ចិន៖ ទីភ្នាក់ងារសារព័ត៌មាន BBC បានផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នេះថា ប្រទេសចិន បានធ្វើការបាញ់បង្ហោះយានអវកាស Shenzhou 11 បញ្ជូនអវកាសយានិក ២រូប ទៅកាន់ស្ថានីយអវកាស ដោយជោគជ័យ។

យានអវកាស Shenzhou 11 រួមទាំងអវកាសយានិក ២រូបផងនោះ ត្រូវបានបាញ់បង្ហោះទៅកាន់ស្ថានីយ៍អវកាស ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នៅភាគខាងជើងប្រទេសចិន កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ដើម្បីធ្វើការរុករកនៅទីលំហ។ 

ក្រុមអវកាសយានិកទាំង ២រូប នឹងធ្វើការចុះចតដោយយានរបស់ពួកគេ ភ្ជាប់ជាមួយស្ថានីយពិសោធន៍ Tiangong 2 ក្នុងទីអវកាស ហើយពួកគេត្រូវចំណាយពេល៣០ថ្ងៃ នៅទីនោះ ដែលនេះជាការស្នាក់នៅវែងបំផុតក្នុងអវកាស​ ដោយអវកាសយានិកចិន។

អ្នកអវកាសយានិកទាំង២រូបនោះ គឺជាអ្នកដែលធ្លាប់ បានបំពេញបេសកកម្ម ចុងក្រោយបង្អស់ គឺលោក Jing Haipeng ដែលមានវ័យ៤៩ឆ្នាំ ហើយជាអ្នកដែលបានឡើង ទៅកាន់ទីលំហេអវកាសចំនួន២ដងរួចមកហើយ ម្នាក់ទៀតគឺលោក Chen Dong វ័យ៣៧ឆ្នាំ។

នៅក្នុងបន្ទប់បញ្ជានៃមជ្ឈមណ្ឌល បង្ហោះផ្កាយរណប Jiuquan នៅឯវាលខ្សាច់ម៉ុងហ្គោលី ក្រុមការងារ បានឲ្យដឹងថា ពួកគេកំពុងតាមដានមើលដំណើរការគ្រាប់រ៉ុក្កែត ដែលផ្តាច់ចេញពីគ្នានៅក្នុងលំហ ដោយត្រូវចំណាយពេល ២ថ្ងៃ ដើម្បីនាំយកអវកាសយានិកទាំងពីរទៅដល់ស្ថានីយ៍លើលំហ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អវកាសយានិកទាំង២ នឹងត្រូវបំពេញបេសកកម្មយូរបំផុត មិនធ្លាប់មានពីមុនមក ក្នុងស្ថានីយពិសោធន៍ Tiangong 2 ដើម្បីធ្វើការពិសោធន៍លើការដាំរុក្ខជាតិនៅទីអវកាស។ ហើយពួកគេក៏នឹងត្រូវប្រើប្រាស់ឧបកករណ៍អេកូ ដើម្បីធ្វើតេស្តទៅលើរាងកាយរបស់ពួកគេផងដែរ៕ 

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]