ចិន៖ តារាស្រីល្បី នាង Fan Bingbing និងមិត្ដប្រុសលោក Li Chen បានបើកចំហរពីទំនាក់ទំនង ស្នេហ៍របស់ពួកគេតាំងពីខែឧសភាមកម្ល៉េះ ដែលនៅក្នុងនោះ នាងបានលើកឡើងថា លោក Li Chen គឺជាមិត្ដប្រុសចុងក្រោយរបស់នាង។

ក៏ដូចជាកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា ពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍ រួចមកហើយ។ តាមប្រភពនោះ ក៏បានលើកឡើងដែរថា ទោះជាអ្នកទាំងពីររវល់នឹងការងារបែបណា ក៏ពួកគេមិនភ្លេចពីការរៀបចំពិធីមង្គលការផងដែរ ហើយអ្នកទាំងពីរនឹង រកពេលវេលាសាកសមណាមួយ ក្នុងការប្រកាសពីការរៀបការពួកគេ។

គួររំលឹកថា ប្រហែលជា ២ទៅ៣ថ្ងៃមុន អ្នកទាំងពីរ ត្រូវបានគេប្រទះឃើញ បណ្ដើរគ្នាដោយកាន់ដៃគ្នាយ៉ាងស្អិតរមួត នៅក្នុងទីក្រុង Yantai ដែលជាស្រុកកំណើតរបស់ Fan Bingbing ខណៈដែល Fan Bingbing ស្លៀកពាក់ខោអាវរលុង ដែលត្រូវបានមហាជនសង្ស័យថា នាងកំពុងតែមានផ្ទៃពោះ។ មួយវិញទៀត កន្លែងដែលពួកគេបណ្ដើរគ្នានោះ គឺស្ថិតនៅក្បែរកន្លែងចុះសំបុត្ររៀបអាពាហ៍ពិពាហ៍ ដែលអាចជាការសង្ស័យថា ពួកគេត្រលប់មកស្រុកកំណើត Fan Bingbing ដើម្បីរៀបចំពិធីមង្គលការ។

យ៉ាងណាមិញ ក្រោយពីមានពាក្យចចាមអារ៉ាមផ្សព្វផ្សាយ ជាសាធារណៈបែបនេះ អ្នកទាំងពីរក៏មិនបានធ្វើការបដិសេធ ឬប្រកែកអ្វីនោះឡើយ ខណៈដែលកាលពីខែមុន Fan Bingbing មានការចោទសួរទាក់ទិននឹងការរៀបការនាង នាងក៏បានបង្ហើបយ៉ាងខ្លីថា រឿងអ្វីៗក៏អាចកើតឡើងបានដែរ

រូបភាព Fan Bingbing និងមិត្ដប្រុស
រូបភាព Fan Bingbing និងមិត្ដប្រុស
រូបភាព Fan Bingbing

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ដែរថា Fan Bingbing ក៏ទើបតែឈ្នះពានរង្វាន់ តារាសម្តែងស្រីល្អបំផុត ក្នុងព្រឹត្តិការណ៍មហាស្រពភាពយន្ត នៅអេស្ប៉ាញផងដែរ។

ខ្សែភាពយន្តចិនរឿង «I am not Madame Bovary» បានទទួលជ័យជំនះ ដណ្តើមពានរង្វាន់ក្នុងមហោស្រពភាពយន្ត San Sebastian Film Festival លើកទី៦៤ ដែលបានរៀបចំធ្វើឡើងក្នុងប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗកន្លងទៅនេះ។

អ្វីដែលពិសេសជាងនេះទៀតនោះ គឺតារាសម្តែងស្រីដ៏លេចធ្លោ ក្នុងខ្សែភាពយន្ត ខាងលើនេះ នាង Fan Bingbing បានឈ្នះពានរង្វាន់ ជាតារាសម្តែងស្រីឆ្នើមបំផុត ឬហៅថា «Best Actress Award» ផងដែរ ជាហេតុធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បាញល្បីទ្វេដងថែមមួយកម្រិតទៀត។

គួរឲ្យដឹងថា ខ្សែភាពយន្តរឿង «I am not Madame Bovary» ជាស្នាដៃដឹកនាំសម្តែង ដោយផលិតករជនជាតិចិន លោក Feng Xiaogang ។ រូបលោកក៏ទទួលបាន ពានរង្វាន់មាស Golden Shell នៅម៉ោងចុងក្រោយពេលជិតបិទកម្មវិធីផងដែរ។

នេះជាលើកទី៦៤ នៃមហាស្របភាពយន្ត San Sebastian Film Festival ហើយឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានមាត់សមុទ្រ ភាគខាងជើងប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ផងដែរថា ក្នុងនោះខ្សែភាពយន្តចំនួន១៧ មកពីបណ្តាប្រទេសជាច្រើន ត្រូវបានគេដាក់ប្រកួតប្រជែងគ្នា រួមមាន ចិន អេស្ប៉ាញ អាហ្សង់ទីន ឈីលី បារាំង អង់គ្លេស អាមេរិក ស៊ុយអែត អ៊ីស្លង់ ប៉ូឡូញ កូរ៉េខាងត្បូង និងជប៉ុន ជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]