អឺរ៉ុប៖ ក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីយប់មិញ ក្រុមតោកំណាចអង់គ្លេស ដែលដឹកនាំគ្រូបង្វឹកលោក Gareth Southgate ធ្វើមិនបានល្អសោះក្នុងការប្រកួត ពោលគឺបានត្រឹមស្មើគ្នា ០-០ ជាមួយក្រុមជម្រើសជាតិ ស្លូវ៉ានី ។ ចំនែកឯ ម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់វិញ នៅតែបន្តឈ្នះលើគូប្រកួត ដោយមិនទាន់មានក្រុមណាស៊ុតបញ្ចូលទី អាល្លឺម៉ង់បាននៅឡើយទេ។

ទាក់ទងនឹងការប្រកូតរវាង អង់គ្លេស និង ស្លូវ៉ានី កាលពីយប់មិញ សង្កេតឃើញថា កីឡាករ Wayne Rooney មិនបានជាប់ក្នុងជម្រើស១១នាក់ របស់ក្រុមទេ ដោយបានត្រឹមប្តូរលេងនៅតង់ទី២តែប៉ុណ្ណោះ ហើយមួយវិញទៀត Rooney ក៏បានបាត់បង់នូវតំណែងប្រធានក្រុមផងដែរ ដោយត្រូវបានជំនួសវិញដោយកីឡាករ Jordan Henderson របស់ក្លិប Liverpool។ នៅក្នុងការប្រកួត ក្រុមទាំង២ សុទ្ធតែមានប្រៀបលើគ្នាទៅវិញទៅមក ប៉ុន្តែគ្មានសំណាងស៊ុតបញ្ចូលទីគ្នា ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០ ។ 

ក្រឡេកមកមើលការប្រកួតក្នុងពូលC វិញម្តង ដែលអាល្លឺម៉ង់ នៅតែបន្តឈរលើកំពូលតារាងក្រោយពីយកឈ្នះលើក្រុមជម្រើសជាតិ អៀរឡង់ខាងជើង ក្នុងលទ្ធផល ២-០ ។ ២គ្រាប់របស់អាល្លឺម៉ង់ កាលពីយប់មិញធ្វើឡើងដោយកីឡាករ Julian Draxler មួយគ្រាប់ និងកីឡាករ Sami Khedira មួយគ្រាប់ ដែល២គ្រាប់នេះសុទ្ធតែកើតឡើងក្នុងតង់ទី១ទាំងអស់។ ចំនែកឯតង់ទី២វិញ អាល្លឺម៉ង់ក៏បានព្យាយាមបន្ថែមគ្រាប់បាល់ផងដែរ ប៉ុន្តែមិនបានសម្រេច ធ្វើឲ្យលទ្ធផល ២-០ រក្សារហួតដល់បញ្ចប់ការប្រកួត។

គួរបញ្ចាក់ផងដែរថា ៣ប្រកួតចុងក្រោយរបស់អាល្លឺម៉ង់ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ សូម្បីតែ១គ្រាប់ ក៏អាល្លឺម៉ង់មិនទាន់មានក្រុមណាស៊ុតចូលបានដែរ ពោលគឺ ៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុ ស៊ុតចូលគេសរុប៨គ្រាប់ គេស៊ុតចូលវិញ០គ្រាប់ ៕  

ទស្សនាវីដេអូ Highlights៖

ប្រភព៖ Dailymail | Mirror 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]