(ភ្នំពេញ)៖ ការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅលើទឹកដីកម្ពុជា នឹងចាប់ផ្ដើមនាល្ងាចថ្ងៃទី១៥ ខែតុលានេះហើយ ដោយមាន ២ប្រកួត គឺក្រុមទីម័រខាងកើត ប៉ះក្រុមប្រ៊ុយណេ វេលាម៉ោង ៣៖៣០នាទី និងក្រុមម្ចាស់ផ្ទះកម្ពុជា ជួបក្រុមខ្លាំងឡាវ នាវេលាម៉ោង ៦៖៣០នាទីល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ។ ចាំមើលតើក្រុមណាខ្លះ អាចរកបាន ៣ពិន្ទុពីការប្រកួតបើកឆាកល្ងាចនេះ?

ព្រឹត្តិការណ៍នេះ គឺមានតែ ៤ក្រុមប៉ុណ្ណោះចូលរួម ហើយត្រូវប្រកួតវិលជុំមួយជើង ដើម្បីកំណត់យកក្រុមសន្សំពិន្ទុបានច្រើនជាងគេ ១ក្រុមប៉ុណ្ណោះឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រក្នុងពូលB ដោយមានក្រុមមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម កំពុងរង់ចាំខណៈការ ប្រកួតជុំផ្ដាច់ព្រ័ត្រនឹងធ្វើឡើងលើទឹកដីម្ចាស់ផ្ទះ ២ប្រទេសព្រមគ្នា គឺម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងហ្វីលីពីន ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ៕

ប្រភព៖ Khmertalking

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា សំបុត្រទស្សនាការប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​មុននេះ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៥,១៨,២១ ខែ​តុលា​ខាង​មុខ​នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ និង​កីឡ​ដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន។

តម្លៃសំបុត្រចូលទស្សនាការប្រកួតម្ដងៗ ក្នុងរយៈពេល ៣ថ្ងៃខាងលើនេះ គឺរក្សាត្រឹម ១ម៉ឺនរៀល និង ៥ពាន់រៀលដដែល។ ចំពោះ​កម្ម​វិធី​ប្រកួត​របស់​ក្រុម​គោ​ព្រៃ​កម្ពុជា មាន​ដូច​ជា​ថ្ងៃ​ទី​១៥ ខែ​តុលា ប៉ះ​ឡាវ, ថ្ងៃ​ទី​១៨ ខែ​តុលា ប៉ះ​ប្រ៊ុយ​ណេ និង​ថ្ងៃ​ទី​២១ ខែ​តុលា ប៉ះ​ទីម័រ​ខាង​កើត ហើយ ៣ប្រកួតនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦៖៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិតំណាង ៤ប្រទេសខាងលើនេះ នឹងធ្វើការប្រកួតសន្សំពិន្ទុ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេ ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន AFF Suzuki Cup 2016 ដោយត្រូវចូលរួមជាមួយពូល B ខណៈក្រុមខ្លាំង ៣​ក្រុម​កំពុង​រង់​ចាំ គឺ​មាន​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]