ធ្មេញថ្គាមទាល់ ជាធ្មេញថ្គាមទីបី និងជាធ្មេញចុងក្រោយ ដែលដុះនៅក្នុងវ័យជំទង់ ឬក្រោយអាយុ២០ឆ្នាំ។ ពេលខ្លះធ្មេញនេះ អាចមានប្រយោជន៍ ប្រសិនបើវាដុះបានត្រង់ត្រឹមត្រូវ ប៉ុន្ដែជាទូទៅ វាមិនដែលដុះបានត្រង់ល្អទេ ដូចនេះតម្រូវដកចេញ។

ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់។ ជួនកាលវាដុះផ្ដេក ជួនកាលដុះទ្រេតទៅរកថ្គាមទីពីរ ឬដុះកោងចូល ឬក៏ដុះកោងចេញ។ ការដុះមិនប្រក្រតីនេះ ហើយដែលធ្វើអោយ ខូចខាតដល់ធ្មេញជិតគ្នា ឆ្អឹងថ្គាម ឬសរសៃប្រសាទធ្មេញ។ 

ការដុះធ្មេញថ្គាមទាល់អាចនឹងកប់បាត់ទាំងស្រុង ក្រោមអញ្ចាញឬក្រោមឆ្អឹង។ ជួនកាល វាដុះចេញមកតែផ្នែកណាមួយ នៃក្បាលធ្មេញ។ ផ្នែកនៃធ្មេញដំនុះនេះហើយ ដែលធ្វើអោយអញ្ចាញបើកចំហ និងបណ្តាលអោយបាក់តេរី ចូលទៅក្នុងជាលិកាជុំវិញធ្មេញ។ បាក់តេរីទាំងនោះ នឹងបង្កអោយឈឺ ហើម គាំងថ្គាម និងជំងឺទូទៅមួយចំនួនទៀត។ លើសពីនេះ ថ្គាមទាល់ដែលដុះចេញមកតែមួយផ្នែក ក៏បង្កអោយងាយពុកធ្មេញ និងមានជំងឺរលាក អញ្ចាញធ្មេញផងដែរ ដោយសារទីតាំងរបស់វាពិបាកសំអាត ។ 

តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកដុះធ្មេញថ្គាមទាល់?

បើសិនអ្នកដុះថ្គាមទាល់ អ្នកត្រូវមកពិគ្រោះជាមួយទន្តពេទ្យ អំពីស្ថានភាពថ្គាមទាល់របស់អ្នក។ ទន្តពេទ្យអាចដឹងបានតាមរយៈ ការថតកាំរស្មី X ដើម្បីវាយតម្លៃចំពោះវត្តមាន និងការដុះលូតលាស់នៃធ្មេញរបស់អ្នក។

ទន្តពេទ្យរបស់អ្នកអាចសម្រេចចិត្តដកធ្មេញរបស់អ្នក ឬបញ្ជូនអ្នកទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការវះកាត់ ។ ទន្តពេទ្យ ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ តែងតែផ្ដល់អនុសាសន៍ថា ធ្មេញថ្គាមទាល់ ជាធ្មេញត្រូវបានគេដកចេញសូម្បី តែមិនទាន់ដុះគ្រប់លក្ខណៈក៏ដោយ។ ធ្វើបែបនេះ ដើម្បីជៀសវាងភាពស្មុគស្មាញនិង ការឈឺចាប់ ច្រើនជាងនេះ បើអ្នកធ្វើការដកធ្មេញ ពីរបីឆ្នាំក្រោយ ។ ការដកធ្មេញដែលងាយស្រួលជាងគេគឺ មនុស្សវ័យក្មេងនៅពេលដែល ឬសធ្មេញ មិនទាន់ ដុះពេញលេញ ហើយឆ្អឹងមិនសូវក្រាស់ ។ ចំពោះមនុស្សវ័យចំណាស់ ការជាសះស្បើយឡើងវិញ គឺប្រើពេលវេលាយូរជាង។

តើធ្មេញថ្គាមទាល់ត្រូវដកចេញបានយ៉ាងដូចម្តេច? 

ទន្តបណ្ឌិតរបស់អ្នកនឹងប្រាប់អ្នកពីភាពងាយស្រួល ឬលំបាកក្នុងការដកធ្មេញថ្គាមរបស់អ្នក ដែលអាស្រ័យលើទីតាំង និងដំណាក់កាលនៃការដុះរបស់វា។ បើធ្មេញថ្គាមទាល់ដុះបានពេញលេញ ទន្តពេទ្យអាចដកធ្មេញនោះបានយ៉ាងស្រួលបំផុត។ ប៉ុន្តែធ្មេញថ្គាមទាល់ដុះកប់ក្រោមអញ្ចាញ ឬក្រោមឆ្អឹង ទន្តពេទ្យនឹងធ្វើការវះកាត់ ដោយបំបែកធ្មេញជាបំនែកតូចៗ ដើម្បីកាត់បន្ថយការខូចខាតឆ្អឹង។ ដូចនេះ បើសិនជាធ្មេញថ្គាមទាល់របស់អ្នកដុះ មកមិនប្រក្រតី ឬមានការឈឺចាប់ លោកអ្នកគួរតែទៅពិគ្រោះយោបល់នៅគ្លីនិក ដែលមានទន្តបណ្ឌិតដែលមានឯកទេសច្បាស់លាស់៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត និន ប៊ុនណាង

មន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]