សិង្ហបុរី៖ ថ្មីៗនេះជំនួយការមន្រ្តីប៉ូលិស វ័យក្មេងរូបសង្ហារម្នាក់ ពោរពេញទៅដោយស្នាមញញឹម ដ៏មានមន្តស្នេហ៍ និងជាគួរទាក់ទាញក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា កំពុងតែធ្វើឲ្យនារីៗជាច្រើន ចាប់ចិត្តប្រតិព័ទ្ធ  ជាពិសេស អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ជ្រួលច្របល់យ៉ាងខ្លាំង ចង់ដាក់ពាក្យសុំស្នេហ៍ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹក របស់អ្នកកម្លោះសង្ហាររូបនេះ ត្រូវបានបង្ហោះសាយភាយនៅលើបណ្តាញសង្គម ដោយទំព័រហ្វេសប៊ុកផេកមួយកាលពីថ្ងៃទី១៤ តុលា សប្តាហ៍មុននេះ ដោយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កម្លោះសង្ហារវ័យក្មេងរូបនេះ មានឈ្មោះថាលោក Lee Minwei អាយុ២២ឆ្នាំ ជាជំនួយការមន្រ្តីប៉ូលិស នៅព្រលានយន្តហោះ Changi ប្រទេសសិង្ហបុរី។

គួរឲ្យដឹងដែរថា រូបភាពដែលគេថតបាន យកមកបង្ហោះលើបណ្តាញសង្គមនេះ គឺបង្ហាញពីទិដ្ឋភាពរបស់ លោក Lee កំពុងតែជួយធ្វើការត្រួតពិនិត្យមើលលិខិតឆ្លងដែនរបស់អ្នកដំណើរ។ រូបភាពលោក Lee ទទួលបានការបញ្ចេញមតិវិជ្ជមានយ៉ាងច្រើន ព្រោះតែរូបរាងដ៏ស្រស់សង្ហាររបស់គេ។

កាលពីយប់ថ្ងៃច័ន្ទ ទី១៧ តុលា ម្សិលមិញនេះផងដែរ ខាងព្រលានយន្តហោះ Changi បានធ្វើការបង្ហាញអត្តសញ្ញាណមន្រ្តីវ័យក្មេងរូបនេះ នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន អមមកជាមួយសម្តីខ្លះរបស់លោក Lee ដើម្បីចែកជូនឲ្យអ្នកដែលស្រលាញ់ និងគាំទ្រលើរូបគាត់ ឲ្យបានដឹងផងដែរ។

ក្នុងនោះបើតាមការរៀបរាប់ពីសំណាក់ លោកមន្រ្តីសង្ហាររូបនេះ បានឲ្យដឹងថា រូបលោកពិតជារំជួលចិត្តយ៉ាងខ្លាំង នៅពេលដែលមានភ្ញៀវទេសចរជាច្រើន បានមកសុំគាត់ថតរូបជាមួយ  ហើយក៏មិននឹកស្មានថាមានរឿងរ៉ាវ ​ល្បីបែបនេះកើតឡើងនោះដែរ។

លោក Lee បានបញ្ជាក់ថា «ខ្ញុំពិតជាពេញចិត្ត និងរីករាយក្នុងការរៀនសូត្របន្ថែម ពីវិធានការពារផ្នែកសន្តិសុខ នៅព្រលានយន្តហោះ Changgi នេះណាស់ ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាន នូវសុខសុវត្ថិភាពអ្នករាល់គ្នា។ ជាមួយគ្នានេះដែរ ខ្ញុំឃើញថាមានអ្នកដំណើរ និងភ្ញៀវទេសចរជាច្រើន សប្បាយរីករាយយ៉ាងខ្លាំង ក្នុងការធ្វើដំណើរកម្សាន្តរបស់ពួកគេ ហើយវាក៏ជារឿងមួយ ដែលធ្វើឲ្យរំភើបនិងសប្បាយចិត្ត ជាមួយនឹងពួកគេផងដែរ។ ហើយនេះក៏ជាមូលហេតុដែលខ្ញុំ តែងតែមានស្នាមញញឹមរហូតនៅកន្លែងការងារ ហើយខ្ញុំក៏សង្ឃឹមថា អ្នកឯទៀតក៏រីករាយ និងមានស្នាមញញឹមដូចគ្នាផងដែរ »

លោកបន្តថា «...ក្រោយពីមានព័ត៌មានលេចលឺនេះហើយ មិត្តភក្តិជាច្រើន រួមទាំងគ្រួសាររបស់ខ្ញុំ តែងតែចំអន់ខ្ញុំលេង ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ប្អូនប្រុសរបស់ខ្ញុំហាក់បីដូចជា មានអារម្មណ៍ច្រណែនខ្លះៗ លើរូបខ្ញុំផងដែរ។ ខ្ញុំគិតថា បងប្អូនបង្កើតទាំងបីនាក់ រួមទាំងខ្ញុំម្នាក់ដែរនោះ គឺសុទ្ធតែមានភាពទាក់ទាញ ស្រស់ស្អាត និងស្រស់សង្ហារម្យ៉ាងៗម្នាក់។ នោះមកពីពួកយើងកាត់តាមប៉ាម៉ាក់ ព្រោះថាម៉ាក់របស់ខ្ញុំ គាត់ពិតជាមានកែវភ្នែកដ៏ស្រស់ស្អាតជាទីបំផុត»

លោក Lee បានបន្ថែមចុងក្រោយថា «ខ្ញុំនៅលីវ ហើយខ្ញុំក៏មិនទាន់ ចង់មានទំនាក់ទំនងរឿងរ៉ាវស្នេហា នៅពេលនេះដែរ ព្រោះថាខ្ញុំចង់ផ្តោត និងយកចិត្តទុកដាក់លើការងាររបស់ខ្ញុំសិន។ ហើយខ្ញុំជឿថាអ្វីៗនឹងកើតឡើងដោយឯកឯង ប្រសិនបើវាប្រុងនឹងកើតផងដែរ»

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]