(ភ្នំពេញ)៖ សំបុត្រទស្សនាការប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៥,១៨,២១ ខែ​តុលា​ខាង​មុខ​នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ និង​កីឡ​ដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន។

តម្លៃសំបុត្រចូលទស្សនាការប្រកួតម្ដងៗ ក្នុងរយៈពេល ៣ថ្ងៃខាងលើនេះ គឺរក្សាត្រឹម ១ម៉ឺនរៀល និង ៥ពាន់រៀលដដែល។ ចំពោះ​កម្ម​វិធី​ប្រកួត​របស់​ក្រុម​គោ​ព្រៃ​កម្ពុជា មាន​ដូច​ជា​ថ្ងៃ​ទី​១៥ ខែ​តុលា ប៉ះ​ឡាវ, ថ្ងៃ​ទី​១៨ ខែ​តុលា ប៉ះ​ប្រ៊ុយ​ណេ និង​ថ្ងៃ​ទី​២១ ខែ​តុលា ប៉ះ​ទីម័រ​ខាង​កើត ហើយ ៣ប្រកួតនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦៖៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិតំណាង ៤ប្រទេសខាងលើនេះ នឹងធ្វើការប្រកួតសន្សំពិន្ទុ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេ ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន AFF Suzuki Cup 2016 ដោយត្រូវចូលរួមជាមួយពូល B ខណៈក្រុមខ្លាំង ៣​ក្រុម​កំពុង​រង់​ចាំ គឺ​មាន​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ ។ គួររំលឹកផងដែរថា ការលេងប្រកបដោយស៊ីសង្វាក់គ្នា និងគ្រប់គ្រងបាល់រហូតដល់ ៦២ភាគរយ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា យកឈ្នះក្រុមភ្ញៀវស្រីលង្កា ៤-០ ក្នុងមិត្តភាពអន្តរជាតិ។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីអាទិត្យ ទី០៩ ខែតុលានេះ ក្រុមកីឡាករកម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាផ្ទាល់ប្រមាណ ៥ម៉ឺនអស់សង្ឃឹមឡើយ ដោយបានបំបែកសំណាញ់ទីស្រីលង្កា ២-០ ក្នុងវគ្គទី១ នៅនាទីទី២ និងនាទីទី៤១ ដោយកីឡាករ ស្រឿយ វិសាល និង ធារី ចន្ថាប៊ីន ដោយតែតបញ្ចូលទីដូចគ្នា។

កម្ពុជា នៅតែបន្តដាក់សម្ពាធទៅលើក្រុមដែលស្ថិតក្នុងទ្វីបអាស៊ីដូចគ្នាស្រីលង្កាដដែលក្នុងវគ្គទី២ រហូតរកបាន២គ្រាប់ទៀត នៅនាទីទី៦៩ និងនាទីទី៩០ ពីការស៊ុតបញ្ចូលទីដោយកីឡាករ កែវ សុខផេង ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នា ជាខ្លាំងរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

នេះជាមិត្តភាពអន្តរជាតិចុងក្រោយរបស់កម្ពុជា ដែលត្រៀមប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នៅពហុកីឡដ្ឋានជាតិនាថ្ងៃទី១៥ តុលា ដោយត្រូវជួបឡាវ ប្រ៊ុយណេ និងទីម័រខាងកើត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]