ចិន៖ ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណែតនៅចិនជាច្រើន រំជួលចិត្ត ក្រោយពីបានឃើញរូបភាពគ្រូបង្រៀនម្នាក់ សុខចិត្តទទូរឆ័ត្របង្រៀនសិស្សនៅក្នុងថ្នាក់ បើទោះបីជាដំបូលអគារសាលា មានការប្រេះស្រាំ និងជ្រាបទឹកហូរស្រក់សឹងរាល់ថ្ងៃក៏ដោយ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន China Youth Daily បានរាយការណ៍ឲ្យដឹងថា ថ្នាក់រៀនមួយនេះ ត្រូវបានគេស្គាល់ថាជាបន្ទប់រៀនលេខ១២៦ ថ្នាក់ទី៨ នៃសាលា No. 1 Middle School ប្រចាំទីក្រុង Shouzhou ភាគខាងជើងខេត្ត Shanxi ប្រទេសចិន។

បើតាមលោក Zheng Liang ដែលជាគ្រូបង្រៀននៅក្នុងរូបភាពនោះ បានឲ្យដឹងថា រូបលោកបង្រៀនបែបនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ  ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង មកលើទីក្រុង Shouzhou តាំងពីអំឡុងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦មកម៉្លេះ។

បន្ទាប់ពីភ្លៀងរាំង ទឹកបានហូរជ្រាបតាមដំបូលសាលា ចូលដល់ក្នុងថ្នាក់រៀន ជាហេតុធ្វើឲ្យសិស្ស ត្រូវមកផ្តុំគ្នាអង្គុយរៀន ឆ្ងាយពីកន្លែងជ្រាបទឹកហូរស្រក់។  លោកគ្រូ Zheng Liang ឲ្យដឹងទៀតថា លោកបានដាក់ធុងទឹកមួយ  សម្រាប់ត្រងទឹកដែលហូរស្រក់មក និងបង្រៀនសិស្សបណ្តើរ ដៃកាន់ឆ័ត្របណ្តើរ ការពារដើម្បីកុំឲ្យទឹកស្រក់ត្រូវផងដែរ។

កូនសិស្សម្នាក់សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់មកកាន់អ្នកយកព័ត៌មានថា «ភ្លៀងធ្លាក់ជោគជាំ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់»

សិស្សជាច្រើនផ្សេងទៀត បានឲ្យដឹងដែរថា ឲ្យតែពេលណាមានភ្លៀងម្តងៗ ដឹងតែអាសន្នហើយ  ទាំងគ្រូទាំងសិស្ស  ព្យាយាមរកគ្រប់វិធីសាស្រ្ត ដើម្បីទប់ស្កាត់ការជន់លេចនៅក្នុងបន្ទប់រៀន។

ចំណែកនាយកសាលាវិញ លោក Wang Sen មានប្រសាសន៍ថា ស្ថានភាពនៅបន្ទប់រៀនលេខ ១២៦ នេះ គឺពិតជាយ៉ាប់យ៉ឺនណាស់។ លោកប្រាប់ថា «បើនិយាយទៅស្ទើរតែគ្រប់ថ្នាក់រៀនទាំងអស់ទៅហើយ ដែលជួបបញ្ហាបែបនេះ រួមទាំងបន្ទប់ការិយាល័យគ្រូ ដែលស្ថិតនៅជាន់ទី៥នេះផងដែរ ព្រោះថាដំបូលគឺសុទ្ធសឹងតែងធ្លុះធ្លាយទាំងអស់»

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរូបភាពខាងលើ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមមក បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត និងនាំគ្នារិះគន់យ៉ាងខ្លាំងៗផងដែរ ដោយមានអ្នកខ្លះវាយប្រហារទៅលើរដ្ឋាភិបាលក្នុងតំបន់ផងដែរ ដែលមិនបានបើកភ្នែកមើលយកចិត្តទុកដាក់ លើបញ្ហាមួយនេះ ដើម្បីជួយកែលម្អសាលាក្នុងតំបន់របស់ខ្លួន៕

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]