កូរ៉េខាងជើង៖ កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញនេះ សារព័ត៌មានដេលីម៉ែល បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ស្វាឪមួយក្បាលនៅក្នុងប្រទេស កូរ៉េខាងជើង ដែលចេះជក់បារី កំពុងទាក់ទាញភ្ញៀវទេសចរជាខ្លាំង នៅសួនសត្វទើបបើកថ្មីមួយកន្លែង ក្នុងទីក្រុងព្យុងយ៉ាង ដោយស្វាញីនេះបានបង្កើតទម្លាប់ជក់បារី ២០ ដើមក្នុងមួយថ្ងៃ។

សត្វស្វាញី ដែលក្លាយជាតារាប្រចាំសួនសត្វ ក្នុងរដ្ឋធានីព្យុងយ៉ាងនេះ មានឈ្មោះថា Azale ដោយវាអាចបង្រៀនខ្លួនឯងឱ្យចេះកេះ ដែកកេះជក់បារីថែមទៀតផង។ ស្វាឪអាយុ ១៩ ឆ្នាំនេះស្ថិតក្នុងចំណោមស្វាឪពីរក្បាលគត់ នៅសួនសត្វក្រុងព្យុងយ៉ាង ហើយអ្នកទេសចរតែងផ្ទុះសំណើចជានិច្ច ពេលវាអង្គុយបង្ហុយផ្សែងបារី។

ប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នស្វាញីមួយក្បាលនេះ ជក់បារីមួយថ្ងៃអស់មួយកញ្ចប់ និងថែមទាំងចេះរកភ្លើងសម្រាប់ជក់បារីទៀត ប្រសិនបើគ្មានដែកកេះ ដោយបញ្ឆេះបារីរបស់វា ជាមួយរងើកកន្ទុយបារីដែលត្រូវបានបោះចោល។

គួរបញ្ជាក់ថា ស្វាឪ Azale នេះក៏មានឈ្មោះជាភាសាកូរ៉េ ដែរថា Dalle ហើយអ្នកបង្ហាត់របស់វាដែលនៅក្នុងសួនសត្វនេះ គឺជាអ្នកបង្រៀនវាឱ្យចេះទម្លាប់ជក់បារីដូចនេះ។ វាត្រូវបានគេបង្ហាត់ឲ្យចេះជក់បារី តែវាមិនបានស្រូបផ្សែងបារីចូលទៅក្នុងសួតនោះឡើយ។

ស្វាឪ Azale នេះក៏ចេះឲ្យអ្នកទស្សនាប៉ះច្រមុះរបស់វា រាំ និងលត់ជង្គង់អរគុណទៀតផង ដោយសួនសត្វនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនចូលមកទស្សនាជារៀងរាល់ថ្ងៃ។ មិនត្រឹមតែស្វាឪនោះទេ សត្វដំរី សត្វកវែង ផេងឃ្វីន និងសត្វស្វាជាច្រើនប្រភេទទៀត រួមទាំងសារមន្ទីរប្រវត្តិសាស្រ្ត ដែលមានបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងការបង្ហាញពីប្រភពដើម នៃប្រព័ន្ធព្រះអាទិត្យ និងការវិវត្តន៍នៃជីវិតនៅលើផែនដី ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរឲ្យទៅទស្សនាច្រើនផងដែរ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]