ចិន៖ ពិតជាគួរឲ្យអាណិតអាសូរ ដល់ក្មេងស្រីតូចជនជាតិចិនម្នាក់ កើតមកទទួលរងភាពអយុត្តិធម៌ពីធម្មជាតិ ដែលតម្រូវឲ្យរូបនាង គ្មានដៃទាំងសងខាងដូចគេឯង។ ជាពិសេសត្រូវបានឪពុកម្តាយ បោះបង់ចោលតាំងពីនៅក្មេងវ័យថែមទៀត។

ជំនួសដោយការបាត់បង់ក្តីសង្ឃឹម និងភាពសោកសៅចំពោះក្មេងស្រីរូបនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រហូតពីមុនមកទល់បច្ចុប្បន្នក្មេងស្រីរូបនេះ ត្រូវបានឪពុកម្តាយថ្មីរបស់នាង ដែលរស់នៅរដ្ឋ Utah សហរដ្ឋអាមេរិក ទទួលយកទៅចិញ្ចឹម ធ្វើជាកូនជាចៅទាំងស្រលាញ់ និងផ្តល់ភាពកក់ក្តៅលើរូបនាងយ៉ាងខ្លាំងផងដែរ ជាហេតុធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម ជាច្រើនរាប់ពាន់នាក់ រំភើប និងរំជួលចិត្តយ៉ាងខ្លាំង ដោយសង្ឃឹមថាក្មេងស្រីដ៏សែនកំសត់រូបនេះ នឹងទទួលបានជីវិតថ្មីរស់នៅប្រសើរជាងមុន ថ្វីត្បិតតែនាងគ្មានដៃដូចគេយ៉ាងណាក៏ដោយ។

បើតាមប្រភពបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះថា Sophi Green ត្រូវបានទទួលយកមកចិញ្ចឹមដោយ នាង Christianne និងលោក Jeremy ក្នុងអំឡុងឆ្នាំ២០១០មកម្ល៉េះ បន្ទាប់ពីក្មេងស្រីរូបនេះត្រូវបាន ឪពុកម្តាយរបស់នាងបោះបង់ចោល តាំងពីនាងមានអាយុ២ឆ្នាំម៉្លេះ។ នោះក៏ដោយសារតែ Sophi នាងជាក្មេងស្រីដ៏សែនអភ័ព្វម្នាក់ កើតមកគ្មានដៃដូចគេឯង ហើយជើងខាងស្តាំរបស់នាងថែមទាំងមានបញ្ហា មិនមាំទាំថែមទៀតផង។ ពោល មកទល់ពេលនេះ Sophi នាងមានអាយុ ៧ឆ្នាំហើយ។

ថ្វីត្បិតតែ Sophi ជាក្មេងស្រីដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ខុសប្លែកពីមនុស្សឯទៀតក្តី ប៉ុន្តែបើនិយាយពីការរស់នៅរបស់នាងវិញ ក៏មានជីវិតរស់នៅបែបសាមញ្ញធម្មតា ដូចគេឯងផងដែរ។ Sophi អាចធ្វើសកម្មភាពប្រចាំថ្ងៃរបស់នាង បានដោយខ្លួនឯងរួមមាន ញ៉ាំអាហារ ធ្វើកិច្ចការសាលា ឬងូតទឹកជាដើម។

បើតាមការឲ្យដឹងពីសំណាក់ ឪពុកថ្មីដែលទទួលយកនាងទៅចិញ្ចឹមនេះ ក៏បានឲ្យដឹងដែរថា Sophi រៀនសម្របខ្លួនធ្វើអ្វីៗផ្សេងៗទៀត បានយ៉ាងច្រើនដោយខ្លួននាងផងដែរ។ លើសពីនេះនាងអាចសរសេរអក្សរ គូររូប និងផាត់ពណ៌ ដោយប្រើជើងរបស់នាងបានយ៉ាងល្អ។ ហើយនាងក៏អាចដុសធ្មេញ បោកគក់ និងកក់សក់បានដោយខ្លួននាងថែមទៀតផង។

គួរឲ្យដឹងដែរថា ថ្មីៗនេះ Sophi ក៏កំពុងតែចាប់ផ្តើមរៀនរាំរបាំនៅសាលារបស់នាងផងដែរ។

ជាមួយគ្នានេះដែរ  Sophi ក៏បានប្រាប់ដែរថា «រឿងដែលខ្ញុំពិបាកធ្វើបំផុតនោះ គឺរក្សាលំនឹងខ្លួនឯង។ មានពេលខ្លះខ្ញុំឈឺ (ជើង) ខ្ញុំយំ នៅពេលដែលខ្ញុំដួល ហើយវាពិតជាពិបាកណាស់» ។ ក្មេងស្រីរូបនេះបន្ថែមទៀតថា ថ្វីត្បិតតែវាមានការលំបាកក្តី ប៉ុន្តែនាងរីករាយនិងសប្បាយចិត្ត ក្នុងសិល្បៈរាំរបស់នាងយ៉ាងខ្លាំងផងដែរ ៕  

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]