(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តែងតែធ្វើបានល្អជានិច្ចពេលប៉ះក្រុមនៅក្នុងទ្វីបអាស៊ីដូចគ្នាប្រ៊ុយណេ ពោល​គឺ​ធ្លាប់​លេង​ឈ្នះ​រហូត​ដល់​ទៅ ៤​ដង និង​ចាញ់​១​ដង មិន​ដែល​ស្មើ ពីប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គិត​ត្រឹម​ឆ្នាំ​២០០៨ មក មុន​ប៉ះ​គ្នា​ជា​ថ្មី​នៅ​ម៉ោង ៦៖​៣០​នាទី​ល្ងាច​នៅ​ស្តាត​អូឡាំ​ពិក ក្នុង​វគ្គ​ជម្រុះ​ពាន​អាស៊ាន AFF Suzuki Cup 2016។

ទាំងក្រុមគោព្រៃកម្ពុជា និងប្រ៊ុយណេ សុទ្ធតែរកបាន៣ពិន្ទុក្នុងដៃដូចគ្នា កាលពីថ្ងៃបើកឆាក AFF Suzuki Cup 2016 កាលពីថ្ងៃទី​១៥ តុលា ក្រោម​លទ្ធ​ផល​បច្ចេក​ទេស ២-១ ដូច​គ្នា​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ឡាវ និងទីម័រខាងកើត គ្រាន់តែកម្ពុជា មាន​ភាព​ត្រដាប​ត្រដួស​ជាង​បន្តិច ខណៈ​ដែល​ប្រ៊ុយ​ណេ បាន​ធ្វើ​ការ​វាយ​បក ឈ្នះ​ទី​ម័រ​វិញ ២-១ ក្នុង​វគ្គ​ទី​១ បន្ទាប់ពីទីម័របានធ្វើការនាំមុខ ១គ្រាប់មុនតាំងពីចាប់ផ្តើមលេងបាន១០នាទីដំបូង។

តែយ៉ាងណាក៏ដោយ ផ្អែកទៅតាមទម្រង់លេង ក្នុងនាមជាម្ចាស់ផ្ទះ និងអ្នកគាំទ្រសន្ធឹកសន្ធាប់ផងនោះ កម្ពុជានៅតែមាន​សង្ឃឹម​យក​ឈ្នះ​ប្រ៊ុយ​ណេ និង​បន្ថែម​៣​ពិន្ទុ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្នរាត្រីនេះ មុនពេលទៅជួប​ទីម័រ​ខាង​កើត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ដូច​គ្នា នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៦ ជាកិច្ចបញ្ចប់ ក្នុងចំណោម ៤ប្រទេសមាន ឡាវ ប្រ៊ុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា។

គ្រាប់បាល់ជ័យជំនះរបស់កម្ពុជា ៤ប្រកួតពេលជួបប្រ៊ុយណេនាពេលកន្លងមកគឺក្រោមលទ្ធផល ៦-១ ១-០ ៣-០ និង ២-១ មិន​ដែល​ស្មើ និង​ធ្លាប់​ចាញ់​តែ​ម្តង​គត់ ដោយ​លទ្ធ​ផល ៣-២ ក្នុងទឹកដីកណ្តាលកាលពីឆ្នាំ២០១២៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោយយកឈ្នះឡាវ ២-១ ។ គួររំលឹកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក នៃការប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវឡាវ ២-១ នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៥ម៉ឺននៅពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។

ការប្រកួតរយៈពេល ៩០នាទីពេញ មានការស្វិតស្វាញខ្លាំងរវាងក្រុមគោព្រៃកម្ពុជា ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧៣ ស្របពេលដែលឡាវ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៧៦ ក្នុងតារាង FIFA Rankig របស់ពិភពលោក។ ស្របពេលកីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ប៉េណាល់ទីនាំមុខឲ្យកម្ពុជា នៅនាទីទី៤៣ ចុងម៉ោងក្នុងវគ្គទី១ មុនពេលមិត្តរួមក្រុម ឈិន ឈឿន បន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៨១ ខណៈដែលឡាវ រកបាន ១គ្រាប់ដែរនៅនាទីទី៥២ ដោយកីឡាករ Soukavath។

៣ពិន្ទុនេះដែរ បានធ្វើឲ្យកម្ពុជាឈរនៅកំពូលតារាងបណ្តោះអាសន្ន ស្មើនឹងជម្រើស ជាតិប្រ៊ុយណេ ដែលទើបតែបានយកឈ្នះក្រុមទីម័រខាងកើតនៅពហុកីឡដ្ឋានជាតិនេះដូចគ្នាកាលពីចាប់ផ្តើមប្រកួតនៅម៉ោង ៣៖៣០នាទីរ សៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]