តើទន្តបណ្ឌិតរបស់អ្នក ធ្លាប់ប្រាប់ថា អ្នកត្រូវព្យាបាលសរសៃឬសធ្មេញដែរឬទេ?

តើអ្នកដឹងទេថា ជារៀងរាល់ឆ្នាំ ធ្មេញរាប់លានត្រូវបានព្យាបាល និងសង្រ្គោះដោយការព្យាបាល សរសៃឬសធ្មេញ (Root canal treatment)?

ខាងក្រោមនេះ គឺជាចំណេះដឹងពីការព្យាបាលរន្ធឬសធ្មេញ៖

១. តើសរសៃឬសធ្មេញជាអ្វី? 

សរសៃឬសធ្មេញ ជាជាលិកាទន់ដែលស្ថិតនៅក្នុងធ្មេញ ក្រោមស្រទាប់កាចា និងភ្លុកធ្មេញ។ សរសៃឬសធ្មេញ ផ្ទុកទៅដោយសរសៃឈាម សរសៃប្រសាទ និងជាលិកាចងភ្ជាប់ (ធ្មេញជាមួយនឹងឆ្អឹងរណ្តៅធ្មេញ) សម្រាប់ជួយឲ្យធ្មេញលូតលាស់ពេញលេញក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍។ ធ្មេញត្រូវបានសង្រ្គោះ ដោយជាលិកាជុំវិញនាំយកនូវសារធាតុចិញ្ចឹម មកផ្គត់ផ្គង់ទោះជាគ្មានសរសៃឬសធ្មេញ ក៏ដោយ។

២. តើការព្យាបាល សរសៃឬសធ្មេញធ្វើឲ្យការឈឺធ្មេញបាត់ទៅវិញយ៉ាងដូចម្តេច?
ការព្យាបាលសរសៃឬសធ្មេញ ត្រូវបានធ្វើឡើងនៅក្នុងធ្មេញ។ ការព្យាបាល មានសារៈសំខាន់ណាស់ ពេលដែលសរសៃឬសធ្មេញត្រូវរលាក ហើម ឬឆ្លងរោគ។ ការរលាក ហើម ឬឆ្លងរោគ បណ្តាលមកពីមូលហេតុផ្សេងៗគ្នាដូចជា៖

• ធ្មេញពុកជ្រៅខ្លាំងប៉ះពាល់ដល់សរសៃធ្មេញ
• ការស្រោបធ្មេញមិនត្រឹមត្រូវ ដែលធ្វើឲ្យជ្រាបទឹក
• ការប៉ះទង្កិចខ្លាំង ប្រេះបែក ប៉ះពាល់ដល់ប្រអប់សរសៃប្រសាទធ្មេញ
• មូលហេតុផ្សេងៗណា ដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់សរសៃឬសធ្មេញ ទោះជាធ្មេញគ្មានការបាក់បែកក៏ដោយ
• ការរលាកសរសៃឬសធ្មេញ និងឆ្លងមេរោគដែលមិនបានព្យាបាល វានឹងបង្កឲ្យមានការឈឺចាប់ និងមានបូសខ្ទុះក្នុងអញ្ចាញធ្មេញ។

ក្នុងកំឡុងពេលនៃការព្យាបាល សរសៃឬសធ្មេញរលាក និងរលួយត្រូវបានយកចេញ ហើយប្រហោងខាងក្នុងធ្មេញត្រូវបានលាងសំអាត និងសម្លាប់មេរោគ ព្រមទាំងត្រូវបិតបំពេញដោយសម្ភារៈម្យ៉ាងដែលហៅថា Gutta-Percha។

បន្ទាប់ពីនោះ ធ្មេញត្រូវប៉ះ បិតបំពេញ ឬស្រោបការពារ។

៣. តើការព្យាបាល សរសៃឬសធ្មេញមានប្រយោជន៍អ្វីខ្លះ?
ការព្យាបាលសរសៃឬសធ្មេញ ផ្តល់នូវអត្ថប្រយោជន៍ដូចជា៖
− ជួយថែរក្សាធ្មេញធម្មជាតិរបស់អ្នក
− ជួយថែរក្សាភាពដើមនៃមុខងារទំពាររបស់ធ្មេញ
− ជួយរក្សាភាពដើមនៃកម្លាំងសង្កត់ និងភាពញាណដឹង
− ជួយការពារធ្មេញផ្សេងៗ ពីការពាក់ស្រោប ឬទាញបញ្ចូល។

ដូចនេះដើម្បីថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ លោកអ្នកគួរតែចំណាយពេលវេលា ជួបជាមួយទន្តបណ្ឌិត ដើម្បីធ្វើការពិនិត្យជារៀងរាល់ ៦ខែម្តង៕

រៀបរៀង និងកែសម្រួលដោយ ទន្តបណ្ឌិត អ៊ុច បូផល

មន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]