បរទេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបមួយត្រូវបានបែកធ្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីសកម្មភាព ឬទង្វើអសីលធម៌ព្រៃផ្សៃ របស់បុរសដែលជាអ្នកបុគ្គលិក មើលថែទាំអ្នកជំងឺ បានសម្លុតវាយធ្វើបាប ទៅលើស្រ្តីចំវ័យណាស់ជាអ្នកជំងឺម្នាក់ ស្ថិតក្នុងរូបភាពដែលមជ្ឈដ្ឋានទូទៅ មិនអាចទទួលយកបាន នូវទង្វើរបស់គាត់។ ជាហេតុធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម ស្ទើរតែទូទាំងប្រទេស ខឹងសម្បារនិងរិះគន់យ៉ាងខ្លាំង។

តាមរយៈវីដេអូឃ្លីប ដែលមានរយៈប្រមាណ១៨វិនាទី ដែលបានបង្ហាញឡើងនេះ គេឃើញថាលោកយាយចាស់ជរា ជាអ្នកជំងឺម្នាក់ដែលមានសភាព ទន់ខ្សោយខ្លាំងមែនទែន បានចុះមកអង្គុយនៅនឹងឥដ្ឋផ្ទាល់ ក្បែរគ្រែគេងរបស់គាត់ ស្ថិតក្នុងទឹកមុខភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីមានបុរសម្នាក់ ដែលគេស្គាល់ថាជាបុគ្គលិកបុរស មើលថែទាំអ្នកជំងឺ បានចូលមកនិយាយទៅកាន់គាត់ ក្នុងពាក្យសំដីគំរោះគំរើយ ជាមួយនឹងសកម្មភាពមិនគួរគប្បី បណ្តេញស្ត្រីចំណាស់រូបនោះ ឲ្យទៅសម្រាកនៅកន្លែងគ្រែរបស់គាត់វិញ។

ក្នុងនោះដែរ គេឃើញទៀតថា លោកយាយនោះភិតភ័យយ៉ាងខ្លាំង ហើយបានលើកដៃ រងមុខរបស់គាត់ជាមុន​ បន្ទាប់ពីឃើញថាបុរសព្រៃផ្សៃរូបនោះ លើកដៃប្រុងនឹងទះផ្ទៃមុខរបស់គាត់។  ក្រោយពីបុគ្គលិកប្រុសនោះ បានវាយទៅលើលោកយាយរងគ្រោះហើយនោះ គេឃើញទៀតថា លោកយាយរងគ្រោះបានរំកិលគូទនឹងកម្រាលឥដ្ឋ ដើម្បីធ្វើការផ្លាស់ទី  ហើយនៅតែត្រូវបុរសនោះ លើកដៃទះក្បាលទៀត។

គួរឲ្យដឹងទៀតថា វីដេអូឃ្លីបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតមានចំនួនអ្នកចុចចូលមើលដល់ទៅ ប្រមាណជាង ៥លានដងឯណោះ។  អ្នកនិយមលេងបណ្តាញសង្គមមួយចំនួន បានអះអាងថា វីដេអូឃ្លីបនេះ  ថតចេញពីតៃវ៉ាន់ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា វីដេអូឃ្លីបនេះមានប្រភពដើមចេញពីប្រទេសម៉ាឡេស៊ី។

ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ថា វីដេអូឃ្លីបនេះ ត្រូវបានថតចេញពីប្រទេសណា ឲ្យពិតប្រាកដនៅឡើយនោះទេ។

ទន្ទឹមនឹងនោះផងដែរ ក៏មានមតិមួយចំនួនចំពោះវីដេអូឃ្លីបនេះ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមដែរថា «ដៃរបស់ខ្ញុំញ័រអស់ហើយ ឯបេះដូងខ្ញុំវិញលោតយ៉ាងញាប់ៗ ពេលដែលទស្សនាវីដេអូឃ្លីបនេះ។ ខ្ញុំនឹកស្រមៃថាស្ត្រីចំណាស់ម្នាក់នោះ គឺប្រៀបបីដូចជាម្តាយរបស់ខ្ញុំម្នាក់ផងដែរ» ។ រីឯអ្នកផ្សេងទៀតសរសេរថា «អាមួយនេះមិនសមជាប្រុសទេ។ គួរតែផ្តល់មេរៀនឲ្យវាខ្លះទើបសម»

ចុះសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖ 

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]