ភ្នំពេញៈ មន្រ្តីនគរបាលក្រសូងមហាផ្ទៃម្នាក់ និងមាន មុខរបរជាអ្នកលក់រថយន្តផងនោះ ត្រូវជនសង្ស័យវាយឲ្យរងរបួស និងយកលុយអស់១ពាន់ដុល្លារ និងទូរស័ព្ទ២គ្រឿង នៅមុខផ្ទះលេខ ១២៣ ផ្លូវលេខ២២ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោង ៩យប់ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១២។ ដោយ ឡែកជនសង្ស័យក្រោយធ្វើសកម្មភាពហើយ បានគេចខ្លួនដោយសុវត្ថិភាព។

យោងតាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ករណីវាយយកលុយខាងលើនេះ បានកើតឡើង ខណៈដែលជនរងគ្រោះ ឃុន លីឌីយ៉ុង អាយុ ៣៦ឆ្នាំ ជាមន្រ្តីនគរបាលក្រសួង និងជាអ្នកលក់រថយន្ត រួមជាមួយនឹងប្រពន្ធរបស់ខ្លួន បានត្រឡប់មកពីកន្លែងលក់រថយន្ត លុះដល់មុខផ្ទះ ស្រាប់ជនសង្ស័យ បានជិះម៉ូតូមកដល់ ហើយដកកាំភ្លើងខ្លីមកភ្ជង់ និងវាយក្បាលឲ្យរងរបួសធ្ងន់ ហើយគំរាមយកប្រាក់ចំនួន ១ពាន់ដុល្លារ និងទូរស័ព្ទ២គ្រឿង។

ក្រោយពេលធ្វើសកម្មភាពរួចហើយជនសង្ស័យបានជិះម៉ូតូចេញទៅ តែខណៈដែលជិះម៉ូតូចេញទៅនោះ ជនសង្ស័យរូបនេះ បានទាញកាំភ្លើងខ្លីមកបាញ់៣គ្រាប់ ឌឺឲ្យជនរងគ្រោះថែមទៀតផង ។ ដោយឡែកជន រងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

លោក សៀង ឆាយ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងក្រោយពេលកើតហេតុភ្លាមៗ ថា ការវាយយកលុយ និងទូរស័ព្ទខាងលើនេះ ដោយសារតែជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីរឿងរកស៊ី កាលពីជាងមួយខែមុន។ នេះបើយោងតាមបងប្រុសជនរងគ្រោះ។

ក្រោយពេលកើតហេតុបានបន្តិច គេសង្កេតឃើញសមត្ថកិច្ច ព្រមទាំងលោកអភិបាល ខណ្ឌ គួច ចំរើន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរ និងត្រួតពិនិត្យផងដែរ តែទោះជាយ៉ាងណាមុខសញ្ញាជន សង្ស័យ មិនទាន់អាចកំណត់បាននៅឡើយទេ។

គួរបញ្ជាក់គ្រាន់តែរយៈ២ខែដើមឆ្នាំ២០១២ នេះ នៅក្នុងខណ្ឌមានជ័យនេះ មាន៥ករណីហើយ បណ្តាល ឲ្យជនរងគ្រោះម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសផងដែរ ក្នុងនោះនៅសង្កាត់បឹងទំពុន មានរហូតដល់ទៅ៣ករណី។

បន្ទាប់ពីមានករណីប្លន់ផ្ទួនៗ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ បានបើកកិច្ចប្រជុំមួយដោយមានការចួលរួម ពីសំណាក់ អធិការនគរបាល ខណ្ឌមានជ័យ លោក ហ៊ី ណារិន មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក សៀង ឆាយ ចៅសង្កាត់ នាយនគរបាលប៉ុស្តិ៍ និងមន្រ្តីនគរបាល រួមទាំងមន្រ្តីពាក់ព័ន្ធ ប្រមាណ៥០នាក់ទៀត ដើម្បីរិះរកវិធីពង្រឹងសន្តិសុខក្នុងទឹកដីរបស់ខ្លួន។ តែបន្ទាប់ពីកិច្ចប្រជុំតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សកម្មភាពប្លន់បានកើតមានទៀត ជាក់ស្តែងគ្រាន់តែនៅរសៀលថ្ងៃទី២៧ នេះ មានករណីប្លន់រហូតដល់ទៅ២ដង ដោយមួយករណីនៅសង្កាត់ច្បារអំពៅទី១ និងមួយករណីទៀត គឺនៅសង្កាត់ស្ទឹងមានជ័យនេះតែម្តង ដូច្នេះគេសង្ឃឹមថា កម្លាំងសមត្ថកិច្ច នឹងបន្តរិះរកវិធានការបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខក្នុងទឹកដី របស់ខ្លួន ជាពិសេសគឺការពិនិត្យលើការប្រើប្រាស់អាវុធជាតិផ្ទុះនេះតែម្តង ព្រោះពួកជនល្មើសមានកាំភ្លើងប្រើប្រាស់ យ៉ាងអនាធិបតេយ្យ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]