ចិន៖ ភិរយាក៏ប្រពៃ ថ្វីត្បិតតែស្វាមីខ្វិនពិការ ក្រខ្សត់ គ្មានលុយចាយ គ្មានបាយហូប ឈឺស្កាត់វេទនាក៏ពិតមែន ក៏សុខចិត្តនៅក្បែរថែរក្សា សុខចិត្តដើរសុំទានគេ ដើម្បីយកប្រាប់មកព្យាបាលឲ្យប្តីរបស់ខ្លួន កំពុងតែធ្វើឲ្យមហាជនជាច្រើន រំជួលចិត្ត អាណិតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនផងដែរ។

យោងតាមប្រភព ទីភ្នាក់ងារសារព័ត៌មាន CCTV ដ៏ធំប្រចាំប្រទេសចិន បានចេញផ្សាយបានឲ្យដឹងថា រឿងរ៉ាវដ៏កំសត់វេទនារបស់អ្នកស្រី Liu Conghua និងប្តីរបស់គាត់គឺលោក Guo Jiayin គឺជារឿងដ៏គួរឲ្យសោកសង្រេងមួយជាទីបំផុត ដោយតម្រូវឲ្យពួកគេទាំងពីររស់នៅយ៉ាងវេទនា ដើរសុំទានគេដើម្បីចិញ្ចឹមខ្លួនឯង ក្នុងទីក្រុង Hefei ភាគខាងកើតខេត្ត Anhui ប្រទេសចិន បន្ទាប់ពីលោក Guo ស្វាមីរបស់អ្នកស្រី Liu កើតមានជំងឺម្យ៉ាងហៅថា Motor Neuron ឬអាចថាជាជំងឺស្លាប់មួយចំហៀងខ្លួន ឬខ្វិនពិការ។

បើនិយាយទៅពីមុន លោក Guo មិនខុសពីមនុស្សដទៃឡើយ ពោលគឺរូបលោកមានកាយសម្បទានរឹងមាំល្អ ដូចគេឯង ហើយរូបគាត់ថែមទាំងជា ជាងឈើដ៏ល្បីម្នាក់ក្នុងខេត្ត Shandong ថែមទៀតផង ប៉ុន្តែជាអកុសលបន្ទាប់ពីរូបគាត់ បានរអិលជើងដួលមក ស្រាប់តែធ្វើឲ្យឆាកជីវិត របស់គាត់មានការផ្លាស់ប្តូរ ប្រែក្លាយទៅជាមនុស្សខ្វិនពិការតែម្តង។

ប្រភពដដែលបានបន្តថា កាលពីក្នុងឆ្នាំ២០០៦ កន្លងទៅ អ្នកស្រី Liu ដែលជាភរិយារបស់លោក Guo បានស្វះស្វែងរកគ្រប់វិធីសាស្រ្តទាំងអស់ ដើម្បីព្យាបាលស្វាមីរបស់ខ្លួន ជាមូលហេតុធ្វើឲ្យស្ថានភាពគ្រួសាររបស់គាត់ កាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយសារតែជាប់បំណុលគេច្រើន ដើម្បីយកប្រាក់មកព្យាបាលជំងឺប្តី។ ព្រោះថាការចំណាយទៅលើ ថ្លៃព្យាបាលវេជ្ជសាស្រ្តនេះ គឺពិតជាមានតម្លៃខ្ពស់ រហូតកាន់តែធ្វើឲ្យរូបគាត់ធ្លាក់ខ្លួនក្រ គ្មានអ្វីជាទីពឹង និងគ្មានជម្រើស ក៏សម្រេចចិត្តដើរសុំទានគេតាមដងផ្លូវ ដើម្បីចិញ្ចឹមជីវិតរហូត មកទល់ពេលនេះតែម្តង។ ដោយអ្នកស្រី Liu បានដាក់ប្តីរបស់អ្នកស្រី នៅលើរទេះរុញមួយ ដែលលើនោះរួមមានរបស់របរ ដែលនៅសល់មួយចំនួនតូចផងដែរ។

គួរឲ្យដឹងដែរថា រទេះរុញនេះ គឺត្រូវបានច្នៃប្រឌិត ធ្វើឡើងដោយស្វាមីរបស់គាត់ គឺលោក Guo ជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែក្រោយមកត្រូវបានអ្នកស្រី Liu យកវាមកកែខៃបន្ថែម ដោយខ្លួនអ្នកស្រី បន្ទាប់ពីស្វាមីធ្លាក់ខ្លួនពិការ។

អ្នកស្រី Liu និងលោក Guo ត្រូវបានអ្នកស្រុកជាច្រើន ដែលរស់នៅក្នុងតំបន់ នៃទីក្រុង Hefei ស្គាល់ពួកគេទាំងពីរយ៉ាងច្បាស់ ខណៈក៏មានអ្នកស្រុកមួយចំនួន បានប្រាប់ពួកគាត់ឲ្យទៅសុំទាន នៅទីក្រុងធំ ក្រែងបានប្រាក់កាក់គ្រាន់បើផងដែរ។

អ្នកស្រី Liu និយាយថា «បើទៅសុំទានគេនៅទីក្រុងធំនោះ គឺវាពិតជានៅឆ្ងាយពីផ្ទះរបស់ពួកយើង ហើយមានមនុស្សតិចតួចប៉ុណ្ណោះ ដែលស្គាល់យើង»

ទោះបីជាយ៉ាងណាក្តី ក៏មានអ្នកស្រុកក្នុងទីក្រុង Hefei ជាច្រើនអ្នក បាននាំគ្នាឧបត្ថម្ភផ្តល់ជាសម្លៀកបំពាក់ អាហារ និងទឹកខ្លះៗ ដើម្បីឲ្យប្តីប្រពន្ធដ៏កំសត់ពីរនាក់ បានទទួលទាន និងស្លៀកពាក់ផងដែរ។

ប្រភពបានឲ្យដឹងទៀតថា ដោយសារតែក្តីអាណិតអាសូរនេះហើយ ទើបបានជាមានគ្លីនិកមួយនៅក្នុងតំបន់ បានផ្តល់ការព្យាបាល ដោយឥតគិតថ្លៃជូនលោក Guo ដើម្បីជួយធ្វើយ៉ាងណាឲ្យជើងរបស់គាត់ (លែងស្ពឹក) បានធូរស្បើយជាងមុនផងដែរ។

ទន្ទឹមនឹងនោះផងដែរ ក៏មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានដាក់ Hot Line សម្រាប់ឲ្យមហាជនទូទៅ អាចធ្វើការទំនាក់ទំនង ផ្តល់ជាជំនួយជាថវិកា ឬការបរិច្ចាគផ្សេងៗ ជូនចំពោះប្តីប្រពន្ធដ៏គួរឲ្យអាណិតអាសូរនេះផងដែរ ៕ 

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]