ភ្នំពេញ៖ កាលពីវេលាយប់មិញ នៅក្នុងទំព័រហ្វេសបុក របស់ សហព័ន្ធកីឡាកបាល់ទាត់ជាតិកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹងមួយស្តីអំពី ការគោរពព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ មុននឹងការប្រកួតរវាង កម្ពុជា និងឡាវ ចាប់ផ្តើម។

យោងតាមសេចក្តីជូនដំណឹងនេះ សហព័ន្ធបានថ្លែងឲ្យដឹងថា «នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៦ ខាងមុននេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើការគោរពវិញ្ញាណក្ខន្ធសម្រាប់ខួប៤ឆ្នាំនៃការយាងចូលព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ មុនការចាប់ផ្ដើម» ។ 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានចេញផ្សាយសេចក្តីជូនដំណឹងនេះរួចមក ក៏មានអ្នកគាំទ្រភាគច្រើន បានសម្តែងនូវការពេញចិត្ត និងអរគុណដល់សហព័ន្ធផងដែរ ពីព្រោះនេះក៏ជាការសំណូមពររបស់បងប្អូនអ្នកគាំទ្រជាច្រើននាក់ផងដែរ។ មួយវិញទៀត ក៏មានមតិអ្នកគាំទ្រខ្លះបានសំណូមពរឲ្យដាក់ព្រះឆាយាល័ក្ខព្រះអង្គ ក្នុងអំឡុងពេលគោរពវិញ្ញាក្ខ័ន្ធ នៅផ្ទាំង LED ថែមទៀតផង។

គួរបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី១៥ ខែតុលា ក្នុងការប្រកួតរវាងកម្ពុជា និងឡាវ នៃវគ្គជម្រុះពានរង្វាន់ AFC Suzuki Cup ខាងមុខនេះ ក៏ជាថ្ងៃដែល ព្រះបាទសម្តេចនរោត្តមសីហនុ យាងចូលព្រះទីវង្គត កាលពី៤ឆ្នាំមុនផងដែរ ។ ដូច្នេះហើយដោយមានការសំណូមពរពីអ្នកគាំទ្រជាច្រើន ទើបសហព័ន្ធបានរៀបចំឲ្យមានការគោរពវិញ្ញានក្ខ័ន្ធ ដើម្បីរំលឹកដល់វិញ្ញានក្ខ័ន្ធ ព្រះអង្គ មុននឹងការប្រកួតចាប់ផ្តើម៕

ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ខាងមុខនេះ នៅវេលាម៉ោង ៦:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដូច្នេះសូមបងប្អូនដែលស្នេហាកីឡាបាល់ទាត់ ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិយើងទាំងអស់គ្នា៕ 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  FFC ដាក់​លក់​សំបុត្រ​ទស្សនា​វគ្គ​​ជម្រុះ AFF Suzuki Cup ជា​ផ្លូវ​ការ ។ គួររំលឹកផងដែរថា សំបុត្រទស្សនាការប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៥,១៨,២១ ខែ​តុលា​ខាង​មុខ​នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ និង​កីឡ​ដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន។

តម្លៃសំបុត្រចូលទស្សនាការប្រកួតម្ដងៗ ក្នុងរយៈពេល ៣ថ្ងៃខាងលើនេះ គឺរក្សាត្រឹម ១ម៉ឺនរៀល និង ៥ពាន់រៀលដដែល។ ចំពោះ​កម្ម​វិធី​ប្រកួត​របស់​ក្រុម​គោ​ព្រៃ​កម្ពុជា មាន​ដូច​ជា​ថ្ងៃ​ទី​១៥ ខែ​តុលា ប៉ះ​ឡាវ, ថ្ងៃ​ទី​១៨ ខែ​តុលា ប៉ះ​ប្រ៊ុយ​ណេ និង​ថ្ងៃ​ទី​២១ ខែ​តុលា ប៉ះ​ទីម័រ​ខាង​កើត ហើយ ៣ប្រកួតនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦៖៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិតំណាង ៤ប្រទេសខាងលើនេះ នឹងធ្វើការប្រកួតសន្សំពិន្ទុ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេ ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន AFF Suzuki Cup 2016 ដោយត្រូវចូលរួមជាមួយពូល B ខណៈក្រុមខ្លាំង ៣​ក្រុម​កំពុង​រង់​ចាំ គឺ​មាន​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]