ចិន៖  កុមារី អាយុទើបតែ ៩ឆ្នាំម្នាក់ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្មេងស្រីរូបនេះ បានសរសេរសំណេរមួយឃ្លា បរិយាយពីលោកយាយជាទីស្រលាញ់របស់នាង កាលពីអំឡុងទិវាឈប់សម្រាកជាតិមួយ (National Day Holiday) ដែលធ្វើឲ្យមនុស្សគ្រប់គ្នា នឹកស្មានមិនដល់ពីទឹកចិត្ត ដ៏ប្រពៃដែលក្មេងស្រីនេះមាននោះឡើយ។

កុមារី Jiaxin អាយុ៩ឆ្នាំ រស់នៅក្នុងទីក្រុង Suining ខេត្ត Sichuan ភាគនីរតីនៃប្រទេសចិន គឺជាសិស្សម្នាក់ដែលមើលទៅមិនខុសគ្នាប៉ុន្មាន ពីកូនសិស្សដ៏ទៃទៀតនៅក្នុងថ្នាក់រៀនរបស់នាងឡើយ។ ប៉ុន្តែនាងគឺក្មេងស្រីម្នាក់ ដែលកំពុងតែជួបបញ្ហា  និងវិបត្តិជាច្រើននៅក្នុងគ្រួសារ ដែលមនុស្សពេញវ័យមួយចំនួន ក៏កំពុងតែជួបប្រទះ ហើយទាមទារការតស៊ូជំនះដូចជានាងផងដែរ។

នៅសាលារបស់នាង នាងបានសរសេរសំណេរមួយច្បាប់ ដែលផុសចេញពីគំនិតរបស់នាងផ្ទាល់តែម្តង ទាក់ទងទៅនឹងភាពលំបាកលំបិនជាច្រើន ដែលលោកយាយរបស់នាង បានពុះពាររាល់គ្រប់ឧបសគ្គ និងខំតស៊ូធ្វើការងារសព្វគ្រប់បែបយ៉ាង ដើម្បីមើលថែទាំនាង ព្រោះនាងគឺជាចៅស្រីតែម្នាក់គត់ ដែលសំខាន់បំផុតសម្រាប់គាត់។

Jiaxin ដឹងយ៉ាងច្បាស់ថា នៅថ្ងៃណាមួយនឹងដល់វេនរបស់នាង ត្រូវមើលថែទាំ  យកចិត្តទុកដាក់ លើលោកយាយរបស់នាងវិញ នៅពេលដែលគាត់កាន់តែចាស់ទៅ ប្រៀបបីដូចពេលនេះលោកយាយរបស់នាង កំពុងតែមើលថែទាំនាងយ៉ាងដូច្នោះដែរ។

ជាមួយគ្នានេះដែរ បន្ទាប់ពីការរៀបរាប់ត្រួសៗ ពីភាពលំបាកលំបិនរបស់ជីដូនរបស់នាងហើយនោះ ក្នុងសេចក្តីសំណេររបស់ក្មេងស្រីរូបនេះ បានរំលេចឡើងទៀតថា៖ «នៅពេលដែលខ្ញុំឃើញលោកយាយរបស់ខ្ញុំ សម្រក់ទឹកភ្នែកដោយសារតែ ជំងឺរបស់ខ្ញុំនោះ ខ្ញុំមានអារម្មណ៍ថាឈឺចាប់ និងពិបាកចិត្តជាទីបំផុត។ ប្រសិនណាបើខ្ញុំនៅមានជីវិតរស់នៅបន្តទៀតនោះ ខ្ញុំនឹងបំពេញកាតព្វកិច្ច ធ្វើជាចៅស្រីដ៏ល្អបំផុតម្នាក់ ដើម្បីមើលថែទាំលោកយាយរបស់ខ្ញុំវិញ នៅពេលដែលខ្ញុំធំឡើង»

មួយឃ្លារបស់កុមារី Jiaxin នេះហើយ បានធ្វើឲ្យអ្នកនិយមលេងអីុនធឺណែត និងប្រជាជនចិនជាច្រើនផ្សេងទៀត ចាត់ទុកថា វាគឺជាសំណេរមួយ ដែលបានសរសេររៀបរាប់ យ៉ាងក្រៀមក្រំជាទីបំផុត នៅលើទំព័រសន្លឹកសៀវភៅ ដែលពួកគេមិនធ្លាប់បានឃើញវាពីមុនមកនោះឡើយ។ ជាហេតុធ្វើឲ្យពួកគេរំជួលចិត្តយ៉ាងខ្លាំង នូវអ្វីដែលកុមារីវ័យក្មេងរូបនេះ បានសរសេរឡើង ជាមួយនឹងភាពសោកសៅរបស់នាង។

គួរឲ្យដឹងដែរថា កុមារីដ៏សែនអភ័ព្វ Jiaxin នេះកើតមកមានជំងឺម្យ៉ាង (Deficiency) នៅក្នុងមាត់របស់នាង ហើយក្រោយមកនៅពេលដែលនាង អាយុបាន១ខួប បានធ្វើរោគវិនិច្ឆ័យ  រកឃើញថា ក្មេងស្រីកំសត់នេះ កើតមានជំងឺកង្វះឈាមក្រហមទៀតផង។ ហើយអ្វីដែលធ្វើឲ្យកុមារី Jiaxin កាន់តែទទួលរងសម្ពាធ កាន់តែធ្ងន់ធ្ងរទៅទៀតនោះ គឺថានាងឈឺស្របពេលដែល ឪពុកម្តាយរបស់នាងបានលែងលះគ្នា បន្ទាប់ពីឪពុករបស់នាងបានបង្កជម្លោះ វាយតបគ្នាជាមួយនឹងអ្នកដទៃ រហូតឈានដល់ការចាប់ខ្លួន ដាក់ពន្ធធនាគារថែមទៀតផង។

ចាប់តាំងពីពេលនោះមក ធ្វើឲ្យជីវិតរបស់នាង បាត់បង់ការស្រលាញ់ ភាពកក់ក្តៅ ការយកចិត្តទុកដាក់ថែទាំ ពីសំណាក់ឪពុកម្តាយ សន្សល់ត្រឹមតែទុក្ខសោក និងភាពក្រៀមក្រំដល់អ្នកគ្រប់គ្នាក្នុងគ្រួសារ។ ប៉ុន្តែទោះជាយ៉ាងណាក្តី Jiaxin នៅមានលោកយាយជាទីស្រលាញ់របស់នាងម្នាក់ផងដែរ ដែលតែងតែនៅក្បែរមើលថែទាំរូបនាងរហូតមក ហើយក៏ជាជំហរដ៏រឹងមាំមួយក្នុងគ្រួសារ និងសឹងតែគ្មាននរណាម្នាក់ ហ៊ានលះបង់ដូចជីដូនរបស់នាង ម្នាក់នេះឡើយ។

ប្រភពបានឲ្យដឹងដែរថា អស់រយៈជាង៩ឆ្នាំកន្លងមកនេះ លោកយាយរបស់ Jiaxin ដែលមានឈ្មោះថា Jiang Quanfang គឺរូបគាត់បានខិតខំធ្វើការងារ យ៉ាងសស្រាក់សស្រាំ សព្វគ្រប់បែបយ៉ាងតាមតែ រូបគាត់អាចធ្វើបាន ដើម្បីសន្សំលុយសម្រាប់ចំណាយ លើថ្លៃសិក្សារបស់ចៅស្រីរបស់គាត់ និងសល់លុយមួយចំនួនទៀត ដែលរកបាននោះ ដើម្បីនាំចៅស្រីជាទីស្រលាញ់ ទៅព្យាបាលជំងឺផងដែរ។

បើតាមការឲ្យដឹង ពីលោកយាយ Jiang Quanfang បានរៀបរាប់ប្រាប់ថា «ខ្ញុំធ្វើការងារគ្រប់បែបយ៉ាង ដើម្បីសន្សំប្រាក់ទុក ហើយខ្ញុំក៏មិនដឹងថាចៅស្រីជាទីស្រលាញ់របស់ខ្ញុំ Jiaxin អាចរស់នៅដល់ពេលណានោះឡើយ។ ពួកយើងបានយកប្រាក់ដែលសន្សំបាន មួយកាក់មួយសេន ដើម្បីតែចំណាយលើថ្លៃថ្នាំព្យាបាល របស់នាងតែប៉ុណ្ណោះ។ ហើយកន្លងមក លោកតារបស់នាង ក៏បានទិញកង់មួយគ្រឿង សម្រាប់ដឹកជញ្ជូនទំនិញបន្តិចបន្តួច គ្រាន់បានប្រាក់ចំណូលបន្ថែម មួយផ្នែកទៀតផងដែរ»

ដោយឡែក បើនិយាយពីកុមារី Jiaxin វិញ ថ្វីត្បិតតែនាងមានជំងឺជាច្រើន បូករួមជាមួយនឹងវិបត្តិទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងណាក្តី ក៏ក្មេងស្រីម្នាក់នេះនៅតែតស៊ូក្នុងជីវិតរបស់នាង និងខិតខំ ប្រឹងប្រែងរៀនសូត្រនៅសាលារបស់នាងយ៉ាងខ្លាំងផងដែរ រហូតទទួលបានការ កោតសសើរពីសំណាក់ អ្នកគ្រូបន្ទុកថ្នាក់ Wenya របស់នាងថែមទៀតផង។

អ្នកគ្រូរបស់នាង មានប្រសាសន៍ថា «នៅក្នុងថ្នាក់ Jiaxin នាងឧស្សាហ៍ឈឺរាល់តែពេលហ្នឹង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នាងនៅតែជំនះខំប្រឹងបើកភ្នែករបស់នាង រៀនរហូតទាល់តែចប់ម៉ោងផងដែរ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]