ភ្នំពេញ៖ កាលពីយប់មិញ ផលិតកម្មរស្មីហង្សមាស បានបង្ហោះនូវវីដេអូ (Teaser) ដែលច្រៀងដោយ អតីតបេក្ខជនរដូវកាលទី២ The Voice Cambodia កញ្ញា រ៉េត សូ៊ហ្សាណា មានចំណងជើងថា "Baby I Promise You"។

ចំពោះបទចម្រៀងទី១ របស់តារាស្រីរូបនេះ មានចំណងជើងថា "ឈប់" ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកគាំទ្រសរសើរគ្រប់គ្នាថា ទាំងសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀង ពិតជាពិរោះ ស្តាប់មិនជិនណាយ។ រីឯបទថ្មី "Baby I Promise You" ដែលទើបចេញក្តៅៗនេះវិញ ក៏ពិរោះប្លែកផងដែរ ជាមួយនឹងការច្រៀងភាសាខ្មែរ លាយភាសាអង់គ្លេស។  

បើក្រឡេកមើលមតិភាគច្រើន របស់អ្នកលេងបណ្តាញសង្គម ក៏បានពេញចិត្តនូវទឹកដមរបស់តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត សូ៊ហ្សាណា ដែរ តែពួកគេមានអារម្មណ៍ ថាផលិតកម្មរស្មីហង្សមាស ហាក់ដូចជាចេញបទឲ្យនាងច្រើនជាងគេ ខណៈដែលអតីតបេក្ខជន The Voice Cambodia មានសមត្ថភាពខ្លាំងដូចគ្នា តែចេញចម្រៀងឲ្យតែមួយបទ ឬក៏គ្មានផង។ ជាពិសេស ក៏មានអ្នកខ្លះបានគិតថា ការធ្វើបែបនេះដូចជាកាន់ជើង និងលើកតម្កើងកញ្ញា រ៉េត សូ៊ហ្សាណា ខ្លាំងពេកហើយ។

នេះគ្រាន់តែជាមតិមួយចំនួន របស់អ្នកលេងបណ្តាញសង្គម ដែលបាននិយាយពាក់ព័ន្ធ ជាមួយនឹងការចេញបទថ្មីរបស់កញ្ញារ៉េត សូ៊ហ្សាណា។ ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ចង់ដឹងថា បទ "Baby I Promise You" របស់ហ្សាណា ប្លែកយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា គណនីហ្វេសប៊ុកផេក របស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះនូវវីដេអូ(Teaser)ខ្លីមួយ ប្រមាណជា១នាទីជាង ដែលបង្ហើបពីបទចម្រៀងថ្មី Original Song និង ជាបទចម្រៀងដំបូងបង្អស់ របស់អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ នោះគឺ រ៉េត សូ៊ហ្សាណា ដោយមានចំណងជើងថា «ឈប់»។

ទន្ទឹមនឹងនេះផងដែរ យើងសង្កេតឃើញថា បទចម្រៀងមួយបទនេះ គ្រាន់តែបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក មិនទាន់បាន១ថ្ងៃត្រឹមត្រូវផង ប៉ុន្តែបើនិយាយពីចំនួនអ្នកចូលទស្សនាវិញ មានរហូតទៅដល់ជាង៣សែនដង និង ចំនួនអ្នកចែករំលែកShare រហូតដល់ជាង១ម៉ឺន Share ឯណោះ ទាំងដែលបទចម្រៀងមួយបទនេះ នៅមិនទាន់បានចេញ បទចម្រៀងពេញ(Full Song) ឬក៏ MV ចម្រៀង នៅឡើយទេ។ លើសពីនេះទៅទៀតនោះ ថែមទាំងទទួលបាននូវការគាំទ្រ និងការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ក្នុងប្រទេសកម្ពុជាថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា ក៏មានមតិអ្នកគាំទ្រមួយចំនួនក៏បានឆ្ងល់ថា ឃើញមានតែវត្តមាន បេក្ខជន The Voice មួយចំនួនប៉ុណ្ណោះ ដូចជា ហ្សាណា ថែល ថៃ និង ឈិន រតនៈ ដែលបានចេញបទថ្មី ចំណែកឯបេក្ខជនផ្សេងទៀត ដូចជា សាន ស្រីឡៃ ឬក៏ ឃី សុខឃុន ជាដើម បែរជាស្ងាត់ឈឹង មិនឃើញចេញបទចម្រៀងអ្វីនឹងគេឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា