(សៀមរាប)៖ កម្លាំងសមត្ថកិច្ចគយនៅច្រកអ្នកដំណើរមកដល់ នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន ៥៥គ្រឿង ដែលឈ្មួញបានលួចនាំចូលមិនបង់ពន្ធ។

ទូរស័ព្ទនេះ ត្រូវបានសមត្ថកិច្ចគយចាប់បាននាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅច្រកអ្នកដំណើរមកដល់នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ឈ្មួញលួចនាំទូរស័ព្ទចូលនេះមានឈ្នោះ HO CHUN NANG JIVE ភេទប្រុស សញ្ជាតិចិនហុងកុង ធ្វើដំណើរតាមជើងហោះហើរលេខ UO706 (ហុងកុង-សៀមរាប)។

មន្ត្រីគយ បានឲ្យដឹងថា ទូរស័ព្ទដែលចាប់បាននោះមានiPhone 7 ចំនួន ១២គ្រឿង និង iPhone 7 plus ចំនួន ៤៣គ្រឿង។ ក្រោយធ្វើការត្រួតពិនិត្យមន្ត្រីគយ បានធ្វើកំណត់ហេតុល្មើសច្បាប់គយ និងបញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រេចវិនិច្ឆ័យបង់ពន្ធ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន៕

ប្រភព៖ Fresh news

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា ទាក់ទងនឹងការជួញដូរទូរស័ព្ទនេះដែរ ក៏ធ្លាប់កើតឡើងផងដែរ កាលពីថ្ងៃទី៣០ ខែកក្កដា ២០១៦ ដែលបន្ទាប់ពីមន្រ្ដីការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានពីប្រទេសវៀតណាមមកថា នឹងមានមុខទំនិញទូរស័ព្ទប្រភេទ Smart Phone បំរុងលួចនាំចូលមកកម្ពុជា ដោយគេចកាតព្វកិច្ចពន្ធ និងអាករ។

ក្រោយពីទទួលបានដំណឺងនេះភ្លាម កំលាំងសមត្ថកិច្ចគយប្រចាំ នៅច្រកអន្តរជាតិត្រពាំងផ្លុង បានចាត់ឲ្យមន្រី្ដគយ នៅប្រចាំការឃ្លាំមើលដើម្បីចាប់ឃាត់ ទំនិញខាងលើ។ លុះប្រហែលជាម៉ោង១២ថ្ងៃដដែល ទើបឃើញមានអ្នកដំណើរជនជាតិវៀតណាម០២នាក់ស្ពៀយការុង មកឈប់នៅតំបន់ប៉ារាស់ខាងកម្ពុជា (ព្រំប្រទល់កម្ពុជា-វៀតណាម) ពេលនោះមន្រ្ដីគយមានការសង្ស័យទើប ហៅមកសាកសួរព័ត៌មាន និងធ្វើការឆែកឆេរ ជាលទ្ធផលសមត្ថកិច្ចគយ បានត្រួតពិនិត្យឃើញមានទូរស័ព្ទ iPhone 6plus = ៧២គ្រឿង ដែលពុំមានឯកសារបង់ពន្ធ និងអាករឡើយ។

បន្ទាប់មកសមត្ថកិច្ចគយ បានកសាងកំណត់ហេតុល្មើសគយ ដើម្បីឲ្យម្ចាស់ទំនិញបង់ពន្ធ អាករ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]