ម្សៅសូដា (Baking Soda) ឬសូដ្យូមបៃកាណាត (Sodium bicarbonate) គឺជាប្រភេទម្សៅម្យ៉ាង ដែលអ្នកគួរមានបម្រុងទុកនៅក្នុងផ្ទះបាយជានិច្ច ព្រោះថាវាក៏អាចនាំយកមកលាងបន្លែផ្លែឈើបន្លែ ឬសាច់ជ្រូកក៏បាន ឬក៏អាចដាក់ក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ក៏បាន ដើម្បីកម្ចាត់ក្លិនអាក្រក់នានា។ នៅក្នុងនោះក៏នៅមាន អត្ថប្រយោជន៍មួយផ្សេងទៀត ដែលមិនត្រូវមើលរំលងនោះគឺ អ្នកក៏អាចយកវាមកខាត់ស្បែកបានយ៉ាងល្អ។

ជាមួយនឹងម្សៅនេះ វាមានរបៀបប្រើស្រដៀងគ្នា ទៅនឹងរូបមន្តនៃការប្រើស្ករ ឬអំបិលនៅក្នុងការខាត់ស្បែកដែរ ដោយអាចជួយឱ្យស្បែករាងកាយ មានភាពស្រស់ស្អាត។ ខាងក្រោមនេះជារូបមន្តដ៏ងាយស្រួលមួយចំនួន សម្រាប់នារីៗ ដែលចង់បានស្បែកសស្អាត៖

#រូបមន្តទី១៖ ជួយបន្ទន់ស្បែករបស់អ្នក។ ដោយលាយម្សៅសូដា ជាមួយម្សៅស្រូវសាលី ទឹកដោះគោស្រស់ និងទឹកឃ្មុំ។ បន្ទាប់មកកូរវាចូលគ្នាឱ្យបានល្អ និងការរង់ចាំម្សៅ ស្រូវសាលីឡើងល្អ (ដាក់ម្សៅស្រូវសាលី ដោយសារតែវាធ្វើឱ្យស្បែកទន់ ហើយប្រេងរបស់វានឹងជួយការពារស្បែក) រួចសឹមនាំមកខាត់ស្បែក ថ្នមៗ ទាំងស្បែកមុខ និងខ្លួន។

#រូបមន្តទី២៖ បង្កើនស្បែកឱ្យសចាំងភ្លឺ។ ដោយការប្រើម្សៅសូដា ២ស្លាបព្រាបាយ លាយទឹកឃ្មុំ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ១ស្លាបព្រាបញ្ចូលជាមួយគ្នា។ បន្ទាប់មកយកមកខាត់លើស្បែកតិចៗ ពេលនោះ AHA ដែលចេញពីក្រូចឆ្មារ នឹងជួយឱ្យកោសិកាស្បែកចាស់ៗ របស់អ្នករបេះចេញ និងបង្កើតកោសិកាស្បែកថ្មី ជំនួសវិញ រីឯទឹកឃ្មុំនឹងជួយបន្ថែមសំណើម ដល់ស្បែកបានយ៉ាងល្អ។

#រូបមន្តទី៣៖ ប្រើត្រដុសស្បែកស្ងួត នឹងនាំឱ្យកោសិកាស្បែកថ្មីនៅជុំវិញកែងជើង ជង្គង់ កែងដៃជាដើម ដុះសាថ្មីយ៉ាងល្អ។ នាំម្សៅសូដា ៣ ភាគ លាយទឹក១ភាគ បញ្ចូលគ្នា ហើយដុសសម្អាតត្រង់បរិវេណមានបញ្ហា។ បន្ទាប់មកលាងជម្រះចេញ នោះវានឹងទៅជួយរក្សាជាតិសំណើម ដល់ស្បែកទាំងនោះ។ សូមណែនាំឱ្យធ្វើ ២-៣ដង ក្នុង១សប្តាហ៍។

#រូបមន្តទី៤៖ មនុស្សមួយចំនួននិយមនាំម្សៅសូដា ដើម្បីដុសកម្ចាត់មុនក្បាលខ្មៅ នៅលើច្រមុះ។ វិធីធ្វើនោះ គឺគ្រាន់តែយកម្សៅសូដា លាយជាមួយទឹកធម្មតា បន្ទាប់មកនាំយកទៅខាត់នៅលើច្រមុះ ជាពិសេសកន្លែងកើតមុនច្រើនបំផុត បន្ទាប់មកលាងជាមួយទឹកស្អាតចេញ។ គួរធ្វើ១-២ដងក្នុងមួយសប្តាហ៍ ព្រោះវាក៏ជួយព្យាបាលមុនឱ្យ បានជាសះស្បើយទាំងស្រុងផងដែរ និងមិនត្រូវឧស្សាហ៍កេះវាទេ ចៀសវាងការបង្កើនចំនួនមុន លើច្រមុះច្រើនលើសដើម។

#រូបមន្តទី៥៖ នាំយកមកលាបលើបបូរមាត់ ក៏បានដើម្បីកម្ចាត់ស្នាមបបូរមាត់ប្រេះ។ រូបមន្តគឺ៖ ទឹកឃ្មុំ១ស្លាបព្រាបាយ ម្សៅសូដាកន្លះស្លាបព្រាកាហ្វេ។ លាយចូលគ្នា បន្ទាប់មកម៉ាស្សាថ្នមៗនៅលើបបូរមាត់របស់អ្នក។ ទុកចោលមួយសន្ទុះ សឹមលាងជម្រះចេញជាមួយទឹកស្អាត បន្ទាប់លាបក្រេមការពារជាការស្រេច។ យកល្អបំផុតគួរធ្វើមួយសប្តាហ៍១ដង នោះអ្នកនឹងមានបបូរមាត់ទន់រលោង និងមានសុខភាពល្អជានិច្ច។

ប៉ុន្តែសូមចងចាំថា ប្រសិនបើអ្នកចង់នាំយករូបមន្តខាងលើ មកខាត់នៅលើមុខ គួរធ្វើដោយស្រាលដៃជាទីបំផុត ព្រោះស្បែកមុខយើងស្តើងណាស់ ហើយផុយស្រួយជាងកន្លែងនានា ដែលអាចបណ្តាលឱ្យមានការរលាកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]