ភ្នំពេញ៖ ជាមួយនឹងសាររបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលបង្ហោះក្នុងទំព័រហ្វេសបុ៊ករបស់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា រូបគេមិនបានបំពេញភារកិច្ចពេញ៩០នាទីទេ ជាមួយក្រុមជម្រើសជាតិកាលពីល្ងាចមិញ ក្នុងការប្រកួតទល់ជាមួយនឹង ប្រ៊ុយណេ គឺដោយសារតែមានបញ្ហាសុខភាពបន្តិចបន្តួច។

ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចេញ ជំនួសវិញដោយកីឡាករផ្សេងទៀតនៅក្នុងតង់ទី២ ដោយលោកគ្រូបង្វឹក Lee Tae Hoon ។ ក្នុងនោះដែរ អ្នកគាំទ្រភាគច្រើន បានគិតថា នេះគឺជាយុទ្ធសាស្រ្តរបស់លោកគ្រូ Lee ដើម្បីទុកជើង វឌ្ឍនាកា នៅប្រកួតក្រោយ ពេលប៉ះ ទីម័រខាងកើត និងផ្សេងទៀតគិតថា ខ្លាច វឌ្ឍនាកា របួសដោយប្រការណាមួយនៅក្នុងការប្រកួត ទើបប្តូរចេញ។ 

គួរបញ្ជាក់ផងដែរថា កីឡាករឆ្នើមរូបនេះ ក៏បានសម្តែងនូវការមិនសប្បាយចិត្តផងដែរ នៅពេលដែលមានបញ្ហាបែបនេះ ប៉ុន្តែមិនថ្វី រូបគេនៅតែជឿជាក់លើក្រុមជម្រើសជាតិរបស់ខ្លួន ទោះបីជាបានប្តូរចេញយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺក្រុមឈ្នះ។

ចំពោះសារដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះវិញ វឌ្ឍនាកា បានសរសេរថា «សូមអរគុណហើយក៏សូមទោសផងដែរចំពោះអ្នកគាំទ្រកម្ពុជាយើងទាំងអស់ ដែលម្សិលមិញខ្ញុំមិនអាចលេងបានពេញ៩០នាទីដោយសារបញ្ហាសុខភាពបន្តិចបន្តួច សូម្បីខ្ញុំផ្ទាល់ក៏មិនសប្បាយចិត្តនឹងខ្លួនឯងដែរ។ តែមិនសំខាន់ថាខ្ញុំលេងបានប៉ុន្មាននាទីទេ អ្វីដែលសំខាន់ជាងនេះគឺក្រុមឈ្នះ។ កម្ពុជាយើងឈ្នះ២ប្រកួតជាប់គ្នាហើយ ហើយកំពុងត្រៀមសាងប្រវត្តិសាស្ត្រថ្មីក្នុងវគ្គជម្រុះ AFF Suzuki Cup 2016 នេះ។ ខ្ញុំនឹងប្រឹងបន្ថែមទៀតដើម្បីក្រុមសម្រាប់ប្រកួតបន្ទាប់» ៕

ដូច្នេះនៅប្រកួតក្រោយពេលប៉ះជាមួយ ទីម័រខាងកើត តើលោកគ្រូ Lee ដាក់ វឌ្ឍនាកា ចូលជម្រើសដំបូង ឬយ៉ាងណា? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប្រាក់ មុន្នីឧត្តម មានមិត្តស្រី មកគាំទ្រ គ្រប់ការប្រកួត ។ គួររំលឹកផងថា កាលពីល្ងាចថ្ងៃទី១៨ ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានបើកពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមព្រុយណេ ដោយបានបំបាក់ពួកគេ ក្នុងលទ្ធផល ៣-០ នៃវគ្គជម្រុះ ឆ្ពោះទៅពានរង្វាន់ AFF Suzuki Cup ខែក្រោយនេះ។

ក្នុងចំណោម ៣គ្រាប់ដែលស៊ុតចូលកាលពីល្ងាចមិញនេះ ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័ណ្ឌរាជស្វាយរឿង កីឡាករប្រាក់ មុន្នីឧត្តម ស៊ុតចូលទី បាន២គ្រាប់ម្នាក់ឯង ដែលធ្វើឲ្យអ្នកគាំទ្រនៅក្នុងកីឡដ្ឋានមានក្តីរំភើបរីករាយយ៉ាងខ្លាំង ជាពិសេសនោះមនុស្សសំខាន់របស់កីឡារូបនេះតែម្តង ពោលគឺ មិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម ក៏បានចូលរួមគាំទ្រផងដែរកាលពីម្សិលមិញ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកាលពីល្ងាចមិញ គឺស្ថិតក្រោមតំណក់ទឹកភ្លៀង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម តស៊ូមកទស្សនាផងដែរ ហើយថែមទាំងបានបង្ហោះរូបជាច្រើនសន្លឹកទៀតផង ដើម្បីបញ្ជាក់ពីទឹកចិត្តជាអ្នកគាំទ្រក្រុមជម្រើសជាតិ ជាពិសេសចំពោះកីឡាកររូបនេះ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកដែលមានឈ្មោះថា អូន រ័ត្ន ដែលត្រូវបានគេស្គាល់ថា ជាមិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម ក៏បានសរសេរភ្ជាប់ជាមួយរូបភាពថា « Fan កំសត់ តស៊ូណាស់ ទោះភ្លៀងយ៉ាងណាក៏នៅមើលដល់ចប់ដែល ដើម្បីគាំទ្រខ្មែរ នឹងគ្រាំទ្រមនុស្សសំខាន់ Prak Monyudom » ។

គួររំលឹកផងថា កាលពីប្រកួតមុនជាមួយក្រុមឡាវ ក៏មិត្តស្រីរបស់កីឡាកររូបនេះ មកទស្សនាផ្ទាល់ផងដែរ ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិ ក៏ដូចជាមិត្តប្រុសរបស់ខ្លួន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]