ភ្នំពេញ៖ ស៊ូ យ៉ាទី អ្នកចាំទីឆ្នើមឲ្យក្រុមជម្រើសជាតិកម្ពុជា កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បានឲ្យដឹងថា ខ្លួនជឿជាក់លើក្រុមដែលត្រូវប្រកួតល្ងាចនេះ ទោះបីជាមិនបានលេងយ៉ាងណាក៏ដោយ។

អ្នកចាំទីឲ្យក្លិបបឹងកេតអង្គររូបនេះ បានបន្ថែមឲ្យដឹងទៀតថា « ខ្ញុំនៅតែមានភាពជឿជាក់លើក្រុមនឹងពួកគាត់ទាំងអស់ថាថ្ងៃនេះពួកយើងនឹងឆ្ពោះទៅកាន់ភាពជោគជ័យនៃវគ្គបន្តទៀតសំរាប់ពានរង្វាន់ SUZUKI CUP ដើម្បីចារជាប្រវត្តិសាស្ត្រថ្មីនៃក្រុមជម្រើសជាតិ» ។ នេះបើយោងតាមសារភ្ជាប់ជាមួយនឹងរូបភាព ដែលយ៉ាទីបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិច។ 

គួររំលឹកផងដែរថា កាលពី ២ប្រកួតក្នុងវគ្គជម្រុះ AFC Suzuki Cup កន្លងទៅនេះ គឺមិនមានវត្តមាន អ្នកចាំទីរូបនេះជាប់ក្នុងជម្រើសទីដំបូងទេ ដោយលោកគ្រូបង្វឹក Lee Tae Hoon ដាក់ជំនួសវិញដោយអ្នកចាំទី អ៊ុំ សេរីរ័ត្ន ។ ហើយដោយឡែក ជាមួយនឹងសារដែលបានបង្ហោះនេះ យ៉ាទី អាចនឹងអវត្តមានម្តងទៀត នៅក្នុងការប្រកួតល្ងាចនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកចាំទី ក៏ដូចជាកីឡាករតំណាងឲ្យក្រុមជម្រើសជាតិរូបនេះ នៅតែមានជំនឿទុកចិត្តខ្ពស់ ក្នុងការប្រកួតល្ងាចនេះ ដើម្បីបន្តដំណើរឆ្ពោះទៅពានរង្វាន់ ACF Suzuki Cup ឆ្នាំ២០១៦ នៅខែក្រោយនេះ៕ 

ប្រភព៖ Facebook

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ចាន់ វឌ្ឍនាកា មិនអាចលេងបានពេញ ៩០នាទី ដោយសារ បញ្ហាសុខភាពបន្តិចបន្តួច ។ គួររំលឹកផងដែរថា ជាមួយនឹងសាររបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលបង្ហោះក្នុងទំព័រហ្វេសបុ៊ករបស់ខ្លួន កាលពីថ្ងៃទី១៩ កន្លងទៅ បានឲ្យដឹងថា រូបគេមិនបានបំពេញភារកិច្ចពេញ៩០នាទីទេ ជាមួយក្រុមជម្រើសជាតិកាលពីល្ងាចមិញ ក្នុងការប្រកួតទល់ជាមួយនឹង ប្រ៊ុយណេ គឺដោយសារតែមានបញ្ហាសុខភាពបន្តិចបន្តួច។

ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចេញ ជំនួសវិញដោយកីឡាករផ្សេងទៀតនៅក្នុងតង់ទី២ ដោយលោកគ្រូបង្វឹក Lee Tae Hoon ។ ក្នុងនោះដែរ អ្នកគាំទ្រភាគច្រើន បានគិតថា នេះគឺជាយុទ្ធសាស្រ្តរបស់លោកគ្រូ Lee ដើម្បីទុកជើង វឌ្ឍនាកា នៅប្រកួតក្រោយ ពេលប៉ះ ទីម័រខាងកើត និងផ្សេងទៀតគិតថា ខ្លាច វឌ្ឍនាកា របួសដោយប្រការណាមួយនៅក្នុងការប្រកួត ទើបប្តូរចេញ។ 

គួរបញ្ជាក់ផងដែរថា កីឡាករឆ្នើមរូបនេះ ក៏បានសម្តែងនូវការមិនសប្បាយចិត្តផងដែរ នៅពេលដែលមានបញ្ហាបែបនេះ ប៉ុន្តែមិនថ្វី រូបគេនៅតែជឿជាក់លើក្រុមជម្រើសជាតិរបស់ខ្លួន ទោះបីជាបានប្តូរចេញយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺក្រុមឈ្នះ។

ចំពោះសារដែលបានបង្ហោះវិញ វឌ្ឍនាកា បានសរសេរថា «សូមអរគុណហើយក៏សូមទោសផងដែរចំពោះអ្នកគាំទ្រកម្ពុជាយើងទាំងអស់ ដែលម្សិលមិញខ្ញុំមិនអាចលេងបានពេញ៩០នាទីដោយសារបញ្ហាសុខភាពបន្តិចបន្តួច សូម្បីខ្ញុំផ្ទាល់ក៏មិនសប្បាយចិត្តនឹងខ្លួនឯងដែរ។ តែមិនសំខាន់ថាខ្ញុំលេងបានប៉ុន្មាននាទីទេ អ្វីដែលសំខាន់ជាងនេះគឺក្រុមឈ្នះ។ កម្ពុជាយើងឈ្នះ២ប្រកួតជាប់គ្នាហើយ ហើយកំពុងត្រៀមសាងប្រវត្តិសាស្ត្រថ្មីក្នុងវគ្គជម្រុះ AFF Suzuki Cup 2016 នេះ។ ខ្ញុំនឹងប្រឹងបន្ថែមទៀតដើម្បីក្រុមសម្រាប់ប្រកួតបន្ទាប់» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]