បន្ទាប់ពី ប្រទេសចិន បានធ្វើការបាញ់បង្ហោះយានអវកាស Shenzhou 11 បញ្ជូនអវកាសយានិក ២រូប ទៅកាន់ស្ថានីយអវកាសដោយជោគជ័យរួចមក ពេលនេះ អវកាសយានិកចិនទាំង២ បានទៅដល់ក្នុងស្ថានីយពិសោធន៍ Tiangong 2 ហើយ ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

មជ្ឈមណ្ឌត្រួតពិនិត្យអវកាសក្រុងប៉េកាំង បានរាយការណ៍ថា យានអវកាស Shenzhou 11 បានទៅដល់ និងភ្ជាប់ខ្លួនជាមួយស្ថានីយពិសោធន៍ Tiangong 2 ហើយ កាលពីម៉ោង៣និង២៤នាទី (ម៉ោងក្នុងទីក្រុងប៉េកាំង) ថ្ងៃអង្គារម្សិលមិញ ហើយអ្នកអវកាសយានិកទាំង២រូប គឺលោក Jing Haipeng និងលោក Chen Dong ត្រូវចំណាយពេល បំពេញបេសកកម្មនៅទីនោះរយៈពេល៣០ថ្ងៃ។ 

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា យានអវកាស Shenzhou 11ភ្ជាប់ខ្លួនជាមួយស្ថានីយពិសោធន៍ Tiangong 2 គឺនៅចម្ងាយ៣៩៣គីឡូម៉ែត្រ ពីលើភពផែនដី ដោយប្រតិបត្តិការបញ្ជារពីចម្ងាយ ចំណាយពេលជាង២ម៉ោង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។

ទូរទស្សន៍ជាតិរបស់ចិន បានធ្វើការផ្សាយផ្ទាល់ពីសកម្មភាពភ្ជាប់ខ្លួនគ្នារបស់ស្ថានីយអវកាសទាំងពីរ កាលពីព្រឹកថ្ងៃពុធនេះ ហើយថែមទាំងបង្ហាញពីអ្នកអវកាសយានិក ទាំង២រូប អណ្តែតខ្លួននៅក្នុងបន្ទប់ពិសោធន៍របស់ស្ថានីយអវកាសទៀតផង។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ក៏បានផ្សាយដែរថា អ្នកអវកាសយានិក ទាំង២ បានសម្តែងការស្វាគមន៍ជាខ្លាំង មកកាន់ប្រជាជានទាំងអស់នៅក្នុងប្រទេសរបស់ខ្លួន ខណៈពួកគេកំពុងនៅលើទីអវកាស។

គួររំឮកថា កាលពីយប់ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ប្រទេសចិន បានធ្វើការបាញ់បង្ហោះយានអវកាស Shenzhou 11 បញ្ជូនអវកាសយានិក ២រូប ទៅកាន់ស្ថានីយអវកាស ដើម្បីបំពេញបេសកកម្ម ធ្វើការពិសោធន៍លើការដាំរុក្ខជាតិនៅទីអវកាស៕ 

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]