អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BMW បានធ្វើការបង្ហាញម៉ូតូគំរូសម្រាប់ពេលអនាគតរបស់ខ្លួន ដែលអាចរក្សាលំនឹងដោយខ្លួនឯងមិនដួល និងបំពាក់មកជាមួយបច្ចេកវិទ្យាវែនតា VR ទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល។

ម៉ូតូនាពេលអនាគតរបស់ BMW មួយនេះ មានសុវត្ថិភាពខ្ពស់ក្នុងការរក្សាលំនឹង ដែលអាចឲ្យយើងបើកបរដោយមិនចាំបាច់ពាក់មួកសុវត្ថិភាព និងមិនភ័យព្រួយថាដួលនោះទេ ហើយថែមទាំងផ្តល់ភាពរំភើបដល់អ្នកបើកបរទាំងអស់ ដោយគ្មានគ្រោះថ្នាក់។ 

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ងមួយនេះ បានធ្វើការបង្ហាញគំរូម៉ូតូនាពេលអនាគត ដែលអាចរក្សាលំនឹងដោយខ្លួនឯងឈ្មោះ Motorrad Vision Next 100 គឺជាផ្នែកមួយនៃការអបអរខួប១០០ឆ្នាំរបស់ខ្លួន។

ម៉ូតូដែលមិនបញ្ចេញឧស្ម័នបំពុលបរិស្ថាននេះ មានកង់ដែលអាចរក្សាលំនឹងដោយខ្លួនឯងបាន ត្រូវបានរចនាឡើងឲ្យនៅឈរត្រង់ ទោះបីឈប់ស្ងៀមក៏ដោយ។ បច្ចេកវិទ្យានេះ ត្រូវបានខាងក្រុមហ៊ុននិយាយថា វានឹងធ្វើអ្នកបើកបរម៉ូតូនេះបំភ្លេចចោលនូវមួកសុវត្ថិភាព។

ម៉ូតូនាពេលអនាគតមួយនេះ នឹងធ្វើឲ្យអ្នកបើកបរជាច្រើន អាចរីករាយជាមួយនឹងការបើកបររបស់ពួកគេ ដោយមិនចាំបាច់ត្រូវការឧបករណ៍ការពារ។ តួខ្លួនរបស់វាត្រូវបានធ្វើឡើងដោយសារធាតុកាបូនហ្វៃប៊ើ (Carbon Fiber) ហើយមានបំពាក់បច្ចេកវិទ្យាអាចបើកបរដោយស្វ័យប្រវត្តិ ឬអាចបញ្ជាដោយវែនតាពិសេស។ វាត្រូវបានរចនាឡើងដោយអាចរក្សាលំនឹងទោះបីស្ថិតក្នុងស្ថានភាពផ្លូវបត់បែនក៏ដោយ។ 

ជាមួយគ្នានេះដែរ ម៉ូតូ Motorrad Vision Next 100 បំពាក់មកជាមួយនូវវែនតាប្រភេទ VR ដោយវាមិនមែនគ្រាន់តែសម្រាប់ការពារខ្យល់ប៉ុណ្ណោះទេ តែវាក៏អនុញ្ញាតឲ្យអ្នកបើកបរភ្ជាប់ទំនាក់ទំនងទៅកាន់ម៉ូតូ ដោយវាបង្ហាញទិន្នន័យនៅលើផ្ទៃកញ្ចក់ គ្រប់គ្រងដោយចលនាភ្នែក ដើម្បីភ្ជាប់ទំនាក់ទំនងព័ត៌មានទៅនឹងស្ថានភាពផ្លូវដល់អ្នកជិះ។

កំពូលក្រុមហ៊ុនផលិតរថយន្តប្រណីត BMW មួយនេះបានអះអាងថា ម៉ូតូស្វ័យប្រវត្តិរបស់ខ្លួន គ្រោងនឹងចេញដាក់លក់នៅត្រឹមឆ្នាំ២០២១ ដោយសហការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័ររបស់សហរដ្ឋអាមេរិក Intel និងក្រុមហ៊ុនបច្ចេកវិទ្យារបស់អ៊ីស្រាអែល Mobileye លើគ្រោងការផលិតរថយន្តបើកបរដោយខ្លួនឯង៕ 

ចង់ដឹងថា Motorrad Vision Next 100 អស្ចារ្យ និងឡូយប៉ុណ្ណា ទៅមើលទាំងអស់គ្នា!

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]