(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងឧបត្ថម្ភប្រាក់លើកទឹកចិត្តដល់ កីឡាករបាល់ទាត់កម្ពុជាចំនួន ៥ម៉ឺនដុល្លារអាមេរិក ប្រសិនបើពួកគេអាចយកឈ្នះ ក្រុមជម្រើសជាតិប្រុយណេ និងក្រុមកីឡាករជម្រើសជាតិទីម័រឡេស្តេ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១៨ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានប្រកួតយកឈ្នះ ក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដែលទើបបញ្ចប់មុននេះបន្តិច។

ក្រៅពីសម្តែងការអបអរសាទរ ជាមួយជ័យជម្នះរបស់ក្រុមគោព្រៃ របស់កម្ពុជាហើយនោះ សម្តេចតេជោ បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចយ៉ាងដូច្នេះ «ខ្ញុំនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន ៥ម៉ឺនដុល្លារ (50,000 $) ក្នុងករណី ដែលក្រុមជម្រើសជាតិកម្ពុជា យើងយកឈ្នះ២ប្រកួតផ្សេងទៀត គឺកម្ពុជា-ប្រុយណេនិងកម្ពុជា-ទីម័ឡេស្តេ»

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពាន AFF Suzuki Cup 2016 គឺយកតែ ១ក្រុមប៉ុណ្ណោះ ក្នុងចំណោមទាំង ៤ក្រុម ឡាវ ប្រុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា ចំពោះក្រុមដែលមាន ពិន្ទុខ្ពស់ជាងគេ ដើម្បីទៅបង្រ្គប់ពូល B ដែលមានមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម កំពុងរង់ចាំ។

នៅថ្ងៃសៅរ៍នេះកម្ពុជា កំពុងឈរនៅកំពូលតារាង បន្ទាប់យកឈ្នះឡាវ ២-១។ បើកម្ពុជា យកឈ្នះប្រុយណេ និងទីម័រ កម្ពុជា នឹងបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោយយកឈ្នះឡាវ ២-១ ។ គួររំលឹកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក នៃការប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវឡាវ ២-១ នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៥ម៉ឺននៅពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។

ការប្រកួតរយៈពេល ៩០នាទីពេញ មានការស្វិតស្វាញខ្លាំងរវាងក្រុមគោព្រៃកម្ពុជា ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧៣ ស្របពេលដែលឡាវ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៧៦ ក្នុងតារាង FIFA Rankig របស់ពិភពលោក។ ស្របពេលកីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ប៉េណាល់ទីនាំមុខឲ្យកម្ពុជា នៅនាទីទី៤៣ ចុងម៉ោងក្នុងវគ្គទី១ មុនពេលមិត្តរួមក្រុម ឈិន ឈឿន បន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៨១ ខណៈដែលឡាវ រកបាន ១គ្រាប់ដែរនៅនាទីទី៥២ ដោយកីឡាករ Soukavath។

៣ពិន្ទុនេះដែរ បានធ្វើឲ្យកម្ពុជាឈរនៅកំពូលតារាងបណ្តោះអាសន្ន ស្មើនឹងជម្រើស ជាតិប្រ៊ុយណេ ដែលទើបតែបានយកឈ្នះក្រុមទីម័រខាងកើតនៅពហុកីឡដ្ឋានជាតិនេះដូចគ្នាកាលពីចាប់ផ្តើមប្រកួតនៅម៉ោង ៣៖៣០នាទីរ សៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។

កម្ពុជា ត្រូវជួបប្រ៊ុយណេ នៅថ្ងៃទី១៨ ខែតុលា ខណៈដែលឡាវ ត្រូវជួបទីម័រខាងកើត ដើម្បីសន្សំពិន្ទុបន្តផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]