ចិន៖ កាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០១៦ នៅវេលាម៉ោងប្រមាណជា ៤ល្ងាចម្សិលមិញនេះ ក្រុមអ្នកអង្កេតការណ៍នៃទីក្រុងហុងកុង បានចេញសេចក្តីព្រមានមួយ ទាក់ទងទៅនឹងសញ្ញានៃព្យុះភ្លៀង (Black Rainstrom) ដែលគេរំពឹងទុកថា នឹងវានឹងបន្តធ្លាក់ខ្លាំងជាថ្មីម្តងទៀត ក្នុងកម្រិតទឹក៧០មីលីម៉ែត្រ ក្នុងមួយម៉ោង។ ក្នុងនោះប្រជាជនជាច្រើន ក៏ត្រូវបានណែនាំឲ្យរកទីទួលមានសុវត្ថិភាព ដើម្បីធ្វើការស្នាក់អាស្រ័យបណ្តោះអាសន្នផងដែរ នេះបើតាមយោងតាមប្រភព សារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយ។

ដោយឡែក យោងតាមផែនទីអង្កេតការណ៍ បានបង្ហាញឲ្យឃើញថា ភាគច្រើនចំនួនទឹកភ្លៀងនឹងបន្តធ្លាក់ខ្លាំង នៅលើកោះហុងកុង តំបន់ភាគខាងត្បូង និងតំបន់ Kowloon ភាគកណ្តាល នៃប្រទេសចិនផងដែរ។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាយជាសាធារណៈ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះវិញ បង្ហាញពីទិដ្ឋភាព ទឹកកំពុងតែជន់លិចយ៉ាងខ្លាំង នៅលើបណ្តោយផ្លូវ Queen’s Road East និងផ្លូវ Stubb’s Road ក្នុងតំបន់ Wan Chai ភាគខាងជើងនៃឆ្នេរសមុទ្រ ហុងកុង។ ជាពិសេស តំបន់ភាគកើតនៃកោះហុងកុងតែម្តង ដែលទទួលរងឥទ្ធិពល ពីទឹកជំនន់ខ្លាំងជាងគេ ដូចជានៅតាមបណ្តោយផ្លូវ King’s Road នៃតំបន់ Fortress Hill ជាដើម។

ប្រភពដដែលបានឲ្យដឹងទៀតថា នាយប់ថ្ងៃទី១៩ម្សិលមិញនេះ កម្រិតនៃទឹកភ្លៀងធ្លាក់មានការអន់ថយជាងមុន ហើយវានឹងប្រសើរឡើងវិញនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២០ តុលា នេះតែម្តង ។ យ៉ាងណាមិញ គេរំពឹងនឹងជឿជាក់ថា ព្យុះទីហ្វុង Haima ចេញពីហុងកុង នឹងបន្តវាយប្រហារទៅកាន់កោះ Luzon នៃប្រទេសហ្វីលីពីន និងសមុទ្រចិនខាងត្បូង នាព្រឹកថ្ងៃស្អែកនេះផងដែរ។

គួរឲ្យដឹងដែរថា ព្យុះទីហ្វុង Haima នេះ ត្រូវបានគេព្យាករថា នឹងបកមកវាយប្រហារ មកលើទីក្រុងហុងកុង នាថ្ងៃសុក្រសប្តាហ៍នេះ ជាមួយនឹងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ជាថ្មីម្តងទៀតផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ព្យុះទីហ្វុង Meranti បន្តបោកបក់ទៅកាន់តំបន់ ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីវាយប្រហារ យ៉ាងវឹកវរនៅ កោះតៃវ៉ាន់។

ប្រភពបានឲ្យដឹងថា ព្យុះទីហ្វុង Meranti ត្រូវគេចាត់ទុកថា ជាព្យុះដែលមានកម្លាំងខ្លាំងជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តជាមួយនឹងល្បឿនចាប់ពី ២២៧គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ។

គួររំលឹកថា ប្រជាជនប្រមាណកន្លះលាននាក់​ រស់នៅកោះតៃវ៉ាន់ ត្រូវបានជម្លៀសចេញពីផ្ទះសំបែង កាលពីប៉ុន្មានថ្ងៃជាប់ៗគ្នានេះផងដែរ។

ដោយឡែកតាមប្រភពព័ត៌មាន ដែលទទួលបាន នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ កញ្ញា ២០១៦ នេះវិញ បានរាយការណ៍ថា ព្យុះទីហ្វុង Meranti បានវាយលុកចូលមកក្បែរ តំបន់ប៉ែកអាគ្នេយ៍នៃទីប្រជុំជនក្រុង Xiamen ប្រទេសចិន ជាមួយនឹងល្បឿនខ្យល់បង្គួរតែបានបណ្តាលឲ្យបាក់ស្រុតដីជាច្រើនកន្លែងផងដែរ។

ប្រភពបន្តថា ជើងហោះហើរ និងខ្សែរថភ្លើងជាច្រើនកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ត្រូវបានលុបចោល ខណៈប្រជាជនប្រមាណ១០ពាន់នាក់ កំពុងតែត្រូវបានធ្វើការជម្លៀសចេញ ជាបន្តបន្ទាប់ផងដែរ។ មិនតែប៉ុណ្ណោះ ការបាក់ដីដែលបណ្តាលមកពី កម្លាំងខ្យល់ព្យុះទីហ្វុងនេះ ក៏បានបង្កជាការរំខានមួយ ក្នុងការប្រារព្ធធ្វើពីធីសែននំ ព្រះខែ ឬហៅថា «Mid-Autumn Festival» របស់ប្រជាជនចិនថែមទៀតផង។

គួរបញ្ជាក់ដែរថា នៅកោះតៃវ៉ាន់ មានមនុស្សស្លាប់ដោយសារព្យុះទីហ្វុង Meranti នេះចំនួនម្នាក់ និងមានអ្នករងរបួសចំនួន ៣៨នាក់ នេះបើតាមការឲ្យដឹងពីសំណាក់ មន្រ្តីជំនាញ។ តាមរយៈការព្យាករណ៍ វាអាចទៅរួចដែលកម្លាំងខ្យល់ព្យុះទីហ្វុងនេះ នឹងបង្កឲ្យមានការបាក់ស្រុតដី ជាបន្តទៀតនៅតាមតំបន់ភ្នំ នឹងនៅតាមតំបន់មួយចំនួនទៀត ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ ៨០០មីលីម៉ែត្រផងដែរ។

ទន្ទឹមនឹងនោះផងដែរ សាលារៀន និងការិយាល័យជាច្រើនកន្លែង គឺសុទ្ធតែត្រូវបានបិទទ្វារ ភាគច្រើនស្ថិតនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស និងរងការប៉ះពាល់ខ្លាំងរហូតដល់ទៅ ប្រមាណ ៦៥០,០០០គ្រួសារ ដែលរស់នៅក្នុងតំបន់រងគ្រោះ។ បង្គោលភ្លើងអគ្គីសនី និងដើមឈើជាច្រើន គឺសុទ្ធសឹងតែត្រូវបានដួលរលំ ដោយសារតែកម្លាំងខ្យល់ព្យុះ សូម្បីតែរថយន្តដឹកទំនិញ និងដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានរបើក ប៉ើងចេញគ្មានសល់ដែរ។

ព្យុះទីហ្វុងមួយផ្សេងទៀតឈ្មោះថា Malakas ត្រូវបានគេរំពឹងថា នឹងវាយប្រហារបោកបក់ មកកាន់តំបន់កោះតៃវ៉ាន់ ជាថ្មីម្តងទៀតនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងសប្តាហ៍នេះ ប៉ុន្តែតាមការព្យាករណ៍ វាអាចមិនបណ្តាលឲ្យបាក់ស្រុកដីនោះទេ។

គួររំលឹកផងដែរថា កោះតៃវ៉ាន់ជាញឹកញាប់តែងតែ ត្រូវរងការវាយប្រហារពីឥទ្ធិពល ខ្យល់ព្យុះទីហ្វុង Dujuan និងធ្លាប់បានសម្លាប់មនុស្ស អស់៣នាក់ និងអ្នករងរបួសប្រមាណជា ៣០០នាក់រួចមកហើយកាលពីអំឡុងឆ្នាំ២០១៥ ផងដែរ។ លុះដល់អំឡុងខែកក្កដា ២០១៦ មនុស្ស៣នាក់ បានស្លាប់ និងរាប់រាប់រយនាក់ផ្សេងទៀត រងរបួសដោយសារព្យុះទីហ្វុង ដែលមានឈ្មោះថា Nepartak បោកបក់មកកាន់តំបន់ឆ្នេរកោះតៃវ៉ាន់៕      

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]