អាការៈឈឺធ្មេញ អាចប្រែប្រួលសឹងតែនឹកស្មានមិនដល់។ មួយភ្លែតសោះ អាចប្រែពីឈឺស្រាលៗ ទៅជាឈឺសឹងតែទ្រាំមិនបាន ហើយថែមទាំងអាចរាលដាលដល់បណ្តាធ្មេញដទៃ និងតាមអញ្ចាញទៀតផង។ មូលហេតុ ដែលធ្វើឲ្យមានបញ្ហាឈឺធ្មេញ អាចបណ្តាលមកពី ដង្កូវស៊ីធ្មេញ ឆ្លងមេរោគ ហើបឫសធ្មេញ ប្រេះធ្មេញ ជំងឺអញ្ចាញធ្មេញ ធ្មេញរង្គើ ឬមានបញ្ហាថ្គាម ជាដើម។

# ហេតុអ្វីបានជា គួរតែបំបាត់បញ្ហាឈឺធ្មេញតាមឱសថធម្មជាតិ?

ការប្រើប្រាស់ ឱសថ បែបធម្មជាតិ មកកម្ចាត់បញ្ហាឈឺធ្មេញ មានតាំងពីយូរលង់ណាស់មកហើយ។ ចុះហេតុអ្វីបានជាការប្រើឱសថបែបធម្មជាតិ ល្អជាងបច្ចេកទេសថ្នាំពេទ្យ? ខាងក្រោមនេះ ជាហេតុផល ៣ ធំៗ ៖

• ពួកគេខ្លាចការព្យាបាល នៅឯពេទ្យធ្មេញ ៖ មានមនុស្សជាច្រើន មានការភ័យខ្លាចមិនចង់ទៅទទួលការព្យាបាល នៅឯពេទ្យធ្មេញឡើយ ព្រោះតែខ្លាចឈឺ ឬខ្លាចមានតម្លៃថ្លៃទៀតផង។

• ពួកគេជឿជាក់លើឱសថធម្មជាតិ ៖ មានមនុស្សមិនតិចទេ ដែលជឿជាក់ លើប្រសិទ្ធភាព របស់ឱសថធម្មជាតិ។ ពួកគេសុខចិត្តសម្រាលការឈឺចាប់ ដោយមិនប្រើប្រាស់ថ្នាំពេទ្យឡើយ ពីព្រោះតែវាមានភាពងាយស្រួល និងមិនចាំបាច់ទៅជួបគ្រូពេទ្យ អស់តែលុយឡើយ។

• ពួកគេគ្មានពេលវេលាគ្រប់គ្រាន់ ៖ នៅក្នុងសង្គម ដ៏រវល់មមាញឹកសព្វថ្ងៃនេះ មនុស្សភាគច្រើន មិនមានពេលតាមដានសុខភាពធ្មេញ បានទៀងទាត់ឡើយ។ ហេតុនេះ ពូកគេសុខចិត្ត ជ្រើសរើសវិធីតាមបែបធម្មជាតិស្រួលៗមកអនុវត្ត មុនពេលពួកគេមានពេលទៅណាត់ជួបគ្រូពេទ្យ។ 

ការដែលអ្នកប្រើប្រាស់ឱសថធម្មជាតិ អាចសម្រាលការឈឺចាប់បាន និងអាចជួយសម្រួលដល់ការព្យាបាល នៅពេលដែលអ្នកទៅជួបពេទ្យធ្មេញផងដែរ។ ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយបំបាត់អាការៈឈឺធ្មេញបាន ៖

១. ម្រេច និងអំបិល

អំបិល លាយជាមួយម្រេច គឺជាគ្រឿងផ្សំល្អបំផុត នៅពេលដែលធ្មេញរបស់អ្នកឈឺខ្លាំង ឬស្រ៊ាវខ្លាំង ដោយសារតែគ្រឿងផ្សំទាំង ២ នេះ មានលក្ខណៈសម្បត្តិប្រឆាំង នឹងបាក់តេរី ប្រឆាំងនឹង ការរលាក និងបំបាត់ការឈឺចាប់បាន។ អ្នកគ្រាន់តែលាយម្រេចម៉ដ្ឋ ជាមួយនឹងអំបិល ក្នុងបរិមាណស្មើគ្នា ជាមួយនឹងទឹកស្អាត ២ ទៅ ៣ ដំណក់ រួចកូរឲ្យសព្វ។ បន្ទាប់មកយកវា មកបិទភ្ជាប់លើធ្មេញ ដែលឈឺ រួចទុកចោល ២ ទៅ ៣ នាទី។ អ្នកគួរអនុវត្ត ២ - ៣ ថ្ងៃជាប់គ្នា ដើម្បីបំបាត់ការឈឺចាប់ បានយ៉ាងមានប្រសិទ្ធភាព។ 

២. ខ្ទឹមស

អ្នកក៏អាចប្រើប្រាស់ ខ្ទឹមស មកជួយសង្រ្គោះអាការៈឈឺធ្មេញ បានដូចគ្នាដែរ។ ខ្ទឹមស មានសារជាតិ អង់ទីប៊ីយ៉ូទិក (antibiotics) និងមានជាតិថ្នាំផ្សេងៗទៀត ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់ការឈឺចាប់។ អ្នកគ្រាន់តែកិនបំបែក ខ្ទឹមស ឲ្យម៉ដ្ឋលាយជាមួយអំបិលបន្តិច រួចយកវាទៅបិទ ត្រង់ធ្មេញដែលឈឺជាការស្រេច។ ប្រសិនបើអ្នកចូលចិត្ត អ្នកអាចទំពារខ្ទឹមស ២ ទៅ ៣ កំពិស ដើម្បីបំបាត់ការឈឺចាប់ក៏បាន។ 

៣. ខ្ទឹមបារាំង

ខ្ទឹមបារាំង មានលក្ខណៈសម្បត្តិ ដូចជាថ្នាំសម្លាប់មេរោគ និងអាចជួយសង្រ្គោះអ្នកពីអាការៈឈឺធ្មេញ ដោយការសម្លាប់មេរោគ និងបាក់តេរីបាន។ ប្រសិនបើអ្នកដឹងថា ធ្មេញរបស់អ្នក ចាប់ផ្តើមឈឺហើយនោះ អ្នកអាចយកខ្ទឹមបារាំងឆៅ មកទំពារ ដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែ ប្រសិនបើអ្នក មិនចង់ទំពារវាទេនោះ អ្នកគ្រាន់តែចិតយកខ្ទឹមបារាំង មួយចំនិត មកដាក់ពីលើធ្មេញដែលឈឺក៏បាន។ 

៤. ទឹកអំបិលក្តៅឧណ្ណៗ

តើអ្នកដឹងទេថា ត្រឹមតែទឹកអំបិលក្តៅឧណ្ណៗ ក៏អាចជួយព្យាបាល អាការៈឈឺធ្មេញបានដែរ។ អ្នកគ្រាន់តែលាយ អំបិលកន្លះស្លាបព្រា ចូលក្នុងទឹកក្តៅឧណ្ណៗមួយកែវ រួចយកវា មកខ្ពុរមាត់ របស់អ្នកឲ្យយូរបន្តិច ជាការស្រេច។ ទឹកអំបិល អាចជួយកាត់បន្ថយ អាការៈហើម រលាក និងអាចប្រយុទ្ធប្រឆាំងបាត់តេរី ដែលបណ្តាលឲ្យឆ្លងមេរោគ បានទៀតផង។ 

៥. ស្លឹកត្របែក

ស្លឹកត្របែកស្រស់ អាចកាត់បន្ថយអាការៈឈឺធ្មេញបាន ដោយសារតែវាមានសារធាតុ ប្រឆាំងនឹងការរលាក បំបាត់ការឈឺចាប់ និងប្រយុទ្ធប្រឆាំងមេរោគ បានទៀតផង។ វិធីងាយៗ ដោយគ្រាន់តែអ្នកយលស្លឹកត្របែក មកទំពារ ជាពិសេស ត្រង់កន្លែងដែលឈឺ។ ឬអ្នកអាចយកស្លឹកត្របែក ៤ ទៅ ៥ ស្លឹកមកដាក់ដាំទឹកឲ្យពុះ រួចទុកឲ្យត្រជាក់ហើយលាយអំបិលបន្តិច និងយកទៅខ្ពុរមាត់ ជាការស្រេច។ 

៦. ដុំទឹកកក

ទឹកកក អាចជួយ កាត់បន្ថយអាការៈ ឈឺធ្មេញបាន តាមរយៈការធ្វើសរសៃប្រសាទ ត្រង់ធ្មេញស្ពឹក។ អ្នកគ្រាន់តែ រុំដុំទឹកកក ក្នុងកូនក្រណាត់ស្អាតណាមួយ រួចយកមកស្អំលើបរិវេណថ្ពាល់ ដែលមានធ្មេញឈឺ ២ ទៅ ៣ នាទី។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងសរសៃប្រសាទ អ្នកមិនអាចអនុវត្តវិធីនេះបានទេ ព្រោះវាអាចបង្កជាការឈឺចាប់ថែមទៀត។ 

៧. កញ្ចប់តែជីអង្កាម

កញ្ចប់តែ ដែលប្រើរួច តែងតែល្អសម្រាប់ស្បែក ដែលងាយប្រតិកម្ម។ ជាពិសេស ជីអង្កាម អាចធ្វើឲ្យស្បែក ប្រែជាស្ពឹក និងបំបាត់ការឈឺចាប់បាន។ អ្នកគ្រាន់តែ យកកញ្ចប់តែជីអង្កាមមក ស្អំលើធ្មេញដែលឈឺ (២០ នាទី) ជាការស្រេច។ វិធីមួយទៀតគឺ យកកញ្ចប់តែទៅដាក់ក្នុងទូទឹកកក ២ ទៅ ៣ នាទី រួចយកមកស្អំលើធ្មេញ ប្រមាណ ២០ នាទីក៏បាន។ 

៨. ស្លឹករបស់ដើមសណ្តែកបណ្តុះ

ស្លឹករបស់ដើមសណ្តែកបណ្តុះ មានលក្ខណៈសម្បត្តិ ប្រយុទ្ធប្រឆាំងបាក់តេរី ដែលអាចការពារ ជំងឺពុកធ្មេញ និងបំបាត់ការឈឺធ្មេញបាន។ អ្នកគ្រាន់តែយក ស្លឹករបស់ដើមសណ្តែកបណ្តុះ មកកិនយកទឹករបស់វា រួចប្រើប្រាស់វា ជាទឹកខ្ពុរមាត់ ជាការស្រេច។ វាអាចស្រូបយក ជាតិពុលពីអញ្ចាញធ្មេញ កាត់បន្ថយការកកើតបាក់តេរី និងការពារការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធភាព។ បើសិនជាអាច អ្នកអាចទំពារវាឆៅ ក៏បាន។

បញ្ជាក់៖ ក្នុងករណី វិធីសាស្រ្តទាំងនេះ មិនផ្តល់ភាពធូរស្រាល ឬអ្នកមានអាការៈឈឺចាប់ធ្ងន់ធ្ងរ អ្នកគួរតែទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញ (ទន្តបណ្ឌិត) ជាបន្ទាន់៕ 

ប្រភព៖ Top 10 Home Remedies | Arizona Family Dental

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]