រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​ពិធី​ការិនី​ទូរទស្សន៍​កញ្ញា​ជី​ជី​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​បើករថយន្ត​យ៉ាង​លឿន​បត់​ ចូល​ផ្ទះ​ត្រូវ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​បើក​លឿន​ដូច​គ្នា​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ ទៅ​បុក​ពេញទំហឹង​ចំ​ទ្វារ​មុខ​ចំហៀង​ ខាងស្តាំ​បណ្តាល​ឲ្យ​ខូចខាត​ទាំង​២​គ្រឿង ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ មុខ​ច្រកចូល​បុរី​ពិភព​ថ្មី​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​របស់​ប្អូន​ពិធី​ការិនី កញ្ញា ជី​ជី ម៉ាក​កាម​រី ហា​យ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-3335 បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​មិន​បាន​បន្ថយល្បឿន និង​អត់​ស៊ី​ញ៉ូ​ទេ ស្រាប់តែ​បត់​ឆ្លង​ចូល​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​តែ​ម្តង ស្រប​ពេល​នោះ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ ពណ៌​ខៀវ បើកបរ​ដោយ​បុរស​ចំណាស់​ ម្នាក់​តាម​ផ្លូវ​ហាណូយ​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​វ៉ា​ក់​អើ​ ចាប់​ហ្វ្រាំង​អូស​ជា​ច្រើន​ម៉ែត្រ​ជ្រុល​ ទៅ​បុក​ផ្ទប់​រថយន្ត​ហា​យ​ប្រ៊ី​ត​កំ​ពិត​ទ្វារ​មុខ និង​វៀច​ម៉ែត្រ​ចង្កូត​កង់​ផ្នែក​ខាងស្តាំ​ធ្ងន់ធ្ងរ រី​រថយន្ត​កូរ៉េ​ផុង​កាង​ដែក​ខាង​មុខ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​ទាំង​ ២​នាក់​មិន​មាន​នរណា​ម្នាក់​ រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​វត្តមាន​កញ្ញា ជី​ជី ជា​បងស្រី និង​បងប្អូន​ចេញ​មុខ​មក​ដោះស្រាយ​សុំ​ឲ្យ​ខាង​រថយន្ត​ កូរ៉េ​ចេញថ្លៃ​ជួសជុល​ទាំងស្រុង ពោល​គឺ​យក​រថយន្ត​ទៅ​ជួសជុល​ឲ្យ​ដូច​ដើម តែ​ត្រូវ​ខាង​រថយន្ត​កូរ៉េ​បដិសេធ ព្រោះ​គាត់​ជា​អ្នកបើកបរ ជា​កម្មករ​គេ​ដែរ គាត់​មាន​លទ្ធភាព​ឯណា​សង ហើយ​គាត់​ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហើយ តែ​តំណាង​ក្រុមហ៊ុន​នៅ​ខេត្ត​ឆ្ងាយ​ពិបាក​ ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទាំង​យប់ តែ​ខាង​កញ្ញា ជី​ជី​មិន​ព្រម​សុំ​ឲ្យ​ចេញ​មក​ដោះ ស្រាយ​សង​ទាំង​យប់ ។

នៅ​ទីបំផុត ដោយ​ការ​ជជែក​វែកញែក​គ្នា​បែកផ្សែង​ហើយ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ចុង​ក្រោយ​ក៏​សម្រេច​ឲ្យ​ សមត្ថកិច្ច​ជំនាញ​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ព្រឹក​បន្ត​ទៀត ៕

ប្រភព៖ កោះសន្ដិភាព

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីម៉ោង ១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះដូចគ្នា​ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏មានករណីយុវជន២នាក់ ត្រូវជនល្មើសមួយក្រុមជិះម៉ូតូដេញ តាមប្លន់ពីក្រោយ ស្រាប់តែភ័យពេកបានដួលម៉ូតូ ក៏ត្រូវជនល្មើសជិះយកទៅបាត់

ជនរងគ្រោះម្នាក់ឈ្មោះ យូហាន ស្នាក់នៅខណ្ឌព្រែកព្នៅ បានប្រាប់ថា មុនកើតហេតុ គឺរូបគេ និងមិត្តភក្តិម្នាក់ទៀត មកពីផឹកស៉ី ដោយជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលត្រូវក្រុមចោរដេញប្លន់ យកទៅបាត់នោះ មកពីម្តុំទួលសង្កែ។

ជនរងគ្រោះបានបន្តទៀតថា ស្រាប់តែខ្លួន និងមិត្តភក្តិកំពុងតែជិះលើផ្លូវលេខ៥៩៨ ក្នុងគោលបំណងទៅផ្ទះ នៅឯព្រែកព្នៅនោះ ក៏មានជនល្មើសមួយក្រុមជិះម៉ូតូ ពីរគ្រឿងម៉ាក Dream125 តាមពីក្រោយឃើញដូចនោះ ជនរងគ្រោះទាំងពីរភ័យពេក ខំប្រឹងជិះម៉ូតូរត់តែជិះមកជិត ដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានដួលម៉ូតូក៏ធ្វើឲ្យក្រុមចោរដេញប្លន់ ទាំងនោះបានមកទាន់ ហើយក៏ដេញវាយជនរងគ្រោះទាំងពីរ រត់ចែកជើងគ្នាធ្វើឲ្យក្រុមប្លន់លើកយកម៉ូតូជនរងគ្រោះជិះចេញ ទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះទាំងពីរ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលសង្កែ ទាំងសោកស្តាយម៉ូតូ ដែលក្រុមចោរប្លន់យកទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]