(ភ្នំពេញ)៖ ក្រុមបាល់ទាត់គោព្រៃកម្ពុជា បានឡើងទៅវគ្គចែកពូល ដោយជោគជ័យហើយ បន្ទាប់ពីបានយកឈ្នះ ក្រុមភ្ញៀវទីម័រឡេស្តេ ដោយលទ្ធផលបច្ចេកទេស ៣-២ នៅស្តាតអូឡាំពិក ដោយឈ្នះ៣ប្រកួតជាប់គ្នាតែម្តង។

៣គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ ទិត្យ ឌីណា មុនពេល ចាន់ វឌ្ឍនាកា បន្ថែម២គ្រាប់នៅនាទីទី១៧ និងនាទីទី៧៨ ជាមួយនឹងការរបូតវិញ២គ្រាប់ដែរក្នុងវគ្គទី១។

សូមទស្សនាវិដេអូ Hihglight មានដូចខាងក្រោម៖

គួរបញ្ជាក់ដែរថា ក្រុមកីឡាករបាល់ទាត់កម្ពុជា ធ្វើបានសម្រេចហើយដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥ម៉ឺនដុល្លារពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយនឹងជ័យជំនះ​ទៅលើទីម័រឡេស្តេ ៣-២ ដែលទើបបញ្ចប់កាលពីយប់មិញនេះ គ្រាដែលឡាវ បានយកឈ្នះប្រ៊ុយណេ ដោយលទ្ធផល ៤-៣ នៅស្តាត RSN។

គោព្រៃកម្ពុជា ពិតជាធ្វើបានល្អមែនទែន តាមរយៈលេង៣ប្រកួតក្នុង ទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិកឈ្នះទាំងអស់ ជាមួយនឹងជ័យជំនះចុងក្រោយទៅលើក្រុមទីម័រឡេស្តេ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឹននាក់ ដោយបាននាំមុខ ១-០ ត្រឹមចាប់ផ្តើមបាន ២នាទី ដោយកីឡាករ ទិត្យ ឌីណា និងគ្រាប់ទី២ ដោយមិត្តរួមក្រុម ចាន់ វឌ្ឍនាកា មុនពេលរបូត២គ្រាប់វិញនៅនាទីទី២០ ដោយបាល់ប៉េណាល់ទី និងនាទី៣៥ ក្នុងវគ្គទី១។

តែយ៉ាងណាក៏ដោយ កីឡាករឆ្នើមប្រចាំក្រុម ចាន់ វឌ្ឍនាកា ពាក់ស្លាកលេខ១១ រកគ្រាប់ជ័យជំនះនៅនាទី៧៨ និងឡើងទៅវគ្គចែកពូលក្នុងពូល B ដោយមានវៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា គ្រាដែលពូលមាន ៤ក្រុម ដូចគ្នាគឺ ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន ដែលនឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]