នារីៗភាគច្រើនប្រាកដជាគិតថា មានតែក្នុងរឿងកុនទេ ដែលមានតូស្រីក្រោកមកមានសក់ស្អាត មិនរញ៉េរញ៉ៃនោះ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកអាចភ្ញាក់ពីគេងមក ជាមួយនឹងសក់ដែលមានសុខភាពល្អ មិនគួរឲ្យជឿ ដោយគ្រាន់តែផ្លាស់ប្តូរទម្លាប់មួយចំនួន មុនពេលចូលគេងប៉ុណ្ណោះ។

ជឿទេថា សក់របស់អ្នក នឹងប្រែដូចជាសក់ ដែលផ្សាយពាណិជ្ជកម្មសាប៊ូកក់សក់យ៉ាងអញ្ចឹង ដោយគ្រាន់តែសាកល្បង វិធីសាស្រ្តមួយចំនួន ខាងក្រោមនេះ ៖ 

១. ក្រងសក់

អ្នកត្រូវតែក្រងសក់របស់អ្នក មុនពេលចូលគេង ដើម្បីការពារ សក់កុំឲ្យរញ៉េរញ៉ៃ និងសំពីងសំពោង ដែលបង្កឡើងដោយកម្រាលគ្រែ។ ការដែលអ្នកក្រងសក់ ក៏អាចការពារសក់អ្នក មិនឲ្យដាច់ជំពាក់ផងដែរ។ អ្វីដែលអ្នកត្រូវតែចងចាំនោះគឺ អ្នកអាចក្រងបានតែពេល សក់ស្ងួត ឬសើមតិចៗប៉ុណ្ណោះ។

ប្រសិនបើអ្នកមានសក់ត្រង់ស្រាប់ អ្នកអាចក្រងបែបធម្មតាបានហើយ។ សម្រាប់ អ្នកដែលមានសក់រួញ អ្នកគួរក្រងបែបរមូរ។ ប៉ុន្តែ ទោះជាអ្នកក្រងសក់បែបណា ឬម៉ូតណាក៏ដោយ ក៏អ្នកមិនត្រូវក្រង តឹងពេកឡើយ។

២. ផ្លាស់ប្តូរកម្រាលគ្រែ

ការគេងលើកម្រាលគ្រែ និងស្រោមខ្នើយប្រភេទ “សាច់ក្រណាត់សូត្រ” អាចកាត់បន្ថយការកកិត ដែលអាចបណ្តាលឲ្យសក់របស់អ្នកខូច បែកចុង និងជ្រុះបាន។ សាច់ក្រណាត់សូត្រ និងសាច់ក្រណាត់រលោងហើយភ្លឺ សុទ្ធតែអាចជួយដល់អ្នក ដែលមានបញ្ហាសក់រួញ ប្រែមកជាមានសុខភាពល្អវិញបាន។ សាកផ្លាស់ប្តូរទៅ! អ្នកនឹងមិនខកបំណងឡើយ!

មួយវិញទៀត អ្នកអាចរុំ សក់របស់អ្នក ជាមួយនឹងកន្សែងសូត្រក៏បាន មុនពេលចូលគេងក៏បាន ដើម្បីកុំឲ្យសក់របស់អ្នក ក្លាយទៅជាសំពីងសំពោង។ 

៣. ប្រេងដូង

នេះជាវិធីមួយដ៏ងាយស្រួល ដោយគ្រាន់តែអ្នកបន្តក់ ២ ទៅ ៣ តំណក់ នៅលើសរសៃសក់ប៉ុណ្ណោះ។ វាអាចជួយឲ្យសក់របស់អ្នក មិនសំពីងសំពោង និងថែមទាំងធ្វើឲ្យសក់ របស់អ្នកប្រែជាមានភាពភ្លឺ រលើបរលោងទៀតផង។ ប៉ុន្តែ អ្នកត្រូវចងចាំថា អ្នកអាចប្រើប្រាស់ប្រេងដូង ក្នុងបរិមាណតិចតូចបំផុត និងមិនត្រូវឲ្យប៉ះ ដល់ស្បែកក្បាលឡើយ។

៤. ប្រទាលកន្ទុយក្រពើ

វិធីបែបធម្មជាតិងាយងាយៗមួយផ្សេងទៀតនេះ គឺអ្នកគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើ ជាមួយទឹក (ទឹកញ៉ាំបាន) រូចរក្សាវាទុក ក្នុងដប spray ណាមួយ។ នៅមុនពេលអ្នកចូលគេង អ្នកគ្រាន់តែយកវាមកបាញ់ ពីលើសក់ជាការស្រេច។ ប្រទាលកន្ទុយក្រពើ គឺជាឱសថធម្មជាតិល្អបំផុត សម្រាប់ផ្តល់សំណើមសក់ និងការពារកណ្តាញ់ សំពីងសំពោង បានយ៉ាងមានប្រសិទ្ធភាព។ 

៥. ប្រើគ្រឿងសម្អាងថែរក្សាសក់

អ្នកអាចប្រើប្រាស់ ប្រេងលាបសក់ ឬផលិតផលថែរក្សាសក់ដទៃទៀត លើសក់ដែលខូចរបស់អ្នក មុនពេលចូលគេង ជារឿងដែលល្អបំផុត។ បន្ទាប់មក កុំភ្លេចក្រងសក់របស់អ្នក រូចយកកន្សែងណាមួយ មករុំឲ្យជិត ហើយចូលគេងចុះ។ នៅពេលព្រឹក បន្ទាប់ពីអ្នកក្រោកឡើង អ្នកត្រូវចាក់សាប៊ូកក់សក់ លើក្បាលរបស់អ្នក ទាំងមិនទាន់ទទឹក រួចចាំចូលទៅលាងសម្អាត។ អ្នកនឹងឃើញលទ្ធផល មិនគួរឲ្យជឿជាក់ជាមិនខាន។

៦. ប្រើផលិតផលកូនក្មេង

ផលិតផលរបស់ទារក មានគ្រឿងផ្សំពីធម្មជាតិ និងជួនកាលមានប្រសិទ្ធភាព ជាងផលិតផល ដែលផលិតសម្រាប់ មនុស្សពេញវ័យទៅទៀត។ អ្នកអាចប្រើសាប៊ូកក់សក់កូនក្មេង និងប្រើប្រេងលាបសក់ទារក លើចុងសរសៃសក់របស់អ្នក មុនពេលចូលគេង។ អ្នកនឹងទទួលបានសក់ ដ៏ទន់អស្ចារ្យ និងមានក្លិនដូចជាកូនក្មេង ជាមិនខាន។ 

៧. បូងសក់

ប្រសិនបើសក់របស់អ្នកវែង អ្នកអាចបួងសក់ ជំនួសការក្រងសក់ក៏បាន។ ដំបូង អ្នកគ្រាន់តែចងសក់កន្ទុយសេះ ទៅក្រោយឲ្យធូរ រូចលើកបួងឡើងទៅលើ។ នៅពេលដែលអ្នកក្រោកពីដំណេក សក់របស់អ្នកនឹងមិនរញ៉េរញ៉ៃ សំពីងសំពោង ហើយថែមទាំង មានសភាពភ្លឺរលោងទៀតផង។

៨. ប្រើឡេលាបស្បែក

ត្រឹមតែឡេលាបស្បែក មួយតំណក់ ក៏អាចចិញ្ចឹមសរសៃសក់ របស់អ្នកនៅពេលកំពុងគេងបានដែរ។ អ្នកគ្រាន់តែច្របាច់ឡេលាបខ្លួនបន្តិច មកត្រដុសពាសពេញបាតដៃ រួចយកទៅញី សរសៃសក់របស់អ្នក ជាពិសេស ផ្នែកចុងសក់។ បន្ទាប់មក សិតសក់របស់អ្នក ហើយចូលគេង ជាការស្រេច។ 

៩. ម្សៅកូនក្មេង

តើអ្នកដឹងទេថា ប្រសិនបើអ្នកចង់បានសក់រួញ បែបទឹករលកនោះ វាជាការងាយស្រួលបំផុត។ អ្នកគ្រាន់តែរោយម្សៅលាបខ្លួនកូនក្មេងលើ គល់សក់របស់អ្នក ដើម្បីកម្ចាត់នូវជាតិខ្លាញ់។ បន្ទាប់មកសិតសក់របស់អ្នក រូចក្រងតាមធម្មតា។ នៅពេលព្រឹកឡើង អ្នកនឹងទទួលបាន សក់រួញ បែបទឹករលក ដូចជាតារាហូលីវូដមិនខាន។

១០. ស្រោមជើងនីឡុង (ស្រោមបារ)

តិចនិចមួយនេះ ធានាថា នៅពេលដែលអ្នកក្រោកពីគេងឡើង នឹងសង្កេតឃើញសក់របស់អ្នកទន់ និងរលោងជាមិនខាន។ ដំបូង អ្នកគ្រាន់តែសិតសក់ឲ្យស្អាត និងបូងឡើងទៅលើ រូបយកស្រោមជើង ឬ ស្រោមបារស្អាត មកពាក់ (អ្នកអាចគាប ដង្គៀបខ្មៅ បន្ថែមក៏បាន)។ លាហើយ សក់កណ្តាញ់ រញ៉េរញ៉ៃ! 

១១. មិនត្រូវប្រើដង្កៀបចងសក់ដែកទេ

អ្នកមិនត្រូវប្រើដង្កៀបណាមួយ ដែលធ្វើឡើងពីដែកទេ ដោយសារតែវាអាច ធ្វើឲ្យខូចសរសៃសក់របស់អ្នកបាន។ ហេតុនេះ អ្នកគួរតែប្រើដង្កៀបជ័រ ឬប្រើកៅស៊ូក្រណាត់ណាមួយជំនួសវិញ ទើបជាការល្អ។ ជាពិសេស មិនត្រូវចងតឹងពេកឡើយ។

១២. កុំចូលគេងទាំងសក់នៅសើម

ពេលយប់ ជាពេលល្អបំផុត សម្រាប់កក់សក់។ ប៉ុន្តែ កំហុសធ្ងន់បំផុតនោះគឺ អ្នកចូលគេងទាំងសក់នៅសើមនៅឡើយ។ ជាងនេះទៅទៀត អ្នកមិនត្រូវសិតសក់ នៅពេលដែលវាកំពុងតែសើមនោះទេ។ ចំនុចដែលត្រូវចងចាំបន្ថែមទៀតនោះគឺ អ្នកមិនត្រូវយកកន្សែងមកញីសក់ឲ្យស្ងួតនោះទេ អ្នកត្រូវទុកវាឲ្យស្ងួតដោយខ្លួនឯង ទើបជាការល្អ៕ 

ប្រភព៖ Bright Side | Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]