ លុះ​ពេល​ទៅ​ដល់​ចំណុច​ កើតហេតុ​បាន​ឈប់​រថយន្ត ហើយ​បុរស​ជា​ប្ដី​បាន​ចុះ​ទៅ​ទិញ​នំ​បុ័ង និង​បាន​បបួល​ឲ្យ​ប្រពន្ធ​ចុះ​ដែរ ប៉ុន្តែ​ប្រពន្ធ​គាត់​ថា មិន​ចុះ​ទេ ទើប​មិន​បាន​ដាក់​គន្លឹះទ្វារ​រថយន្ត ។

តែ​ក្រោយ​ពេល​ប្ដី​ចុះ​ចេញ ពី​រថយន្ត​បាន​បន្តិច ស្រាប់តែ​ប្រពន្ធ​បាន​ចុះ​ ទៅ​តាម​ក្រោយ​ដែរ ដោយ​បាន​ទុក​ឲ្យ​កូន​ ២​នាក់​នៅ​ក្នុង​រថយន្ត​នោះ និង​មិន​បាន​ដាក់​គន្លឹះទ្វារ​រថយន្ត​ដដែល ខណៈនោះ​ស្រាប់តែ​ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ ១​គ្រឿង​ទៅ​ដល់​បាន​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ ដែល​ខណៈនោះ​កូន​របស់​ពួក​គាត់​ មិន​ហ៊ាន​ស្រែក​ឡើយ រហូត​ជនសង្ស័យ​ជិះ​គេចខ្លួន​បាត់ ទើប​កូន​ស្រែក​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​និង​ស្ត្រី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​ បាន​នាំ​គ្នា​ជិះ​រថយន្ត​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ និង​បាន​រត់​ត្រហេបត្រហប​ ទៅ​រក​មន្ត្រី​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​ប្រកាស​ តាម​វិទ្យុទាក់ទង​ឲ្យ​បណ្ដា​ គោលដៅ​នានា​ជួយ​ពួនស្ទាក់ រកមុខ​សញ្ញា​ក្រុម​ចោរ​ខាងលើ ប៉ុន្តែ​មិនដឹង​ថា ជន​ទាំងនោះ​គេចខ្លួន​បាត់​ដល់​ណា​ហើយ​ទេ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]