ចិន៖ វីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ និងរងការរិះគន់យ៉ាងខ្លាំងផងដែរ ពីសំណាក់មហាជនទូទៅ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គម ជាច្រើនគ្រប់មជ្ឈដ្ឋាន ដោយសារតែបុរសម្នាក់ បានប្រើហិង្សាវាយធ្វើបាបយ៉ាងចាស់ដៃ ទៅលើស្រ្តីជានារីភេទម្នាក់ នៅក្នុងជណ្តើរយន្តប្រអប់មួយកន្លែង ក្នុងប្រទេសចិន បន្ទាប់ពីរូបនាងបានស្នើសូមកុំឲ្យបុរសរូបនេះ ជក់បារីនៅក្នុងជណ្តើរយន្ត។

នេះបើយោងតាមប្រភព ទីភ្នាក់ងារសារព័ត៌មានសៀងហៃ បានចេញផ្សាយកាលពីថ្ងៃទី២១ តុលា ម្សិលមិញនេះ បានឲ្យដឹងថា ហេតុការណ៍ដ៏ព្រៃផ្សៃមួយនេះ បានកើតឡើង តាំងពីអំឡុងថ្ងៃពុធ ទី១២ តុលា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងទីតាំងជណ្តើរយន្តប្រអប់មួយកន្លែង នៃទីក្រុង Langfang ខេត្ត Hebei ប្រទេសចិន។

តាមរយៈខ្សែវីដេអូឃ្លីប ដែលត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាព ក្នុងជណ្តើរយន្តប្រអប់ បានបង្ហាញឲ្យឃើញថា បុរសដែលមិនស្គាល់អត្តសញ្ញាណ ដែលជនដៃដល់បានប្រើហិង្សា យ៉ាងចាស់ដៃបំផុត ដោយវាយតប់ទះកំផ្លៀង និងថែមទាំងដាល់យកៗ ចំផ្ទៃមុខនារីរងគ្រោះម្នាក់ ដែលគេស្គាល់ឈ្មោះថា Li យ៉ាងដំណំ នៅចំពោះមុខកូនតូចរបស់នាង ក្នុងជណ្តើរយន្តតែម្តង បន្ទាប់ពីនារីរងគ្រោះ បានស្នើសុំជនរូបនោះ កុំឲ្យជក់បារីនៅក្នុងជណ្តើរយន្ត ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់នាង រួមទាំងកូនតូចរបស់នាងផងដែរ។

ក្នុងវីដេអូឃ្លីបនោះទៀតសោត គេឃើញទៀតថា ខណៈកំពុងតែវាយតប់គ្នានោះ បន្តិចក្រោយមកទ្វារជណ្តើរយន្តក៏ត្រូវបានបិទ។ ភ្លាមៗនោះដែរ នារីរងគ្រោះក៏បានព្យាយាម វាយតប់ជាមួយនឹងជនដៃដល់វិញ ដើម្បីការពារខ្លួននាង។ ទីបំផុតនារីរងគ្រោះ ក៏បានទាញទូរស័ព្ទដៃស្មាតហ្វូនរបស់នាងចេញមក ដើម្បីព្យាយាមថតនូវសកម្មភាព ដែលជនដៃដល់បានប្រើហិង្សា មកលើរូបនាងផងដែរ។ ក្រោយមកបន្ទាប់ពី ជណ្តើរយន្តប្រអប់បើកទ្វារ គេឃើញថាទៀតថា បុរសជាជនដៃដល់បានរត់គេចខ្លួន ខណៈនារីរងគ្រោះក៏បានដេញតាមពីក្រោយ ដោយទុកឲ្យកូនតូចរបស់ខ្លួន នៅក្នុងជណ្តើរយន្តប្រអប់តែម្នាក់ឯងផងដែរ។

គួរឲ្យដឹងដែរថា បន្ទាប់ពីហេតុការណ៍បានបញ្ចប់ នារីរងគ្រោះ Li ក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីតាមចាប់ខ្លួនជនដៃដល់រូបនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយរូបនាងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា បុរសដែលមិនស្គាល់អត្តសញ្ញាណខាងលើនេះ បានវាយធ្វើបាបលើរូបនាង យ៉ាងព្រៃផ្សៃជាទីបំផុត ដោយគ្រាន់តែនាងប្រាប់រូបគេ កុំឲ្យជក់បារីក្នុងជណ្តើរយន្តតែប៉ុណ្ណោះ ព្រោះវាអាចប៉ះពាល់ដល់កូនរបស់នាង។

នាងរងគ្រោះបន្តទៀតថា ក្នុងមួយជីវិតរបស់នាងនេះ នាងមិនដែលជួបមនុស្សអី ដែលមានចិត្តសាហាវព្រៃផ្សៃបែបនេះ ពីមុនមកឡើយ។ ពោលនេះគឺជាលើកទីមួយហើយសម្រាប់នាង។

ទោះបីជាយ៉ាងក្តី ជុំវិញនឹងករណីខាងលើនេះដែរ បច្ចុប្បន្នខាងមន្រ្តីប៉ូលិស ក៏នឹងកំពុងតែធ្វើការតាមប្រមាញ់ ចាប់ខ្លួនជនដៃដល់ ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]