ចិន៖ នៅក្នុងវេលានេះ កំពូលតារាចម្រៀងស្រីតំណាងឲ្យប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា កំពុងតែហាត់សមបទចម្រៀង «ខ្ញុំស្រលាញ់កម្ពុជា» ដើម្បីច្រៀងសម្តែងក្នុងកម្មវិធីដ៏អស្ចារ្យ មហោស្រពតន្រ្តីមិត្តភាពចិនអាស៊ានលើកទី២ នៅក្នុងយប់នេះ។

ចំពោះកញ្ញា សុគន្ធកញ្ញា បានហាត់សមទាំងសម្លេង និងក្បាច់រាំ ជាមួយនឹងក្រុមរាំ យ៉ាងស្វិតស្វាញបំផុត ដើម្បីធ្វើយ៉ាងណា ឲ្យកម្មវិធីប្រកបទៅដោយភាពជោគជ័យ និងអាចលើកមុខមាត់ឲ្យប្រទេសកម្ពុជាផងដែរ។ 

ជាមួយគ្នានោះដែរ អ្នកគាំទ្រក៏បានផ្តល់យោបល់បន្ថែម តាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ ឲ្យតារាស្រីរូបនេះ ស្លៀកឈុតប្រពៃណីខ្មែរ ជាមួយនឹងការតែងខ្លួនសុភាពរាបសា ក្នុងនាមជានារីខ្មែរមួយរូប ព្រោះថាការរៀបចំខ្លួនបែបនេះ ពិតជាធ្វើឲ្យជាតិសាសន៍ដទៃ ស្ងើចសរសើរពីវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ជនជាតិខ្មែរ។

ដូច្នេះប្រិយមិត្តកុំភ្លេចរង់ចាំមើល ការបញ្ចេញសមត្ថភាពរបស់ កញ្ញា សុគន្ធ កញ្ញា នៅលើឆាកតន្រ្តីនៅក្នុងរាត្រីនេះ ឯប្រទេសចិនទាំងអស់គ្នា៕ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា តារាស្រី ឱក សុគន្ធកញ្ញា បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមកម្មវិធីដ៏អស្ចារ្យនៅប្រទេសចិន កាលពីរសៀលថ្ងៃទី ១២ តុលា ដើម្បីទៅចូលរួមកម្មវិធីដ៏ធំមួយនេះ។

បើផ្អែកតាមរូបថត និងLive វីដេអូ នៅក្នុងទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ បានឲ្យដឹងថា រូបនាងបានត្រៀមឡើងយន្តហោះ ដើម្បីឆ្ពោះទៅកាន់ប្រទេសចិន ក្នុងគោលបំណងឡើងច្រៀងនៅក្នុងកម្មវិធី មហោស្រពតន្រ្តីមិត្តភាពចិនអាស៊ាន នៅថ្ងៃទី១៤ ខែតុលា។

ក្នុងនោះដែរ រូបនាងក៏បានបញ្ចាក់យ៉ាងច្បាស់ថា ត្រូវបែកអ្នកគាំទ្ររបស់នាង ចំនួន ៣ថ្ងៃ ដែលក្នុងថ្ងៃទី១៥ ខែតុលា រូបនាងនឹងត្រឡប់មកកាន់មាតុភូមិវិញ តាមពេលកំណត់។

ចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិន របស់តារាស្រីរូបនេះ ត្រូវអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានជូនពរនាង ឲ្យមានសុវត្ថិភាព និងជោគជ័យខ្លាំង នៅក្នុងកម្មវិធីឯប្រទេសចិនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា