គ្រាន់តែឃើញស្ករសភ្លាម មានមនុស្សមួយចំនួនអាចគិតថាវាមានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិ។ ឯអ្នកខ្លះក៏គិតដល់ថា វាអាចបង្កឱ្យមានជំងឺធាត់ ជំងឺទឹកនោមផ្អែម និងដង្កូវស៊ីធ្មេញជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ស្ករស នៅតែជាគ្រឿងផ្សំម្យ៉ាង ដែលជួយបង្កើននូវរសជាតិអាហារ ប្រចាំថ្ងៃរបស់យើង មិនអាចខ្វះបាន។ ក្នុងនោះប្រភេទស្ករ ដែលនៅក្នុងប្រទេសយើង និយមយកមកបរិភោគជាប្រចាំមាន ៣យ៉ាងនេះគឺ៖

១. ស្ករក្រហម៖ ត្រូវបានបង្កើតឡើងពីស្ករអំពៅ ឬទឹកត្នោត ដោយបានកែច្នៃទៅ ជាផែន ឬជាដុំតូចៗ ដោយប្រើវិធីធម្មជាតិ។ វាអាចមានពណ៌ក្រហមក្រម៉ៅ លឿង ឬទឹកក្រូច និងមានសាច់ស្អិត។ ដូច្នេះស្ករត្នោត ឬស្ករអំពៅមានតម្លៃអាហាររូបត្ថម្ភ វីតាមីន ជាតិកាល់ស្យូម និងផូស្វ័រ យ៉ាងពេញលេញសម្រាប់សុខភាពរបស់មនុស្ស។

២. ស្ករស៖ មានប្រភពមកពីស្ករក្រហម ដែលបានផលិតកែច្នៃតាមបច្ចេកទេសថ្មី  ដោយត្រូវបានគេយកធ្វើឱ្យមានគ្រាប់តូចល្អិតៗ និងធ្វើឱ្យមានពណ៌ស ស្អាតគួរឱ្យចង់ទទួលទាន ហើយស្ករក្រហម និងស្ករស ផ្តល់ថាមពលស្មើគ្នា ដោយក្នុង១ស្លាបព្រា កាហ្វេ ស្មើនឹងថាមពល១៥គីឡូកាល់ឡូរី។ ប៉ុន្តែបើប្រៀបធៀបផលប៉ះពាល់ជាមួយស្ករក្រហម សារធាតុនៅក្នុងស្ករស មិនសូវល្អដូចជាស្ករក្រហមទេ ព្រោះស្ករក្រហម បានឆ្លងការផលិតភាគច្រើន តាមបែបធម្មជាតិច្រើនជាងស្ករស។

៣. ស្ករសិប្បនិម្មិត៖ ជាប្រភេទស្ករដែលគេយកមកប្រើ ដើម្បីបន្ថែមជាតិផ្អែមនៅក្នុង អាហារ និងភេសជ្ជៈមួយចំនួន។ វាបានមកពីការសំយោគនៃដំណើរការ វិទ្យាសាស្រ្តមួយ ដែលបានផ្តល់ជាតិផ្អែមជំនួសជាតិស្ករ ទូទៅបានដល់២០០ដង ប៉ុន្តែវាផ្តល់ថាមពលតិចបំផុត។

៥ អត្ថប្រយោជន៍របស់ស្ករស ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង៖

១. កាត់បន្ថយភាពតានតឹង៖ ប្រាកដណាស់ អ្នកពិតជាធ្លាប់បានឮពាក្យមួយឃ្លាថា «បើតានតឹងឱ្យទៅរកអ្វីផ្អែមៗ ឬបង្អែមមកទទួលទាន»។ក្នុងនោះ ស្ករគឺជា សារធាតុម្យ៉ាងដែលជួយផ្តល់ ថាមពលមួយប្រភេទ ដែលនៅពេលបរិភោគចូលទៅ នឹងជួយឱ្យខួរក្បាលអាចបង្កើតភាពស្រស់ថ្លា កាត់បន្ថយភាពតានតឹងផងដែរ។

២. អាចប្រើធ្វើជា Scrub បន្ថែមជាតិសំណើមដល់បបូរមាត់៖ វាជាវត្ថុធាតុដើម ចម្បងម្យ៉ាង ដែលមានប្រយោជន៍ សម្រាប់យកទៅលាយជាមួយទឹកឃ្មុំ ដែលត្រូវបានគេទទួលស្គាល់ថា ជារូបមន្តពិសេសក្នុង ការការពារបបបូរមាត់។ វាជួយឱ្យបបូរមាត់របស់អ្នកមានសភាពទន់រលោង និងកាត់បន្ថយស្នាមប្រេះ រង្វង់មាត់ខ្មៅជាដើម។ ក្រៅពីនេះវាក៏អាចយកមក ខាត់នៅលើស្បែកក្លៀក ឬកែងជើងផងដែរ ដែលនឹងជួយជម្រុះស្នាមខ្មៅបានយ៉ាងល្អ។

៣. ជួយរក្សាគុណភាពអាហារឱ្យទុកបានយូរ៖ ស្ករជាធាតុផ្សំយ៉ាងសំខាន់របស់អាហារ ដែលត្រូវបានទទួលការពេញនិយម ពីសំណាក់មនុស្សគ្រប់សម័យ។ ភាគច្រើនគេបានប្រើវា សម្រាប់ធ្វើឱ្យអាហារមានរសជាតិផ្អែម និងអាចរក្សាទុក បានយូរទៀតផង ដោយធ្វើគ្រាន់តែដាំស្ករលាយជាមួយទឹក ហើយនាំយកទៅ ប្រឡាក់ជាមួយផ្លែចេក ឬត្រាវ ធ្វើជាចេកឆាប ឬត្រាវឆាបក៏បាន ដូចនេះក៏អាចទុក បានយូរទៅហើយ។ លើសពីនេះទៀតស្ករត្រូវបានគេប្រើ ជាវត្ថុស្រូបសំណើម ដូចជាការវេចខ្ចប់នំខូគីដាក់ក្នុងប្រអប់ជាដើម គឺគេត្រូវរោយស្ករសចូលជាមុនសិន ទើបដាក់នំចូលជាក្រោយ ដើម្បីរក្សាឱ្យនំនៅស្រស់ល្អ។

៤. ជាសារធាតុដ៏មានសារៈសំខាន់ក្នុងរាងកាយ៖ ស្ករមានសារៈសំខាន់បំផុតនៅក្នុងជីវិត របស់មនុស្ស ព្រោះនៅក្នុងដំណើរការនៃការរំលាយអាហារ ឬបញ្ចេញកាកសំណល់ ស្ទើរតែទាំងអស់ពឹងផ្អែក លើថាមពលដែលបានមកពីជាតិស្ករ។ ក្រៅពីនេះទៀត ទឹកដោះម្តាយ ដែលត្រូវបានផលិតឡើងសម្រាប់ទារក ទើបនឹងកើតថ្មីៗ វាក៏មានផ្ទុកជាតិ lactose ដែលជាទម្រង់ជាតិស្ករថ្មីមួយទៀត ជំនួយរាងកាយទារកផងដែរ។

៥. ជួយរំញោចជាលិកាក្នុងរាងកាយ៖ សរីរាង្គ និងជាលិកានៅក្នុងរាងកាយទាំងអស់  សុទ្ធតែត្រូវការថាមពលមកពី ជាតិស្ករទៅថែបំប៉ន ឯខួរក្បាលក៏ត្រូវការជាតិស្ករ ប្រមាណពី ១១០-១៣០ក្រាមក្នុងមួយថ្ងៃ ដើម្បីទ្រទ្រង់កោសិកាឈាមក្រហម។ ប្រសិនបើខ្វះជាតិស្ករ នឹងបណ្តាលឱ្យរាងកាយ ពិសេសតម្រងនោម នឹងដំណើរការខុសប្រក្រតី អាចបង្កការវិលមុខ ឬដួលសន្លប់ជាដើម។

ដូច្នេះ គួរទទួលទានជាតិស្ករឱ្យបានសមរម្យ ដោយក្នុងមួយថ្ងៃប្រមាណជា ៤ស្លាបព្រាកាហ្វេ ឬ ២០ក្រាម និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]