បរទេស៖ កាលពីពេលថ្មីៗនេះគេហទំព័រទូរស័ព្ទ Phone Arena បានចុះផ្សាយថា ក្រុមហ៊ុន NOKIA ទើបតែបានសហការជាមួយនឹងក្រុមហ៊ុន U.S. Cellular ដើម្បីធ្វើតេស្តសាកល្បងបច្ចេកវិទ្យា 5G ឥតខ្សែរបស់ខ្លួន។

ជាមួយនឹងបច្ចេកវិទ្យា Air Scale អ៊ិនធើណេតកម្រិត 5G អ្នកប្រើប្រាស់អាចទស្សនាវីដេអូកម្រិត 4K ដល់ទៅចំនួន ៦ ក្នុងពេលតែមួយយ៉ាងរលូន។

ការធ្វើតេស្តទៅលើបន្ទះឈីប 28GHz នៅក្រុមហ៊ុន U.S. Cellular បានធ្វើឲ្យក្រុមហ៊ុនដៃគូទាំងពីរទទួលបានអ៊ិនធើណេតល្បឿនលឿន កម្រឹត 5G ក្នុងល្បឿនតិចជាង ២មីលីវិនាទី។ 

ការធ្វើតេស្ត បានធ្វើឡើងទាំងនៅខាងក្រៅ និងខាងក្នុង ដោយប្រើប្រាស់ស្ថានីយ៍ និងឧបករណ៍មួយចំនួន របស់ U.S. Cellular ដែលជំហានដំបូងគឺធ្វើតេស្តនៅក្នុងបន្ទប់ទូលាយ និងការធ្វើតេស្តជាបន្តបន្ទាប់មានប្រើប្រាស់ជញ្ជាំងបាំង កញ្ចក់បង្អួច និងបន្ទះដែកជាដើម ឲ្យដូចទៅនឹងការប្រើប្រាស់ក្នុងស្ថានភាពជីវិតពិត។

អនុប្រធានប្រតិបត្តិ និងប្រធានផ្នែកបច្ចេកវិទ្យា របស់ U.S. Cellular លោក Michael S. Irizarry បាននិយាយថា ជាមួយនឹងភាពជោគជ័យក្នុងការសាកល្បងបច្ចេកវិទ្យា 5G រួមជាមួយនឹងបន្ទះឈីប 28GHz របស់ NOKIA ក្រុមហ៊ុននឹងខិតខំប្រឹងប្រែង ដើម្បីផ្តល់ជូនដល់អតិថិជនទាំងអស់នាពេលឆាប់ៗខាងមុខ។

ទន្ទឹមនឹងនេះក្រុមហ៊ុន NOKIA ក៏បន្តពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការអភិវឌ្ឍ និងសាកល្បងបច្ចេកវិទ្យា 5G នៅអាមេរិកខាងជើង ហើយនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយ U.S. Cellular ដើម្បីនាំយកអ៊ិនធើណេតល្បឿនលឿនរបស់ខ្លួនផ្គត់ផ្គង់ទៅកាន់ពិភពលោកទាំងមូល ក្នុងរយៈដ៏ឆាប់ខាងមុខ។ នេះបើយោងតាមសម្តីរបស់​លោក​ ​Ricky Corker​ ​អនុប្រធាន​ប្រតិបត្តិ​របស់​ ​Nokia​ ​ប្រចាំ​អាមេរិក​ខាង​ជើង​៕ 

ប្រភព៖ PhoneArena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]