រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​បញ្ចេញ​ប្រតិកម្ម​ ទៅ​នឹង​ការ​ផ្គើន​របស់​តារា​ មួយ​ចំនួន​ដោយ​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ ។

សារ​ប្រតិកម្ម​របស់​លោក​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​ តារា​មួយ​ចំនួន​នៅ​តែ​ស្លៀកពាក់​ សិច​ស៊ី​បញ្ចេញ​សុដន់ បើ​ទោះបីជា​ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង និង​បាន​ណែនាំ​ចំពោះ​រឿង​នេះ​ក៏​ដោយ ។

លោក​ថៃ នរៈ​សត្យា បានរ​សេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក អម​ជាមួយ​រូបថត​តារា​ស្រី​៣​ទៅ​៤​សន្លឹក ដែល​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​ថា «​ចរន្ត​នៃ​ការ​ប្រកួត​ដើមទ្រូង​ហាក់ដូចជា​បាន​ផ្គើន​ទៅ​នឹង​ការ​បរិយាយ​ របស់ខ្ញុំ​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ ដោយ​គេ​ឃើញ​មានការ​បង្ហោះ​រូប​អួត​សម្ញែង​ប៉ុន្មាន​សន្លឹក​ ទៀត​ពី​អ្នកសិល្បៈ​ដែល​មាន​កេ​រ្ដ៍​ឈ្មោះ​ដក់​ជាប់​ក្នុង​អារម្មណ៍​មហាជន​យើង​នៅឡើយ ។

ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា វប្បធម៌ អរិយធម៌ សិល្បៈ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​មិន​អាច​ស្រអាប់​ ដោយសារ​តែ​ការ​ស្លៀកពាក់​សិច​ស៊ី ឬ​ការ​ដោះ​សំពត់ ខោអាវ​ចេញ​របស់​បុគ្គល​ណា​ម្នាក់ ឬ​ប៉ុន្មាន​អ្នក​ឡើយ តែបើ​វា​ស្រអាប់ ឬ​អន់ ត្រូវ​គេ​ទិតៀន​កែ​លម្អ ឬ​អាច​ត្រូវ​គេ​ជេរ​ប្រមាថ នោះ​គឺ​បុគ្គល​នោះ​ទេ​ ដែល​ជា​អ្នក​ទទួល​ដោយ​ផ្ទាល់​នោះ ។

ដោយសារ​តែ​មហាជន​តែង​ប្រើ​វោហារ​ស័ព្ទ ឌឺដង​ស្តីបន្ទោស​ដល់​ក្រសួង​វប្បធម៌​ជា​និច្ច​ថា​(​អត់​បានការ មិន​យកចិត្តទុកដាក់ បណ្តែតបណ្តោយ ដេក​លក់ អសកម្ម​ដោយ​មិន​បើកភ្នែក​មើល​ការ​បំផ្លាញ​វប្បធម៌​ប្រពៃណី​របស់​មនុស្ស​ប៉ុន្មាន​នាក់​) ទើប​ខ្ញុំ​ចាំបាច់​ត្រូវ​បង្ហាញ​ចេតនា​ផ្លូវការ​នេះ​មួយទៀត ។

សូម​លំអោនកាយ​គោរព​ចំពោះ​ បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាទី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ខ្ញុំ​ពុំ​មែន​ជា​មនុស្ស​ដែល​ចង្អៀតចង្អល់ មិន​ស្គាល់​ស៊ី​វិ​ល័យ​ភាព និង​ការ​រីក​ចម្រើន​របស់​ យុគសម័យ​នៃ​សាកល​ភាវូបនីយកម្ម​នេះ​ទេ ប៉ុន្តែ​គ្រាន់តែ​មាន​ទស្សនៈ​និយម​លើ​ភាព​ សម​ហេតុ​សម​ផល​ប៉ុណ្ណោះ ។

ការ​លើ​ល​ឡើង​របស់​លោក​ថៃ នរៈ​សត្យា នេះ​ត្រូវ​លោក​កែវ សុផល បញ្ចេញ​ទស្សនៈ​(Command) ផ្ទាល់ខ្លួន​ថា «​ខ្ញុំ​គិត​ថា​ប្រហែល​ការ​សម្តែង​មាន​ចំណូល​តិចតួច​ពេក​មិន​អាច​ទ្រទ្រង់​ជីវភាព​ជា​អ្នកសិល្បៈ​បាន ទើប​ពួក​នាង​ប្រឹង​បង្ហាញ​ដើមទ្រូង និង​សាច់​ដ៏​សខ្ចី​ដើម្បី​បាន​អាជីព​អាថ៌​កំបាំង​មួយទៀត​»

ដោយឡែក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ មួយទៀត​ឈ្មោះ Malay M.Chan បាន​បញ្ចេញ​ទស្សនៈ​ថា «​នេះ​ជា​ផ្ទាំងគំនូរ ឬ​រូបភាព​ដែល​មនុស្ស​មួយ​ចំនួន​ខំ​ស្រវា ដើម្បី​បង្ហាញ​ប្រាប់​គេឯង​ថា «​ខ្ញុំ​មាន​ដែរ​» មិន​ថា​ក្មេង ឬ​ចាស់​ទេ ។ នេះ​ហើយ​សង្គម ដែល​យើង​រស់នៅ​សព្វថ្ងៃ ។ រីឯ​គំនូរ ហើយនឹង​រូបភាព​ទាំងនេះ​ ដល់​យូរ​ៗ​ទៅ វា​ប្រែ​ទៅ​ជា​សាំ​ុ ហើ​គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ ។ យ៉ាងណា​វិញ​វប្បធម៌ អរិយធម៌ និង​ប្រ​ពែ​ណី​ខ្មែរ​នៅ​តែ​គង់​វង់​ជា​និច្ច ព្រោះ​វា​ជា​ច្បាប់​នៃ​សង្គម​ខ្មែរ​» ។

មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ចេញ​ប្រតិកម្ម​ជុំវិញ​បញ្ហា​នេះ ដោយ​កន្លង​មក​មាន​តារា​ម្នាក់​ ត្រូវ​ក្រសួង​កោះហៅ​ទៅ​ណែនាំ​អំពី ។ ទៅ​ជា​យ៉ាងណា​ក្ដី​បញ្ហា​នេះ​ នៅ​តែ​កើត​ឡើងជា​ថ្មី​ដែល ក៏​មាន​តារា​ខ្លះ​នៅ​តែ​មិន​ស្ដាប់​ការ​ណែនាំ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]