មនុស្សជាច្រើនសុទ្ធតែបានស្គាល់ “ផ្លែម្រះ” រួចមកហើយ និងមានឈ្មោះបែបវិទ្យាសាស្រ្ត ហៅថា Momordicacharantia ទៀតផង។ មនុស្សមួយចំនួន មិនចូលចិត្តទទួលទានវានោះទេ ក៏ព្រោះតែរសជាតិល្វីង របស់វា ប៉ុន្តែជាក់ស្តែង វាសម្បូរទៅដោយ សារជាតិរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនលើសលប់។

ខាងក្រោមនេះ ជាតិចនិចមួយចំនួន ដែលម្រះអាចជួយដល់ការថែរក្សា សុខភាពសក់ បានយ៉ាងអស្ចារ្យ និងមិនធ្លាប់បានដឹងពីមុនមកទាល់តែសោះ! 

១. ធ្វើឲ្យសក់ភ្លឺរលោង

មានផលិតផល ដែលដាក់លក់នៅទីផ្សារជាច្រើន ដែលអាចជួយឲ្យសរសៃសក់របស់អ្នក មានសភាពភ្លឺរលោងបាន។ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងថា ម្រះ អាចជួយសម្រស់សរសៃសក់ របស់អ្នកមានភាពភ្លឺរលោង ចែងចាំងបានល្អជាងផលិតផលដទៃទៀតផង។ អ្នកគ្រាន់តែ យកម្រះមកកិន ឲ្យម៉ដ្ឋ រួចគាបយកតែទឹក មកលាយជាមួយនឹងទឹកដោះគោ រួចលាបទៅលើសរសៃសក់ របស់អ្នក។ ទុកវាចោលរយៈពេល ៣០ ទៅ ៤០ នាទី បន្ទាប់មកលាងទឹកសម្អាតចេញ ជាការស្រេច។

២. ការពារបែកចុង

បញ្ហាសក់បែកចុង គឺសឹងតែក្លាយជារឿងធម្មតា សម្រាប់មនុស្សទូទៅទៅហើយ។ ប៉ុន្តែ នៅពេលនេះ អ្នកអាចការពារ សក់របស់អ្នក មិនឲ្យកើយមានបញ្ហាបែកចុង បានដោយគ្រាន់តែ យកទឹកម្រះ (កិនឲ្យម៉ដ្ឋ យកតែទឹក) រួចយកទៅលាប ជាពិសេស នៅចុងៗសក់ ដើម្បីព្យាបាលសក់ និងការពារសក់ មិនឲ្យទទួលរងផលប៉ះពាល់ ពីបញ្ហាបែកចុងឡើយ។ អនុវត្តន៍វិធីសាស្រ្តនេះ ត្រឹមតែ ២ ដង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ អ្នកនឹងសង្កេតឃើញប្រសិទ្ធភាព យ៉ាងអស្ចារ្យរបស់ម្រះ។

៣. ស្បែកក្បាលស្ងួត

ស្បែកក្បាល ដែលស្ងួត អាចបង្កឲ្យមានបញ្ហារមាស់ និងបញ្ហាស្បែកក្បាលផ្សេងៗទៀត។ តែសូមកុំបារម្ភទៀតអី! អ្នកគ្រាន់តែ យកម្រះ មកកាត់ជាចំនិតៗ ហើយយកវាទៅញី ឬទៅម៉ាស្សាជារង្វង់លើស្បែកក្បាលរបស់អ្នក រួចលាងទឹកសម្អាតចេញ ជាការស្រេច!

៤. កន្ទួលលើស្បែកក្បាល

មានមនុស្សមួយចំនួនធំ ដែលទទួលរងបញ្ហា ស្បែកក្បាលឡើងកន្ទួល និងជួនកាលបង្កជាការឈឺចាប់លើស្បែកក្បាល ថែមទៀតផង។ ដំណោះស្រាយ ដែលអាចព្យាបាលវាបាន គឺមានតែចាត់ការចាប់ពីឫស របស់សក់។ អ្នកគ្រាន់តែកិន ម្រះ និងត្រសក់ បញ្ចូលគ្នា រួចលាបវានៅលើស្បែកក្បាល។ វាជួយឲ្យស្បែកក្បាល របស់អ្នកប្រែជាត្រជាក់ និងការពារមិនឲ្យបែកញើសលើស្បែកក្បាលលើសលុប ក៏ដូចជាបំបាត់ស្នាមកន្ទួលលើស្បែកក្បាល បានយ៉ាងមានប្រសិទ្ធភាព។

៥. ជួយព្យាបាលសក់ជ្រុះ

បញ្ហាទូទៅមួយទៀត ដែលទាក់ទងនឹងសរសៃសក់ គឺបញ្ហាជ្រុះសក់នោះឯង ដោយសារតែបរិស្ថានរស់នៅ ពោរពេញទៅដោយការបំពុលច្រើនលើសលុបពេក។ ប៉ុន្តែ សូមកុំព្រួយបារម្ភអី! អ្នកអាចដោះស្រាយបញ្ហាសក់ជ្រុះបាន ដោយគ្រាន់តែយកទឹកម្រះ (កិនយកទឹក) លាយជាមួយនឹងស្ករបន្តិច មកលាបលើស្បែកក្បាល។ អ្នកត្រូវលាបឲ្យបានសព្វល្អ និងទុករហូតទាល់តែវាស្ងួត ចាំលាងទឹកសម្អាតចេញ។ នេះជាវិធីព្យាបាលសក់ជ្រុះ តាមបែបធម្មជាតិ និងមានប្រសិទ្ធភាពខ្ពស់។

៦. កម្ចាត់បញ្ហាសក់ស្កូវ

សព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលជួបបញ្ហាសក់ស្កូវ ទាំងដែលនៅវ័យក្មេងនៅឡើយ។ ពេលនេះ អ្នកអាចប្រើ ម្រះ មកដោះស្រាយបញ្ហាសក់ស្កូវនេះបាន ដោយគ្រាន់តែកិនម្រះឲ្យម៉ដ្ឋ រួចយកទាំងកាក ទាំងទឹក មកលាបលើស្បែកក្បាល ជាពិសេស ត្រង់បរិវេណដែលមានដុះសក់ស្កូវ និងទុកវាចោលឲ្យស្ងួត ប្រមាណពី ១ ទៅ ២ ម៉ោង។ បន្ទាប់មកលាងសម្អាតវាចេញ រូចទុកឲ្យសក់ស្ងួតដោយខ្លួនឯង (មិនត្រូវយកកន្សែងមកញីឲ្យស្ងួតឡើយ)។ អនុវត្តវិធីនេះរាល់ ១០ ថ្ងៃម្តង ដើម្បីកាត់បន្ថយសក់ស្កូវ។

៧. ធ្វើឲ្យសក់លែង កណ្តាញ់ និងសំពីងសំពោង

បញ្ហាសក់កណ្តាញ់ មិនស្មើ សំពីងសំពោង លែងជាបញ្ហាទៀតហើយ នៅពេលនេះ។ អ្នកគ្រាន់តែ យកទឹកម្រះ (ដែលកិនរួច) មកលាប នៅតាមសរសៃសក់។ បន្ទាប់មកទុកវាចោល ប្រមាណជា ១០ នាទី រួចលាងសម្អាតដោយទឹកស្អាតចេញ។ វិធីនេះ នឹងធ្វើឲ្យសរសៃសក់ របស់អ្នកទន់រលោង និងសរសៃសក់ស្មើល្អ សឹងតែមិនគួរឲ្យជឿ។

៨. ព្យាបាលសក់ដែលឡើងប្រេងច្រើន

ការឡើងជាតិប្រេងច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់ គុណភាព និងសុខភាពសក់របស់អ្នក។ អ្វីដែលអ្នក ត្រូវធ្វើដំបូងបង្អស់នោះគឺ កាត់បន្ថយការបរិភោគអាហារមានជាតិខ្លាញ់ច្រើន តាមដែលអាចធ្វើទៅបាន។ អ្នកនឹងសង្កេតឃើញមានការប្រែប្រួល សរសៃសក់របស់អ្នក ជាមិនខាន។ បន្ទាប់មកអ្នកគ្រាន់តែ លាយទឹករបស់ម្រះ ជាមួយនឹងទឹកខ្មេះ លាបលើស្បែកក្បាល និងសក់របស់អ្នក ដើម្បីកម្ចាត់បញ្ហាជាតិប្រេង ឲ្យបាត់ជារៀងរហូត។ 

ក្រៅពីជួយដល់សុខភាពសក់ របស់អ្នកបានយ៉ាងច្រើនហើយនោះ ទឹកម្រះ ក៏អាចយកមកទទួលទាន ដើម្បីរក្សាសុខភាពឲ្យល្អប្រសើរបានទៀតផង! អ្នកអាចកិនយកទឹករបស់វាលាយជាមួយទឹកឃ្មុំ ឬក្រូចឆ្មារក៏បានតាមចំនូលចិត្ត។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ សម្រាប់សុខភាព នៃការទទួលទានទឹកម្រះ ៖

១. ធ្វើឲ្យស្បែកមានពន្លឺ

ទឹកម្រះ មានអត្ថប្រយោជន៍ណាស់ សម្រាប់ស្បែករបស់អ្នក។ ការទទួលទានទឹកម្រះ ទៀងទាត់អាចជួយបំបាត់ អាចម៍រុយលើស្បែក និងជួយឲ្យស្បែកមានសភាពភ្លឺស្អាត។ វាថែមទាំងជួយ លាងសម្អាតជាតិពុលចេញពីរាងកាយ បានយ៉ាងល្អឥតខ្ចោះទៀតផង។

២. អាចជួយសម្រកទម្ងន់

ការទទួលទានទឹកម្រះ នៅរៀងរាល់ព្រឹក ឲ្យបានទៀងទាត់ ជាមួយនឹងពោះទទេរ គឺជាវិធីងាយស្រួលបំផុត សម្រាប់ធ្វើការសម្រកទម្ងន់។ វាជួយរឡលាយអាហារ ដែលមានសារជាតិកាបូអ៊ីដ្រាត បានយ៉ាងលឿន ហើយថែមទាំង ជួយបញ្ចេញសារធាតុមិនល្អក្នុងរាងកាយ បានតាមធម្មជាតិទៀតផង។

៣. ធ្វើឲ្យរាងកាយមានភាពត្រជាក់

ម្រះ មានផ្ទុកជាតិទឹកច្រើន ដែលអាចជួយរក្សារាងកាយទាំងមូលរបស់អ្នក ឲ្យត្រជាក់បាន។ នៅក្រោមកម្តៅថ្ងៃក្តៅ វាជាភេសជ្ជៈដ៏ល្អបំផុត សម្រាប់រក្សាសីតុណ្ហភាពរាងកាយ របស់អ្នក និងជួយបំពេញ នូវជាតិទឹកដែលបានបាត់បង់ ដោយសារបែកញើសទៀតផង។

៤. ជួយកាត់បន្ថយស្រ្តេស

ស្រ្តេស បានក្លាយជាបញ្ហាទូទៅ របស់មនុស្សសឹងតែគ្រប់គ្នាទៅហើយ។ ប៉ុន្តែ អ្នកដឹងទេថា ទឹកម្រះ មានលក្ខណៈសម្បត្តិប្រឆាំង អារម្មណ៍មួម៉ៅ ឆាប់ខឹង និងប្រែជាធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លា ពីខាងក្នុងមកវិញតែម្តង។

៥. កាត់បន្ថយសម្ពាធឈាម

ការបរិភោគទឹកម្រះ អាចជួយកាត់បន្ថយ សម្ពាធឈាមរបស់អ្នក បានដោយធម្មជាតិ។ ហេតុនព ហើយអ្នកដែល ទទួលរងបញ្ហាមានសម្ពាធឈាមឡើងខ្ពស់ គួរតែទទួលទានទឹកម្រះឲ្យបានទៀងទាត់ ដើម្បីជួយដល់ការធ្លាក់ចុះ សម្ពាធឈាម។

៦. ជួយសុខភាពកោសិកា

ទឹកម្រះ សម្បូរទៅដោយជាតិវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកោសិកា ឲ្យចៀសពីការខូចខាតបាន និងថែមទាំងការពារប្រតិកម្មអុកស៊ីតកម្មលើ DNA ទៀតផង។ រីឯ ស័ង្កសី ដែកមានក្នុងទឹកម្រះ ក៏អាចជួយដល់សុខភាពកោសិការាងកាយ និងរក្សាកម្រិតអរម៉ូនបានប្រក្រតីផងដែរ៕ 

ប្រភព៖ Beauty Health Tips | Lookgood

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]