មនុស្សគ្រប់គ្នា ជុំវិញពិភពលោកយើងនេះ ប្រាកដជាធ្លាប់បានស្គាល់សំណង់ស្ថាបត្យកម្មល្បីៗជាច្រើនរួចមកហើយ រួមមានដូចជា មហាកំពែង របស់ប្រទេសចិន ទួលអេហ្វែល របស់ប្រទេសបារាំង ឬក៏ Taj Mahal របស់ប្រទេសឥណ្ឌាជាដើម។ ប៉ុន្តែ ផ្ទុយទៅវិញ មានសំណង់អច្ឆរិយៈជាច្រើនផ្សេងទៀត លើភពផែនដីយើងនេះ ដែលមានភាពប្លែកអស្ចារ្យ និងមិនសូវមានអ្នកធ្លាប់បានស្គាល់ពីមុនមកឡើយ។

តោះយើងទៅតាមដាន ទាំងអស់គ្នា ថាតើស្ថាបត្យកម្មទាំងនោះ មានភាពស្រស់ស្អាតអស្ចារ្យ ដល់កម្រិតណា! 

១. The Great Mosque of Djenné ក្នុងប្រទេស ម៉ាលី

The Great Mosque of Djenné គឺជាសំណង់អាគារ ដែលសាងសង់ឡើងពីឈើ និងដីឥដ្ឋភក់ តាំងពីសត្សវត្សទី ១៣ និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Djenné នៃប្រទេស ម៉ាលី។ សំណង់ដែលមានអាយុកាលជាង ១០០ ឆ្នាំនេះ ជាវិហារឥស្លាមដំបូងគេក្នុងប្រទេសម៉ាលី ប្រកបទៅដោយភាពល្បីល្បាញពាសពេញ ទ្វីបអាហ្រ្វិក និងត្រូវបានចាត់ចូលជា បេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO ក្នុងឆ្នាំ ១៩៨៨ ជាមួយនឹង Djenné ដែលជាទីក្រុងដ៏ចំណាស់ផងដែរ។ ប៉ុន្តែគួរឲ្យសោកស្តាយ បច្ចុប្បន្ននេះ វិហារនេះត្រូវបានបិទ លែងទទួលភ្ញៀវទេសចរចូលទស្សនាទៅហើយ។ 

២. Chand Baori ក្នុងប្រទេស ឥណ្ឌា

Chand Baori គឺជាប្រភេទប្រាសាទ ដែលមានជណ្តើរព័ទ្ធជុំវិញ ជ្រៅដូចអណ្តូង មានទីតាំងក្នុងភូមិ Abhaneri ស្រុក Dausa រដ្ឋ Rajasthan ប្រទេស ឥណ្ឌា។ Chand Baori គឺជាអណ្តូងជណ្តើរ ដែលមានអាយុកាលចាស់ជាងគេ និងជ្រៅជាងគេ ក្នុងពិភពលោក។ សំណង់ដ៏ធំសម្បើមនេះ សាងសង់ស្រដៀងទៅនឹង ពីរ៉ាមីតដែរ ប៉ុន្តែគ្រាន់តែ បញ្រ្ចាសទៅក្រោមដីវិញ ប្រមាណជា ៣០ ម៉ែត្រ។ ជ្រុងជញ្ជាំងទាំង ៣ របស់ប្រាសាទនេះ មានជណ្តើរចោតខ្លាំង ៣,៥០០ កាំ ចំនួន ១៣ ដំណាក់ ដែលនឹងនាំអ្នកចុះទៅ បឹងពណ៌បៃតងតូចមួយនៅខាងក្រោមនោះ។ 

៣. The Palace of the Parliament ក្នុងប្រទេស រ៉ូម៉ានី

The Palace of the Parliament គឺជាវិមានរដ្ឋសភា ប្រចាំប្រទេស រ៉ូម៉ានី មានទីតាំងនៅ Dealul Arsenalului កណ្តាលទីក្រុង Bucharest និងជាអាគាររដ្ឋបាលធំជាងគេបំផុត ទីពីរ បន្ទាប់ពីអាគារ The Pentagon របស់ប្រទេស អាមេរិក។ អាគារនេះ មានកម្ពស់ ៨៤ ម៉ែត្រ ផ្ទៃក្រឡា ៣៦៥,០០០ ម៉ែត្រការ៉េ និងមានទំហំ ២,៥៥០,០០០ ម៉ែត្រគូប ហើយថែមទាំងត្រូវបានគេចាត់ទុកថា ជាអាគារដែលមានទម្ងន់ធ្ងន់ជាងគេបង្អស់ របស់ពិភពលោកទៀតផង។ អាគារយក្ស ដ៏អស្ចារ្យនេះ មាន ១២ ជាន់ (នៅក្រោមដី ៨ ជាន់បន្ថែមទៀត) និងមានបន្ទប់ចំនួន ៣,១០០ បន្ទប់ក្នុងនោះផងដែរ។ 

៤. Stari Most (The Old Bridge) ក្នុងប្រទេស Bosnia-Herzegovina

Stari Most គឺជាស្ពានចំណាស់មួយ ដែលមានតាំងពីឆ្នាំ ១៥៦៦ និងឆ្លងកាត់ទន្លេ Neretava រវាងទីក្រុង Mostar នៅក្នុងប្រទេស Bosnia-Herzegovina ។ ស្ពានដ៍ចំណាស់នេះ ចម្លងមនុស្សអស់រយៈពេល ៤២៧ ឆ្នាំ រហូតទាល់តែត្រូវបានបំផ្លាញ ដោយសង្រ្គាមក្នុងឆ្នាំ ១៩៩៣។ ប៉ុន្តែ ស្ពាននេះក៏ត្រូវបានសាងសង់ឡើងវិញ រួចរាល់នៅឆ្នាំ ២០០៤។ ស្ពាន Stari Most ក៏ត្រូវបានចាត់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO ក្នុងឆ្នាំ ២០០៥។ ភ្ញៀវទេសចរ ដែលទៅលេងនៅទីនោះ តែងតែទៅហក់ចូលទឹកលេង ពីលើស្ពានថែមទៀតផង។ 

៥. Kumbhalgarh Fort ក្នុងប្រទេស ឥណ្ឌា

Kumbhalgarh Fort គឺជាបន្ទាយសាសនា Mewar នៅលើជួរភ្នំ Aravalli Hills ខាងលិច ជិតស្រុក Udaipur រដ្ឋ Rajasthan ប្រទេស ឥណ្ឌាប៉ែកខាងលិច។ កាលពីជំនាន់បុរាណ គេហៅបន្ទាយនេះថា “Guardian of Death” ឬ “Eye of Mewar”។ បន្ទាយ Kumbhalgarh Fort ត្រូវបានព័ទ្ធជុំវិញ ដោយជញ្ជាំងដ៏រឹងមាំ លាតសន្ធឹងប្រវែង ៣៦ គីឡួម៉ែត្រ និងមានកម្ពស់រហូតដល់ទៅ ៨ ម៉ែត្រ។ បន្ទាយនេះ ក៏ជាកំណើតរបស់ស្តេចចម្បាំងនៃ Mewar ផងដែរ។ Kumbhalgarh Fort ត្រូវបាន ចាត់ចូលជាបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ ២០១៣ ក្នុងសម័យប្រជុំលើកទី ៣៧ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាយើងទៀតផង។ 

៦. Sheikh Lotfollah Mosque ក្នុងប្រទេស អ៊ីរ៉ង់

វិហារ Sheikh Lotfollah Mosque ជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ និងមានទីតាំងស្ថិតនៅក្នុងតំបន់ Naqsh-e Jahan Square ទីក្រុង Isfahan ប្រទេស អ៊ីរ៉ង់។ វិហារនេះ ត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ ១៦០២ ដល់ ១៦១៩ ក្នុងរាជវង្ស Safavid។ លក្ខណៈពិសេស របស់វិហារ Sheikh Lotfollah Mosque គឺមិនសូវជាមាន ទីធ្លាអ្វីច្រើនទេ ព្រោះគេជឿថាមកពី វិហារនេះសាងសង់ឡើងមិនមែន សម្រាប់ប្រើប្រាស់ជាសាធារណៈទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាកន្លែងគោរពបូជា សម្រាប់ស្នំ របស់ស្តេចជំនាន់មុនប៉ុណ្ណោះ។ 

៧. Derawar Fort ក្នុងប្រទេស ប៉ាគីស្ថាន

Derawar Fort គឺជាបន្ទាយរាងការ៉េ ដ៏ធំមួយ លើវាលខ្សាច់ Pakistani នៅក្នុងទីក្រុង Bahawalpur រដ្ឋ Punjab ប្រទេសប៉ាគីស្ថាន។ បន្ទាយនេះ មានកម្ពស់រហូតដល់ទៅ ៣០ ម៉ែត្រ និងមានវិមាត្រ ១,៥០០ ម៉ែត្រ ដែលអ្នកណាៗ ក៏អាចមើលវាឃើញ ក្នុងចម្ងាយរាប់រយម៉ែត្រដែរ។ បន្ទាយ Derawar Fort ត្រូវបានសាងសង់ឡើងដោយ Rai Jajja Bhatti តាំងពីសត្សវត្សទី ៩ មកម្ល៉េះ។ ជាក់ស្តែង សូម្បីតែប្រជាជន ដែលនៅទីនោះក៏មិនសូវបានណែនាំភ្ញៀវទេសចរ ឲ្យទៅទស្សនាបន្ទាយនេះដែរ ហេតុនេះហើយ ទើបបានជាមិនសូវមានអ្នកស្គាល់ទាល់តែសោះ៕ 

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]